ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​សាធារណការ រំលឹក​ពី​ការដាក់ពិន័យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​ផ្ទុកទំនិញ​លើស​ទម្ងន់​២០​ភាគរយ​
02, Nov 2020 , 8:39 pm        
រូបភាព
ប្រភពរូប៖ក្រសួងសាធារណការ និងដឹកជញ្ជូន​
ប្រភពរូប៖ក្រសួងសាធារណការ និងដឹកជញ្ជូន​
​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ នឹងត្រូវ​ដកហូត​បណ្ណ​បើកបរ​ព្យួរទុក​២​ឆ្នាំ ប្រសិនបើ​នៅតែ​បន្ត​ដឹកទំនិញ​លើស​ទម្ងន់​ពី​២០​ភាគរយ​នៃ​ទម្ងន់​សរុប​។ នេះ​ការព្រមាន​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន ដោយ​សង្កត់ធ្ងន់ថា ក្នុងករណី​ក្រុមហ៊ុន​បាន​ទទួលរង​ការពិន័យ​អន្តរការណ៍​ម្តង​រួចហើយ នៅតែ​ប្រព្រឹត្តល្មើស​ទៀត នោះ​មន្ត្រី​មាន​សមត្ថកិច្ច​នឹង​បញ្ឈប់​អាជីវកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​១​ឆ្នាំ​។​

 
​តាមរយៈ​សេចក្តីជូនដំណឹង​ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២៨​តុលា ឆ្នាំ​២០២០  លោក ស៊ុន ចាន់ថុល បាន​បញ្ជា​ឱ្យ​ប្រធាន​ស្ថានីយ​ជញ្ជីង​ចល័ត និង​អចល័ត​ទាំងអស់​ជា​អ្នក​ចាត់វិធានការ​តាម​បទ​ប្បញ្ញត្តិ​ខាងលើ​ដែលមាន​នៅក្នុង​មាត្រា​៦០​នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ ចំពោះ​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ណាមួយ​នៅតែ​បណ្តែត​បណ្តោយឱ្យ​ដឹកជញ្ជូន ឬ​ផ្ទុក​ទម្ងន់​លើស​២០​ភាគរយ ដែល​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៦​វិច្ឆិកា  នេះ​តទៅ​។ 


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងជញ្ជូន​ 

​បើតាម​រដ្ឋ​ម​ន្រី្ត​សាធារណការ​រូបនេះ ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ដែល​នៅ​បន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​២០​ភាគរយ​នោះ ក្រៅពី​បាត់បង់​បណ្ណ​បើកបរ​ដោយ​ព្យួរ​ក្នុង​រយៈពេល​២​ឆ្នាំ និង​បញ្ឈប់​អាជីវកម្ម​របស់​ក្រុមហ៊ុន​១​ឆ្នាំ ហើយ​នោះ  ក៏ត្រូវ​ឃាត់​យានជំនិះ​ដែល​ដឹកទំនិញ​លើស​នោះ​ទុក​ក្នុង​រយៈពេល​១​ឆ្នាំ នៅ​ទីតាំង​សមស្រប​ណាមួយ ដោយ​ម្ចាស់​យានយន្ត​ជា​អ្នកទទួលខុសត្រូវ​លើ​ថ្លៃឈ្នួល​លើកដាក់​ទំនិញ ថ្លៃ​ថែទាំ​ទំនិញ និង​យានជំនិះ​។ 
 
​លោក ស៊ុន ចាន់​ស៊ុន បានបញ្ជាក់​យ៉ាងខ្លី នៅក្នុង​សេចក្តីជូនដំណឹង​ដដែល​ថា​៖« ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ ដែល​រង​នូវ​ការពិន័យ​អន្តរការណ៍ និង​ការឃាត់ទុក​យានជំនិះ [​ដូចខាងលើ​នេះ​] គឺ​អាចមាន​សិទ្ធិ​ប្តឹងតវ៉ា ស្របតាម​និ​តី​វិធី​ដូច​មានចែង​ក្នុង​បទ​ប្បញ្ញត្តិ​មាត្រា​៤៧ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​»​។​
 
​ជាមួយនឹង​គ្នា​នេះ លោក ស៊ុន ចាន់ថុល ក៏បាន​ព្រមាន​ដល់​មន្ត្រី​របស់ខ្លួន ដែលមាន​សមត្ថកិច្ច​បំពេញការងារ​នៅ​ស្ថានីយ​ជញ្ជីង​អចល័ត​និង​ចល័ត​ទាំងអស់ ដែល​អនុញ្ញាតឱ្យ​រថយន្ត​ផ្ទុកទំនិញ​លើស​ទម្ងន់​កំណត់​ខាងលើ​(២០​ភាគរយ​) ធ្វើ​ចរាចរណ៍​នៅលើ​បណ្តាញ​ផ្លូវថ្នល់ នឹងត្រូវ​ទទួល​ទណ្ឌកម្ម​វិន័យ​ដោយមាន​ចែក​នៅក្នុង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​៕ 

Tag:
 ដឹកជញ្ជូន​
  បណ្ណ​បើកបរ​
  អាជីវកម្ម​
  លោក ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com