អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បន្ទាប់ឈ្នះ២រដ្ឋថែម លោក បៃឌិន ត្រូវការ៦ប្រតិភូទៀតប៉ុណ្ណោះ
05, Nov 2020 , 6:32 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
បេក្ខជនបក្សប្រជាធិបតេយ្យ ចូ បៃឌិន បានកើបបាន២៦សំឡេងប្រតិភូទៀត ក្រោយនាំមុខដាច់ក្នុងរដ្ឋប្រទាញប្រទង់២ រួមមាន Wisconsin និង Michigan ខណៈការរាប់សន្លឹកក្នុងរដ្ឋនេះប៉ាន់ស្មានថារាប់អស់៩៩ភាគរយ។ នេះបើតាមលទ្ធផលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។



ដើម្បីក្លាយជាម្ចាស់សេតវិមាន លោក បៃឌិន ត្រូវការតែ ៦សំឡេងប្រតិភូទៀតប៉ុណ្ណោះ ស្របពេលដែលសល់រដ្ឋ៤ទៀត រាប់សន្លឹកឆ្នោតអត់ទាន់ចប់ ហើយនោះគឺមាន រដ្ឋ Nevada, Pennsylvania, North Carolina និង Georgia ។

តាមលទ្ធផលបឋម លោក បៃឌិន កំពុងនាំមុខក្នុងរដ្ឋ Nevada ដែលមានសំឡេងប្រតិភូ ៦ ។ បើក្ដោបរដ្ឋនេះបាននោះ លោក បៃឌិន នឹងឈ្នះលោក ដូណាល់ ត្រាំ បេក្ខជនបក្សសាធារណរដ្ឋ ដ្បិតលោកទទួលបាន២៧០ ប្រតិភូ ដែលឡើងជាប្រធានាធិបតីអាមេរិក។  

យ៉ាងណាមិញ លោក ត្រាំ ក៏នៅមានឱកាស តែត្រូវឈ្នះរដ្ឋដែលនៅសល់ទាំង៤ទើបគ្រប់ ២៧១សំឡេងប្រតិភូ  ខណៈបច្ចុប្បន្នលោកមានសំឡេងប្រតិភូត្រឹម ២១៤ប៉ុណ្ណោះ។

មកទល់ពេលនេះ សន្លឹកឆ្នោតប្រមាណ១៣៩លានសន្លឹក ត្រូវបានរាប់ហើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com