COVID-19
ជាតិ
សង្គមជាតិ
គ្រឹះស្ថាន​អប់រំ ដែលមាន​បុគ្គលិក សិស្ស​និស្សិត ជួប​ផ្ទាល់​ប្រមុខ​ការទូត​ហុង​គ្រី ត្រូវ​ផ្អាក​ការសិក្សា
04, Nov 2020 , 10:20 pm        
រូបភាព
ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​យប់​ថ្ងៃទី ៤ ខែវិច្ឆិកា​នេះ បានប្រកាស​ឲ្យ​គ្រឹះស្ថានសិក្សា ដែលមាន​បុគ្គលិក សិស្ស និង​និស្សិត បាន​ជួប​ផ្ទាល់​នឹង​ប្រមុខ​ការទូត​ហុង​គ្រី ត្រូវ​ផ្អាក​ការសិក្សា ប៉ុន្តែ​ត្រូវ​បន្ត​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​។ បើតាម​លិខិត​របស់​ក្រសួង បុគ្គលិក​អប់រំ និង​សិស្ស​និស្សិត​ទាំងនោះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៀតផង​។


 
​លិខិត​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា សាស្ត្រាចារ្យ បុគ្គលិក​អប់រំ និង​សិស្ស​និស្សិត ដែល​បាន​ជួប​ផ្ទាល់​នឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ទើប​រកឃើញ​កូ​វីដ​-១៩ ត្រូវ​រាយការណ៍​មក​ក្រសួង​អប់រំ​តាមរយៈ​លេខ​ទូរ​សព្ទ ០១២ ៣៣ ៥៩៩៩ នៅត្រឹម​ថ្ងៃទី​៥​ខែវិច្ឆិកា​នេះ​។ 
 
​ចំពោះ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ សិស្ស​និស្សិត មាតាបិតា​និង​អាណាព្យាបាល នៅតាម​គ្រឹះស្ថាន​នោះ  ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​ខ្ពស់បំផុត និង​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ហើយ​ក្នុងករណី​សង្ស័យ ត្រូវ​ទាក់ទង​ទៅ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល​។ 
 
​គួរ​ជម្រាប​ថា លោក Peter Szijarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ទើប​បញ្ចា​ប់​ដំណើរ​ទស្សនា​កិច្ច​នៅ​កម្ពុជា ត្រូវបាន​រកឃើញ មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស អំឡុងពេល​ដាក់​ច​ត្តា​ឡី​ស័ក​ពេលទៅដល់​ប្រទេស​ថៃ​។  ក្នុង​ដំណើរ​ទស្សនា​កិច្ច​នៅ​កម្ពុជា​កន្លងទៅ ប្រមុខ​ការទូត​ហុង​គ្រី​រូបនេះ បាន​ជួប​ផ្ទាល់​ជាមួយ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​កម្ពុជា​ផ្សេងទៀត​រួមមាន លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ,​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ,​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក  និង​លោក សួស យ៉ា​រ៉ា សមាជិកសភា​កម្ពុជា​។  
 
​រដ្ឋាភិបាល បានសម្រេច​ឱ្យ ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ដែល​បាន​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ ប្រតិភូ​ប្រមុខ​ការទូត​ហុង​គ្រី ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានប្រកាស​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​នៅ​យប់​ថ្ងៃនេះ​ថា សម្ដេច​នឹងដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ក្រោយ​បាន​ជួប រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​។ រីឯ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ក៏បាន​ប្រកាស​ចាប់ផ្ដើម​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។ នេះ​បើតាម​រដ្ឋមន្ត្រី​ទាំងពីរ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​៕   

Tag:
 ក្រសួង​អប់រំ​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com