Maradona វីរបុរស​អា​ហ្ស​ង់​ទីន វះកាត់​ឈាម​ក្នុង​ខួរក្បាល​ដោយ​ជោគជ័យ​
កីឡាអន្តរជាតិ
អន្តរជាតិ
Maradona វីរបុរស​អា​ហ្ស​ង់​ទីន វះកាត់​ឈាម​ក្នុង​ខួរក្បាល​ដោយ​ជោគជ័យ​
04, Nov 2020 , 9:59 pm        
រូបភាព
វីរបុរស​អា​ហ្ស​ង់​ទីន Diego Maradona បានទទួល​ការវះកាត់​ឈាម​ក្នុង​ខួរក្បាល​ដោយ​ជោគជ័យ​។ នេះ​បើតាម​ការអះអាង​របស់​គ្រូពេទ្យ​ផ្ទាល់​របស់លោក Maradona​។​


​លោក Maradona ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Ipensa ក្នុង​រដ្ឋធានី Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា បន្ទាប់ពី​មាន​សភាព​ស្លេកស្លាំង និង​ខ្វះ​ជាតិ​ទឹក​។ ក្រោយមក វីរបុរស​ដែល​ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ World Cup ឆ្នាំ ១៩៨៦ នេះ តម្រូវ​ឲ្យ​ចូល​បន្ទប់វះកាត់​ជាបន្ទាន់​។​
 
​លោក Leopoldo Luque ដែលជា​គ្រូពេទ្យ​ផ្ទាល់ខ្លួន​របស់ Maradona បាន​អះអាងថា បុរស​វ័យ​៦០​ឆ្នាំនេះ​បាន​ស៊ូទ្រាំ​នឹង​ការវះកាត់​រហូត​ទទួលបាន​ជោគជ័យ​។ យ៉ាងណាក៏ដោយ គ្រូបង្វឹក​ក្រុម Gimnasia y Esgrima នៃ​ក្របខណ្ឌ​លី​គ​កំពូល​អា​ហ្ស​ង់​ទីន​ត្រូវ​ស្ថិតក្រោម​ការសង្កេត​និង​មើលថែ​ឲ្យ​បាន​ដិតដល់​។​
 
​អតីត​ខ្សែប្រយុទ្ធ​ក្រុម Napoli រូបនេះ ក៏​ធ្លាប់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ផងដែរ កាលពី​ខែមករា​ឆ្នាំ ២០១៩ កន្លងមក ដោយសារ​មាន​បញ្ហា​ឈាម​ហូរ​ក្នុង​ពោះ​ខុស​ប្រក្រតី​។ បន្ទាប់មក​នៅ​អំឡុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ នៅ​រុស្ស៊ី នៅពេល​អបអរ​ជ័យជម្នះ​អា​ហ្ស​ង់​ទីន ដែល​យកឈ្នះ​នី​ហ្សេ​រី​យ៉ា ២​ទល់​១ Maradona ក៏​ធ្លាក់ខ្លួន​ឈឺ​ម្តង​ដែរ​៕

Tag:
 Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com