ជាតិ
មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ​២០២០ មាន​១៣​រឿង ឆ្លុះបញ្ចាំង​ពី សង្គម វប្បធម៌ និង​ជីវភាព​ប្រជាជន​ជប៉ុន​
04, Nov 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០២០ ត្រូវបាន​សម្រិតសម្រាំង​ភាពយន្ត​ជាច្រើន​ប្រភេទ​សម្រាប់​ចាក់​បញ្ចាំង ដែល​រួមមាន​ភាពយន្ត​បែប​មនោសញ្ចេតនា ស៊ើបអង្កេត គំនូរជីវចល វាយប្រហារ និង​កំប្លែង​ជាដើម​។ ភាពយន្ត​ទាំងនេះ ឆ្លុះបញ្ចាំង​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន សង្គម និង​វប្បធម៌​ជប៉ុន ហើយ​មហោស្រព​នេះ ក៏​ផ្ដល់ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកទស្សនា អាច​ស្គាល់​ប្រទេស​និង​ប្រជាជន​ជប៉ុន​ផងដែរ​។​


​មូលនិធិ​ជប៉ុន រួមសហការ​ជាមួយ​ស្ថានទូត​ជប៉ុន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន នឹង​រៀបចំ​មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០២០ ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៩ និង​ថ្ងៃទី​១៤-១៥​ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ​រាជធានី​ភ្នំពេញ (​ក្នុង​រោងភាពយន្ត Major Cineplex ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​២ និង​រោងភាពយន្ត Legend សួន​អេ​ដែន​)​។ 
 
​ភាពយន្ត​ជប៉ុន​ទាំង​១៣​រឿង នឹងត្រូវ​ចាក់​បញ្ចាំង ដោយមាន​ចំណងជើង​រង​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស (​សម្រាប់​រឿង​គំនូរជីវចល​មានការ​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ​)​។ ការចូល​រូ​ម​ដោយ​សេរី និង​ដោយ​ឥតគិតថ្លៃ​។​
 
​មហោស្រព​ភាពយន្ត​ជប៉ុន​បាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៥ ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​ជប៉ុន​និង​កម្ពុជា​។​
 
​សម្រាប់​តារាង​កាលបរិច្ឆេទ នៃ​ការចាក់​បញ្ចាំង មាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មហោស្រព​ភាពយន្ត​ជប៉ុន​៖ ( https://www.fb.com/3669525819736535/ )​។​

Tag:
 ជប៉ុន​
 ​ភាពយន្ត​
 ​មហោស្រព​
  សង្គម​
  វប្បធម៌​
 ​ប្រជាជន
© រក្សាសិទ្ធិដោយ thmeythmey.com