អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក ថ្កោលទោស​ការចាប់ខ្លួន​សមាជិកសភា​ហុងកុង
03, Nov 2020 , 2:13 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ។ រូបភាព AFP
​ប្រមុខ​ការទូត​អាមេរិក លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា បាន​ថ្កោ​ស​ទោស​អាជ្ញាធរ​ហុងកុង​ជុំវិញ​ការចាប់ខ្លួន​អ្នកនយោបាយ​ចំនួន​៨​នាក់ ដែលមាន​និន្នាការ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ ក្នុងចំណោម​៨​នាក់​នោះ ក៏មាន​សមាជិកសភា​ហុងកុង​ចំនួន ៥​នាក់​។

 
​នៅ​ថ្ងៃទី​១ និង​ទី​២ ខែវិច្ឆិកា អាជ្ញាធរ​ហុងកុង បាន​ចាប់ខ្លួន​អ្នកនយោបាយ​ដែលមាន​និន្នាការ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ចំនួន ៨​នាក់ ដែល​ក្នុងនោះ​មាន​សមាជិកសភា​ចំនួន​៥​នាក់​ពាក់ព័ន្ធ​ការបង្អាក់​កិច្ចប្រជុំសភា​កាលពី​ខែឧសភា​កន្លងទៅ​។ បើតាម​អាជ្ញាធរ​ហុងកុង ពួកគេ​ត្រូវ​ចាប់ខ្លួន ដោយសារ​ពាក់ព័ន្ធ​ការស្រែក​តវ៉ា និង​ការ​វាយតប​គ្នា​ក្នុង​កិច្ចប្រជុំសភា​។ 
 
​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ចេញមក​ប្រតិកម្ម​ទង្វើ​បែបនេះ​។ ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​២ ខែវិច្ឆិកា លោក ប៉ុ​ម​ប៉េ​អូ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ការចាប់ខ្លួន​សមាជិក​សភា បន្ទាប់ពី​ហេតុការណ៍​បាន​កើតឡើង​រយៈពេល ៦​ខែ គឺ​ច្បាស់​ណាស់​ថា ជាការ​រំលោភបំពាន​ការអនុវត្ត​ច្បាប់ និង​ក្រោម​គោលបំណង​នយោបាយ​»​។ បើតាម​លោក​ប៉ុ​ម​ប៉េ​អូ អាមេរិក ថ្កោលទោស​លើ​ការចាប់ខ្លួន​នេះ និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ហុងកុង​គោរព​សិទ្ធិមនុស្ស​។​
 
​លោក​ប្រមុខ​ការទូត​អាមេរិក បាន​បន្ថែមទៀតថា ការចាប់ខ្លួន​សមាជិក​សភា និង​អ្នកនយោបាយ​ខាងលើនេះ ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្រុង​ហុងកុង ដើម្បី​បំបិទ​ចោលការ​ប្រឆាំង​នៅក្នុង​ទីក្រុង​ដែល​តែងតែ​បង្ក​ភាពស្មុគស្មាញ​ដល់​បក្ស​កុម្មុយនីស្ត​ចិន​។ 
 
​ចំណែក​អ្នក​ដែល​ជិតស្និទ្ធ​នឹង​សមាជិកសភា​ត្រូវគេ​ចាប់ខ្លួន​វិញ បាន​រិះគន់​អាជ្ញាធរ​ហុងកុង​ថា​លម្អៀង និង​ចាប់ខ្លួន​តែមួយ​ភាគី បើទោះបី​ជាការ​វាយតប​គ្នា​នេះ​ក៏​ចូលរួម​ដោយ​សមាជិកសភា​មាន​និ​ន្ន​ការរក​ប៉េកាំង​ក្ដី​ក៏ដោយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post​។ 
 
​ការស្រែក​តវ៉ា និង​ការប៉ះទង្គិច​គ្នា​រវាង​សមាជិកសភា​ដែលមាន​ទំនោរ​ទៅរក​ទីក្រុង​ប៉េកាំង និង​សមាជិកសភា​មាន​ទំនោរ​ទៅរក​លទ្ធិប្រជាធិបតេយ្យ បានកើត​ឡើង​នៅ​ថ្ងៃទី​៨ ខែឧសភា​។ នៅពេលនោះ គណៈកម្មាធិការ​សភា​ហុងកុង​កំពុង​ប្រជុំ​ត្រួតពិនិត្យ​លើ​សេចក្តីស្នើច្បាប់​មួយចំនួន រួមទាំង​សេចក្តីស្នើច្បាប់​ភ្លេង​ជាតិចិន​ផងដែរ មុននឹង​ដាក់​ឲ្យ​កិច្ចប្រជុំ​សភាពេញអង្គ​ពិនិត្យ​។ 
 
​ក្នុង​កិច្ចប្រជុំ​នេះ សមាជិកសភា​ដែលមាន​ទំនោរ​ទៅរក​ទីក្រុង​ប៉េកាំង បាន​បណ្តេញ​សមាជិកសភា​ដែលមាន​ទំនោរ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ចំនួន​១១​នាក់​ចេញ ដើម្បី​គ្រប់គ្រង​គណៈកម្មាធិការ​សភា​នោះ​។ ដោយសារ​បញ្ហា​នេះ ទើប​ធ្វើ​ឲ្យ​សមាជិកសភា​ទាំងពីរ​ក្រុម​វាយតប​គ្នា និង​ស្រែក​ដាក់គ្នា​។ 
 
​សូមបញ្ជាក់ថា ចាប់តាំងពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ចូល​ជាធរ​មានមក អាមេរិក តែងតែ​រិះគន់​ចិន ក៏ដូចជា​អាជ្ញាធរ​ហុងកុង ជា​ញឹកញាប់ ជុំវិញ​ការបំពាន​សិទ្ធិមនុស្ស សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ផ្សេងទៀត​នៅក្នុង​ទីក្រុង​។ លើសពីនេះ អាមេរិក ក៏បាន​អនុម័ត​ច្បាប់ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ប្រមុខ​ដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ​៕
 

Tag:
 អាមេរិក​
  ហុងកុង​
© រក្សាសិទ្ធិដោយ thmeythmey.com