អន្តរជាតិ
លទ្ធផលបោះ​ឆ្នោត​អាមេរិក ទំនង​មិនអាច​ប្រកាស​នៅ​យប់​បោះឆ្នោត​ធំ​ឡើយ
03, Nov 2020 , 9:59 pm        
រូបភាព
ជាងគំនូរម្នាក់ គូសរូបលោកបៃឌិន និងលោក ត្រាំ ក្នុងទីក្រុង Mumbai ឥណ្ឌា ។ រូបភាព ៖ AFP
ជាងគំនូរម្នាក់ គូសរូបលោកបៃឌិន និងលោក ត្រាំ ក្នុងទីក្រុង Mumbai ឥណ្ឌា ។ រូបភាព ៖ AFP
ដោយ:
​ក្រោយ​ការបោះឆ្នោត​ចប់ វា​អាច​ត្រូវការ​ពេល​ប៉ុន្មាន​ថ្ងៃ ឬ​សូម្បីតែ​សប្ដាហ៍ ដើម្បី​ដឹង​លទ្ធផល​ថា​តើ​លោក ដូ​ណា​ល់ ត្រាំ ឬ​លោក ចូ បៃ​ឌិន ក្លាយជា​ម្ចាស់​សេត​វិមាន​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០​។ ក្នុងការ​បោះឆ្នោត​ឆ្នាំនេះ ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់ បាន​បោះឆ្នោត​តាមរយៈ​ប្រៃសណីយ៍​។ នេះ​មានន័យថា វា​នឹង​ការយឺតយ៉ាវ​ខ្លាំង​ក្នុង​ការរៀប​សន្លឹកឆ្នោត​ទាំងអស់​។

 
​ជាធម្មតា លទ្ធផល​បោះឆ្នោត ត្រូវបាន​ប្រកាស​នៅ​យប់​ថ្ងៃ​បោះឆ្នោត​ធំ ដែល​ឆ្នាំនេះ​គឺ​ត្រូវ​នឹង​ថ្ងៃទី ៣ ខែវិច្ឆិកា​។  រដ្ឋ​ផ្សេងគ្នា​នៅ​សហរដ្ឋអាមេរិក បញ្ចប់​ការបោះឆ្នោត​នៅ​ម៉ោង​ខុសៗ​គ្នា​។ មណ្ឌលបោះឆ្នោត ដែល​បិទ​មុនគេ គឺ​នៅតាម​បណ្ដា​រដ្ឋ​ឆ្នេរភាគ​ខាងកើត (East Coast) នៅ​ម៉ោង ៧​យប់ (​ម៉ោង​ក្នុងស្រុក​អាមេរិក​)​។ 
 
​ការរាប់​សន្លឹកឆ្នោត​ទាំងស្រុង មិនអាច​កើតឡើង​បានឡើយ តែ​ជាធម្មតា សន្លឹកឆ្នោត​គ្រប់គ្រាន់ គឺអាច​បញ្ជាក់​អ្នកឈ្នះឆ្នោត​បាន​ហើយ​។  លទ្ធផលបោះ​ឆ្នោត​ក្នុង​រដ្ឋ​មួយ ត្រូវបាន​ប្រកាស​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ធំៗ នៅពេល​ពួកគេ​ជឿជាក់ថា បេក្ខជន​រូបនោះ មានការ​នាំមុខ​ដាច់​លើ​គូប្រជែង​ខ្លួន​។ តែ​ក្នុងដំណាក់កាល​នេះ ពុំទាន់​ចាត់ទុកជា​លទ្ធផល​ចុងក្រោយ​ឡើយ​។ 
 
​ម្យ៉ាង​ប្រធានាធិបតី​អាមេរិក ពុំត្រូវ​ជ្រើសរើស​ដោយផ្ទាល់​ពី​សំណាក់​ប្រជាជន​អាមេរិក​នោះទេ (Popular Vote) តែ​នឹងត្រូវ​ជ្រើសរើស​ដោយ​ប្រតិភូ​តំណាង (Elector) ។ បេក្ខជន​ប្រធានាធិបតី​អាមេរិក ត្រូវការ​សំឡេងឆ្នោត​យ៉ាងតិច ២៧០ សន្លឹក​ពី​ប្រតិភូ​ដែល​ស្មើ​ជាង​ពាក់កណ្ដាល​នៃ​ប្រតិភូ​សរុប (៥៣៨​នាក់​) ដើម្បី​ឈ្នះ​ការបោះឆ្នោត​អាមេរិក​។​
 
​ក្នុង​ឆ្នាំ​២០១៦ លទ្ធផល​បោះឆ្នោត​បញ្ជាក់​ថា លោក​ដូ​ណា​ល់​ត្រាំ​ឈ្នះ ត្រូវបាន​ប្រកាស​នៅ​ម៉ោង ២៖៣០​នាទី​ព្រឹក (​ម៉ោង​នៅ​វ៉ាស៊ីនតោន DC) ថ្ងៃ​បន្ទាប់​នៃ​ថ្ងៃ​បោះឆ្នោត​ធំ ក្រោយ​ជោគជ័យ​ក្នុង​រដ្ឋ Wisconsin ប​ង្គ្រា​ប់​សន្លឹកឆ្នោត​ពី​ប្រតិភូ​តំណាង​ឲ្យ​លោក ២៧០​សំឡេង​។​
 
​ហេតុអ្វី​ការបោះឆ្នោត​ឆ្នាំនេះ​ខុសប្លែក​ពី​រាល់ដង​? 
 
​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ បង្ក​ឲ្យ​ពលរដ្ឋ​អាមេរិក​កាន់តែច្រើន​លើស​ពេលណាៗ​ទាំងអស់ បោះឆ្នោត​មុន​កំណត់ ដោយ​តាមរយៈ​ប្រៃសណីយ៍ ឬ​ដោយផ្ទាល់​នៅ​មណ្ឌល​ឆ្នោត​។ ការបោះឆ្នោត​តាម​ប្រៃសណីយ៍ ជាទូទៅ ត្រូវការ​ពេល​យូរ​ដើម្បី​រាប់ ដ្បិតថា ពួកវា​ត្រូវ​ឆ្លងកាត់​ជំហាន​ច្រើន​ដើម្បី​បញ្ជាក់ ដូចជា ហត្ថលេខា និង​អាសយដ្ឋាន​ជាដើម​។ 
 
​រដ្ឋ​អាមេរិក​ខ្លះ ដូចជា រដ្ឋ Florida និង​រដ្ឋ Ohio អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​បោះឆ្នោត​បែបនេះ​ច្រើន​សប្ដាហ៍​មុន​ថ្ងៃ​បោះឆ្នោត​ធំ ដូច្នេះ​សន្លឹកឆ្នោត អាច​រាប់​ទាន់ពេល​។ ក្នុង​រដ្ឋ​ទាំងនេះ វា​ប្រហែល​អាចទៅរួច​ក្នុងការ​ប្រកាស​អ្នះ​ឈ្នះ​នៅ​យប់​បោះឆ្នោត​ធំ​។ 
 
​ក៏ប៉ុន្តែ រដ្ឋ​ផ្សេងទៀត ដូចជា រដ្ឋ Pennsylvania និង​រដ្ឋ Wisconsin មិន​អនុញ្ញាត​ឲ្យ​អនុវត្ត​ដំណើរការ​បោះឆ្នោត​មុនពេល​កំណត់​ឡើយ​។ រដ្ឋ​ទាំងនេះ​គឺ​សំខាន់​ក្នុង​កំណត់​ជោគវាសនា​ម្ចាស់​សេត​វិមាន ហើយ​ខាង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​អាមេរិក អះអាងថា ការរាប់​សន្លឹកឆ្នោត​ក្នុង​រដ្ឋ​ទាំងនេះ អាច​ប្រើពេល​រាប់​ថ្ងៃ​។ 
 
​ក៏មាន​កត្ដា​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​ការរាប់​សន្លឹកឆ្នោត​យឺតយ៉ាវ​ផងដែរ​។ ប្រមាណ​ពាក់កណ្ដាល​នៃ​រដ្ឋ​ទាំងអស់​របស់​អាមេរិក នឹង​ទទួលយក​ការផ្ញើ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍ ដែល​មកដល់​ក្រោយ​ថ្ងៃ​បោះឆ្នោត​ធំ​ផងដែរ ដរាបណា​សន្លឹកឆ្នោត​ទាំងនេះ បាន​ចុះ​ត្រា​ប្រៃសណីយ៍​ក្នុង​ថ្ងៃទី ៣ ខែវិច្ឆិកា​។ ដូច្នេះ សន្លឹកឆ្នោត​ខ្លះ នឹង​ពុំ​ត្រូវបាន​រាប់​ឡើយ​រហូតដល់​ប៉ុន្មាន​ថ្ងៃក្រោយ​បោះឆ្នោត​ចប់​។ 
 
​ម្យ៉ាងទៀត ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់ នឹង​នៅតែ​ចេញទៅ​តម្រង់​ជួរ​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត​ធំ​។ ក៏ប៉ុន្តែ​មណ្ឌល​ឆ្នោត​តិចជាង​ធម្មតា នឹងត្រូវ​បើកទ្វារ​ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ និង​ក្តីបារម្ភ​ពី​និយោជក​ពាក់ព័ន្ធ​រឿង​អស់​បុគ្គលិក​ធ្វើការ ព្រោះ​ឈរ​តម្រង់​ជួរ​រង់ចាំ​បោះឆ្នោត​វែង​ពេក​។ បញ្ហា​ដែល​កើតឡើង​រាល់​ឆ្នាំ ដូចជា បញ្ហា​បច្ចេកទេស​ម៉ាស៊ីន​បោះឆ្នោត ក៏​អាច​បង្ក​ភាពយឺតយ៉ាវ​ផងដែរ​។​
 
​តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​លទ្ធផល​បោះឆ្នោត ពុំ​ត្រូវបាន​ទទួលស្គាល់​? 
 
​ជាមួយ​រឿង​ដែលថា​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ធ្លាប់​បដិសេធ​តាំងចិត្ត​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ហើយ​បក្ស​ទាំងពីរ​ត្រៀម​មេធាវី​រៀងៗ​ខ្លួន​តទល់ បើ​មាន​អ្វី​ថ្លោះធ្លោយ​នោះ សហរដ្ឋអាមេរិក អាច​ប្រឈម​ភាពមិនច្បាស់លាស់​រាប់​ស​ប្ដា​ហ៍ ពាក់ព័ន្ធ​នឹង​រឿង​នរណា​នឹង​ក្លាយជា​ប្រធានាធិបតី​ទី​៤៦​សហរដ្ឋអាមេរិក​។ 
 
​ដរាបណា​គ្មាន​លទ្ធផល​បោះឆ្នោត​ដាច់​ស្រាច់​ទេនោះ សហរដ្ឋអាមេរិក នឹង​ប្រឈមមុខ​នឹង​ការបោះឆ្នោត​មាន​ជម្លោះ​លើក​ទី​២ ក្នុងពេល​២០​ឆ្នាំ​ចុងក្រោយ ជាមួយ​លទ្ធផល​ឆ្នោត​អាច​ធ្លាក់​ដល់ដៃ​តុលាការ​កំពូល ឬ​សូម្បីតែ​ក្នុង​ដៃ​សភា​អាមេរិក​។ 
 
​ជាមួយគ្នានេះ បញ្ហា​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ភាពមិន​ប្រ​ក្រី​តី ៣០០​ករណី​ហើយ​ក្នុង​ដំណើរការ​បោះឆ្នោត​អាមេរិក ក្នុង​រដ្ឋ​ចំនួន​៤៤​។ បញ្ហា​ស្នូល គឺ​ស្ថិត​ត្រង់ ការរាប់​សន្លឹកឆ្នោត ដោយ​ខាង​បក្ស​សាធារណរដ្ឋ អះអាងថា ការបោះឆ្នោត​តាមរយៈ​ប្រៃសណីយ៍ នឹង​បង្ក​ឲ្យ​កើតមាន​ការកេងបន្លំ​ជាដើម​។ លោក ត្រាំ​ក៏​ធ្លាប់​ប្រកាសថា លទ្ធផល​ឆ្នោត​ឆ្នាំនេះ អាច​ធ្លាក់​ដល់ដៃ​តុលាការ​កំពូល​ជា​អ្នកកាត់ក្តី​ឈ្នះ​ឬ​ចាញ់ ។​
 
​ជា​ឧទាហរណ៍ ក្នុង​ឆ្នាំ​២០០០ បេក្ខជន​បក្ស​ប្រជាធិបតេយ្យ  លោក Al Gore បាន​ចាញ់​ក្នុង​រដ្ឋ Florida ត្រឹម ៥៣៧​សំឡេង​ប៉ុណ្ណោះ ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​ជិត ៦​លាន​សំឡេង​។ លោក​បាន​តវ៉ា​ឲ្យ​មានការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​យ៉ាង​តានតឹង​បំផុត ដែល​បានអូសបន្លាយ​ជាង​១​ខែ ហើយ​ចុងក្រោយ តុលាការ​កំពូល​អាមេរិក បាន​កាត់ក្តី​ឲ្យ​លោក George W Bush បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ​ឈ្នះ​។ ឈ្នះ Florida គឺ​លោក Bush ក្លាយជា​ម្ចាស់​សេត​វិមាន​អាមេរិក ក្នុង​សំឡេងគាំទ្រ ២៧១ ទល់នឹង ២៦៦ សំឡេង​ពី​ប្រតិភូ​តំណាង​៕ 

Tag:
 ការបោះឆ្នោត​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com