កីឡាអន្តរជាតិ
អន្តរជាតិ
Mercedes ក្លាយជាជើងឯក F1 ផ្នែកគ្រឿងម៉ាស៊ីន លើកទី៧ជាកំណត់ត្រា
× Mercedes បានក្លាយជាក្រុមដំបូងគេដែលបានឈ្នះពានរង្វាន់ផ្នែកគ្រឿងម៉ាស៊ីនក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ចំនួន៧លើកជាប់គ្នា។ Lewis Hamilton និង Valtteri Bottas បានជួយ Mercedes ទទួលលទ្ធផលជាប្រវត្តិសាស្ត្រនេះ ក្រោយអ្នកទាំងពីរបញ្ចប់ក្នុងថ្នាក់ទី១និងទី២ នាការប្រណាំង F1 ក្នុងកម្មវិធី Emilia Romagna Grand Prix។
ម្ចាស់ការពារតំណែងជើងឯក Lewis Hamilton បានអបអរជ័យជម្នះលើកទី៩៣ក្នុងអាជីព នាការប្រណាំងរថយន្ត F1 ឬកាំជ្រួចលើផ្ទៃរាប នៅឯទីលាន Imola ប្រទេសអ៊ីតាលីនៅថ្ងៃទី១ ខែវិច្ឆិកា។ ការឈ្នះការប្រណាំងជាលើកទី៩ នៅរដូវកាលឆ្នាំ២០២០នេះ ក៏ធ្វើឲ្យ Hamilton ឆ្ពោះទៅកាន់ការគ្រងតំណែងជើងឯកលើកទី៧ របស់ខ្លួនយ៉ាងឆាប់រហ័សផងដែរ។
កំពូលអ្នកប្រណាំងសញ្ជាតិអង់គ្លេស វ័យ៣៥ឆ្នាំដែលបើកបរឲ្យក្រុម Mercedes បានប្រើថេរវេលា ១ម៉ោង ២៨នាទី និង៣២វិនាទី ដើម្បីបញ្ចប់ទីមុនគេក្នុងកម្មវិធី Emilia Romagna Grand Prix ជាទីលានទី១៣នេះ។ មិត្តរួមក្រុម Mercedes កីឡាករ Valtteri Bottas ធ្វើបានចំណាត់ថ្នាក់ទី២ ខណៈ Daniel Ricciardo ដែលបើកបរឲ្យក្រុម Renault បញ្ចប់ក្នុងលេខរៀងទី៣។
ការទទួលបានចំណាត់ថ្នាក់ទី១ និងទី២របស់ Hamilton និង Bottas នៅទីលានទី១៣នេះ បានធ្វើឲ្យ Mercedes មានពិន្ទុនាំមុខដាច់លើក្រុមដទៃ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ផ្នែកគ្រឿងម៉ាស៊ីនរដូវកាលនេះដោយស្វ័យប្រវត្តិ បើទោះការប្រណាំងនៅសល់៤លើកទៀតក្តី។ គិតទាំងរដូវកាលឆ្នាំ២០២០នេះ Mercedes គ្រងជើងឯកផ្នែកគ្រឿងម៉ាស៊ីនក្នុងព្រឹត្តិការណ៍ F1 ចំនួន៧លើកជាប់ៗគ្នាជាកំណត់ត្រា។
Hamilton រកបាន២៨២ពិន្ទុ បូកជាមួយ Bottas អ្នកប្រណាំងហ្វាំងឡង់ដែលមាន១៩៧ពិន្ទុ ធ្វើឲ្យ Mercedes មានពិន្ទុសរុប៤៧៩ពិន្ទុ នាំមុខក្រុម Red Bull មានពិន្ទុសរុប២២៦ពិន្ទុ បន្ទាប់ពីអ្នកបើកបររបស់ពួកគេ Max Verstappen រកបាន១៦២ពិន្ទុ និងកីឡាករថៃ Alexander Albon មាន៦៤ពិន្ទុ។
ស្របពេល Mercedes ទទួលបានពិន្ទុដាច់គេ ប៉ុន្តែក្រុមប្រណាំង Williams មិនទាន់ទទួលបានពិន្ទុរាប់នៅឡើយ។ យ៉ាងណា Williams ដែលមានកីឡាករពីររូប Nicholas Latifi និង George Russell បានដាក់គោលដៅយកពិន្ទុ F1 ឲ្យបាននៅរដូវកាលនេះ។
ដោយឡែក Hamilton នឹងឈ្នះ F1 ជាលើកទី៧របស់ខ្លួននៅក្នុងការប្រណាំងបន្ទាប់ក្នុងកម្មវិធី Tukish Grand Prix ប្រទេសតួកគីនៅថ្ងៃទី១៥វិច្ឆិកាតែម្តង ប្រសិនបើ Bottas មិនអាចរារាំងឲ្យដៃគូរបស់គេរកបានពិន្ទុលើសខ្លួនចាប់ពី៧ពិន្ទុទេនោះ៕
Tag:
Mercedes
Formula One
Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com