ជាតិ
សង្គមជាតិ
ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើ​ម្បី​កុមារ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​តឹងរ៉ឹង លើ​ករណី​បោះបង់​ទារក​
04, Nov 2020 , 11:29 pm        
រូបភាព
ទារក​ម្នាក់​ ត្រូវដាក់ក្នុងកេសក្រដាស យកទៅ​បោះចោល​នៅលើ​ចិញ្ចើមផ្លូវ​ជាប់​របង​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ
ទារក​ម្នាក់​ ត្រូវដាក់ក្នុងកេសក្រដាស យកទៅ​បោះចោល​នៅលើ​ចិញ្ចើមផ្លូវ​ជាប់​របង​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​អំពាវនាវ​ឲ្យ​គ្រប់​ក្រសួង ស្ថាន​ប័ន និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​តឹងរ៉ឹង ដើម្បី​កុំ​ឲ្យ​មាន​ករណី​បោះបង់​ទារក​កើតឡើង​ក្នុងសង្គម​បន្តទៀត​។ ការអំពាវនាវ​នេះ ធ្វើឡើង​ក្រោយ​ប្រទះឃើញ​សាកសព​ទារក​ម្នាក់​ស្លាប់​ក្នុង​កេស​ក្រដាស​។



​បើតាម​សេចក្ដី​ថ្លែង​ការ​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ បង្ហាញ​ការតក់ស្លុត​និង​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ករណី​យក​ទារក​ម្នាក់​ទៅ​បោះចោល​នៅលើ​ចិញ្ចើមផ្លូវ​ជាប់​របង​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ ទារក​នេះ មាន​អាយុប្រមាណ​ក្រោម​២​សប្ដាហ៍​ហើយ​ប្រទះឃើញ​បាត់បង់​ជីវិត​រួច​យកទៅដាក់​ក្នុង​កេស​ក្រដាស​នៅតាម​ចិញ្ចើមផ្លូវ​។ 
 
​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ​ចាត់ទុក​ករណីនេះ ជា​អំពើ​ឃោរឃៅ​ដែល​បាន​រំលោភសិទ្ធិ​កុមារ​យ៉ាងធ្ងន់ធ្ងរ​។ ជាមួយគ្នា​ដែរ ករណីនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្ត ដើម្បី​ចាត់វិធានការ​នីតិវិធី​ច្បាប់​។ 
 
​ជុំវិញ​ករណី​អំពើ​ឃោរឃៅ យក​ទារក​បោះចោល​នេះ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​យកចិត្តទុកដាក់​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​លើ​ជនល្មើស​។ លើសពីនេះ ត្រូវ​ទប់ស្កាត់​ចូលរួម​កុំ​ឥ​ឲ្យ​មាន​ករណីនេះ​កើតមាន​ក្នុងសង្គម​បន្តទៀត​៕ 

Tag:
 ទារក​
© រក្សាសិទ្ធិដោយ thmeythmey.com