អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ បានត្រឡប់ទៅកាន់ពន្ធនាគារវិញហើយ នៅថ្ងៃទី ២ ខែវិច្ឆិកា ក្រោយតុលាការកំពូលកូរ៉េខាងត្បូង សម្រេចឲ្យលោកអនុវត្តទោសដាក់គុក១៧ឆ្នាំក្នុងរឿងក្តីពុករលួយ។ លោក លី បាននៅក្រៅឃុំតាំងពីខែកុម្ភៈ ដើម្បីប្ដឹងប្រឆាំងការសម្រេចចិត្តរបស់តុលាការឧទ្ធរណ៍ដែលបដិសេធការសុំនៅក្រៅឃុំរបស់លោក។
លោក លី ម្យុងបាក់ បានចាកចេញពីលំនៅដ្ឋានលោកក្នុងភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល ដោយជិះក្នុងរថយន្តពណ៌ខ្មៅមួយគ្រឿង កាត់មុខអ្នកកាសែតយ៉ាងច្រើន ក៏ដូចជាអតីតទីប្រឹក្សាលោក ដែលបានឈរចាំនៅមុខផ្ទះលោក ។ ប៉ុន្តែលោក លី អត់បាននិយាយអ្វីឡើយ ហើយគេក៏មិនអាចមើលឃើញលោកដែរ ព្រោះតែកញ្ចក់ឡានលោកខ្មៅងងឹតពេក។
លោក លី ដែលកាន់តំណែងប្រធានាធិបតីកូរ៉ខាងត្បូងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ត្រូវបានគេដឹកទៅកាន់ការិយាល័យរដ្ឋអាជ្ញាក្រុងសម្រាប់ចុះឈ្មោះសិន មុនពេលផ្ទេរទៅកាន់គុកមួយកន្លែងក្នុងភាគខាងកើតទីក្រុងសេអ៊ូល។ ដោយធ្លាប់បានដេកគុកអស់១ឆ្នាំហើយនោះ ក្រោយត្រូវចាប់ខ្លួនកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ ទោសរបស់លោកដែលត្រូវអនុវត្ត នៅសល់តែ១៦ឆ្នាំទៀតប៉ុណ្ណោះ។
ប្រសិនបើគ្មានការលើកលែងទោស ឬដោះលែងមុនកំណត់ក្រោមលក្ខខណ្ឌណាមួយទេនោះ អតីតប្រធានាធិបតីវ័យ ៧៨រូបនេះ នឹងមិនអាចចាកចេញពីគុក រហូតដល់ឆ្នាំ ២០៣៦ ដែលពេលនោះ លោកមានអាយុ ៩៥ឆ្នាំ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap លោក លី នឹងត្រូវដេកក្នុងបន្ទប់១៣ម៉ែត្រការ៉េមួយ ដែលជាធម្មតាដាក់អ្នកទោស ៦ ឬ ៧នាក់ ហើយក្នុងបន្ទប់នោះមានសម្ភារ ដូចជា ទូរទស្សន៍មួយគ្រឿង ពូកមួយ បង្គន់ និងតុដាក់អីវ៉ាន់មួយ។ ដោយសារវ័យជរា និងធ្លាប់ជាអតីតមេដឹកនាំកំពូលរបស់ប្រទេស មន្ត្រីយាមគុកម្នាក់ នឹងទទួលខុសត្រូវតាមដានសុខភាពលោក លី ២៤ម៉ោងពេញ។
កាលពីសប្ដាហ៍មុន តុលាការកំពូលកូរ៉េខាងត្បូង សម្រេចអនុវត្តការកាត់ទោសលោកឲ្យជាប់គុក១៧ឆ្នាំ ក្នុងបទចោទកេងប្រវ័ញ្ចលុយ ២២លានដុល្លារ និងស៊ីសំណូកលុយជាង៨លានដុល្លារ ។ លោក លី ត្រូវបានកាត់ទោសឲ្យជាប់គុក ១៥ឆ្នាំក្នុងខែតុលាឆ្នាំ២០១៨ ដោយតុលាការឧទ្ធរណ៍។ លោក លី ត្រូវបានសម្រេចឲ្យនៅក្រៅឃុំ៥ខែក្រោយ ក្រោមហេតុផលបញ្ហាសុខភាព។ ប៉ុន្តែលោកត្រលប់ចូលគុកជាថ្មី ក្នុងខែកុម្ភៈខែឆ្នាំ២០២០ ក្រោយតុលាការឧទ្ធរណ៍កាត់ក្តីឲ្យលោកជាប់គុក១៧ឆ្នាំ ហើយលុបចោលសំណើសុំនៅក្រៅឃុំរបស់លោក។
លោក ត្រូវបានដោះលែងម្ដងទៀត ៦ថ្ងៃក្រោយ បន្ទាប់ពីលោកបានប្តឹងប្រឆាំងការសម្រេចចិត្តនេះ ហើយតុលាការបានសម្រេចផ្អាកអនុវត្តទោសដាក់គុកលោក លី នេះ រហូតដល់សាលក្រុមរបស់តុលាការកំពូលលើបណ្ដឹងរបស់លោក ត្រូវបានប្រកាស។
សូមបញ្ជាក់ដែរថា អ្នកកាន់តំណែងបន្ទាប់ពីលោក លី អ្នកស្រី ប៉ាក ហ្គឺនហេ ក៏កំពុងអនុវត្តទោស២០ឆ្នាំក្នុងគុកពីបទស៊ីសំណុក និងរំលោភអំណាច ក្រោយអ្នកស្រីត្រូវទម្លាក់ចេញពីតំណែងក្នុងឆ្នាំ២០១៧ពាក់ព័ន្ធរឿងអាស្រូវពុករលួយ។ អ្នកស្រី ដេកក្នុងបន្ទប់ពន្ធនាគារទំហំ ១០ម៉ែត្រការ៉េ ដែលតូចជាងរបស់លោក លី ផង។
ចំណែក អតីតមេដឹកនាំកូរ៉េខាងត្បូងម្នាក់ទៀត លោក Roh Moo-hyun បានបញ្ចប់ជីវិតខ្លួនឯង ក្រោយត្រូវបានសាកសួរក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធសមាជិកគ្រួសារលោក ។ ការស៊ើបអង្កេតនេះ បានកើតឡើងក្នុងអាណត្តិលោក លី ជាប្រធានាធិបតី។ លោក Roh ធ្លាប់ជាអ្នកបំពាក់បំប៉ននយោបាយដល់ប្រធានាធិបតី មូន ចេអ៊ីន ៕