កីឡាអន្តរជាតិ
អន្តរជាតិ
Ajax មាន​កីឡាករ​១១​នាក់​ឆ្លង COVID-19 ចំ​ប្រកួត​សំខាន់​នៅ UCL
03, Nov 2020 , 4:43 pm        
រូបភាព
សមាជិក​ក្រុម Ajax Amsterdam ចំនួន​១១​រូប ដែល​រួមមាន​ទាំង​កីឡាករ​សំខាន់ៗ​ច្រើន​នាក់​ផង បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19 មុន​តទល់​ជាមួយ FC Midtjylland ក្នុងការ​ប្រកួត Champions League នៅ​រាត្រី​ថ្ងៃទី​៣ ខែវិច្ឆិកា​នេះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍ RTL​។​



​ក្រុម Ajax បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ដា​ណឺ​ម៉ាក​ហើយ​នៅ​ថ្ងៃទី​២ វិច្ឆិកា ដោយ​មានតែ​កីឡាករ​ចំនួន​១៧​នាក់​ប៉ុណ្ណោះ​ដើម្បី​ត្រៀម​ការប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល D​។ កីឡាករ​ដែល​អវត្តមាន​ដោយសារ​ឆ្លង COVID-19 មិនត្រូវ​បាន​ក្រុម​នៃ​លី​គ​កំពូល​ហូ​ឡង់​បញ្ចេញ​អត្តសញ្ញាណ​ឡើយ ខណៈ​ពួកគេ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រៀងខ្លួន​។​
 
​ប្រធាន​ក្រុម Dusan Tadic អ្នកចាំទី Andre Onana និង​ខ្សែបម្រើ​ប្រយុទ្ធ Davy Klaassen រួមជាមួយ Ryan Gravenberch រំពឹងថា នឹង​អាច​ចូល​លេង​ទល់នឹង​ក្រុម Midtjylland នៅ​រាត្រី​នេះ វេលា​ម៉ោង ៣:០០​នាទី [​ម៉ោង​នៅ​កម្ពុជា​] ខណៈ​កីឡាករ​សំខាន់​មួយចំនួនទៀត​ដូចជា​អ្នកចាំទី​បម្រុង Maarten Stekelenburg មិនអាច​បង្ហាញខ្លួន​បាន​។​
 
​បញ្ហា​អវត្តមាន​កីឡាករ​ដ៏​ច្រើន​នេះ នឹងធ្វើ​ឲ្យ Ajax ដែល​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​នៅ​ជំនួប​ទី​៣​ក្នុង​ពូ​ល D នេះ ត្រូវ​ធ្វើការ​ធ្ងន់​។ Ajax ទើប​រកបាន​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​២​លើក តាម​ពីក្រោយ​ក្រុម Atalanta​ ចំនួន​៣​ពិន្ទុ និង​ក្រុម​កំពូល​តារាង Liverpool ៥​ពិន្ទុ​។ Midtjylland ដែល​នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​នៅឡើយ ក៏ត្រូវ​ការ​ឈ្នះ​ជា​ចាំបាច់​ដូចគ្នា​។​
 
​ក្នុង​ពូ​ល D នេះដែរ Liverpool ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​អ៊ីតាលី Atalanta នៅ​រាត្រី​នេះ​ដូចគ្នា​។​
 
​ជំនួប​គូ​ដទៃ​ដែល​ត្រូវ​ប្រកួត​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​មាន​៖
​ពូ​ល A
Lokomotiv Moscow Vs Atletico Madrid (​ម៉ោង ១២:៥៥​នាទី​)
Salzburg Vs Bayern Munich (​ម៉ោង ៣:០០​នាទី​)
 
​ពូ​ល B
Shakhtar Donetsk Vs Borussia Moenchengladbach (​ម៉ោង ១២:៥៥​នាទី​)
Real Madrid Vs Inter Milan (​ម៉ោង ៣:០០​នាទី​)
 
​ពូ​ល C
FC Porto Vs Marseille (​ម៉ោង ៣:០០​នាទី​)
Manchester City Vs Olympiacos (​ម៉ោង ៣:០០​នាទី​)
 

Tag:
 COVID-19
  Ajax
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com