អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​ប្រជាធិបតេយ្យ នឹង​បន្តកាន់កាប់​សភា​តំណាង​តែ​ថយ​សំឡេង ឯ​ព្រឹទ្ធសភា​នៅ​ប្រទាញប្រទង់​
05, Nov 2020 , 12:00 pm        
រូបភាព
អាគារសភាអាមេរិក។ រូបភាព៖ AFP
អាគារសភាអាមេរិក។ រូបភាព៖ AFP
ដោយ:
​បក្ស​ប្រជាធិបតេយ្យ នឹង​បន្តកាន់កាប់​សភា​តំណាង​ដដែល ខណៈ​កំពុង​នាំមុខ​បក្ស​សាធារណរដ្ឋ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា​។ នេះ​បើតាម​លទ្ធផល​បោះឆ្នោត​ប​ណ្ដោះ​អាសន្ន​ដែល​ផ្សាយ​ដោយ​កាសែត The New York Times ។ ទោះ​មិនអាច​គ្រប់គ្រង​សភា​តំណាង​បាន បក្ស​សាធារណរដ្ឋ​អាចធ្វើ​បានល្អ ដោយ​អាច​ដណ្ដើម​អាសនៈ​មកវិញ​បាន​ខ្លះ ធៀប​នឹង​ការបោះឆ្នោត​ឆ្នាំ​២០១៨ ។ នៅ​ព្រឹទ្ធសភា​វិញ ការ​ប្រជែង​កៅអី​ភាគច្រើន​នៅ​ប្រទាញប្រទង់​ខ្លាំង​។

 
​លទ្ធផល​បណ្តោះអាសន្ន​ការបោះឆ្នោត បាន​បង្ហាញថា បក្ស​ប្រជាធិបតេយ្យ​កំពុងមាន​២០៥​អាសនៈ ទល់នឹង​១៩០​អាសនៈ​ដែល​បក្ស​សាធារណរដ្ឋ​ទទួលបាន​ក្នុង​សភា​តំណាង​ដែលមាន​អាសនៈ​៤៣៥​។ បក្ស​ប្រជាធិបតេយ្យ​ត្រូវការ​អាសនៈ​បន្ថែមចំនួន​ត្រឹមតែ​១៣​ទៀត​ប៉ុណ្ណោះ​ក្នុងការ​គ្រប់គ្រង​សភា​តំណាង​នីតិកាល​ទី​១១៧​។ សំឡេង​ភាគច្រើន​ដាច់ខាត​គឺ​២១៨​។ អាសនៈ​ចំនួន​៤០​ទៀត ពុំទាន់​ប្រកាស​លទ្ធផល ព្រោះ​ការរាប់​សន្លឹកឆ្នោត​នៅ​បន្តធ្វើ​នៅឡើយ​។​
 
​ក្នុង​សភា​តំណាង​ដដែល តំណាងរាស្ត្រ​ស្ត្រី​ឈានមុខ​ចំនួន​៤​រូប ដែលជា​អតីត​សកម្មជន​បរិស្ថាន សិទ្ធិមនុស្ស សុខភាព និង​សិទ្ធិ​ពលរដ្ឋ​ស្បែក​ខ្មៅ និង​ជា​ឈាម​ជំនាន់​ថ្មី​របស់​បក្ស​ប្រជាធិបតេយ្យ ក៏​ជាប់ឆ្នោត​សារជាថ្មី ដោយ​សំឡេង​យ៉ាងច្រើន​លើសលុប​ទល់នឹង​គូប្រជែង​របស់ខ្លួន​។ តំណាង​រា​ស្រ​ស្ត្រី​ទាំងនោះ​មាន​លោកស្រី Alexandria Ocasio-Cortez, Ilhan Omar, Ayanna Pressley និង Rashida Tlaib​។​
 
​ចំណែកឯ​នៅ​ព្រឹទ្ធសភា​អាមេរិក​វិញ អាសនៈ​ចំនួន​៣៥ ត្រូវដាក់​ប្រកួតប្រជែង​ក្នុងចំណោម​១០០​អាសនៈ​។ បើ​គិត​ជារួម​មក បក្ស​សាធារណៈរដ្ឋ​ទទួលបាន​៤៨​អាសនៈ ចំណែក​បក្ស​ប្រជាធិបតេយ្យ​ទទួលបាន​៤៨​អាសនៈ​ដូចគ្នា ហើយ​មាន​អាសនៈ​៤​ទៀត​ដែល​ពុំទាន់​ចេញ​លទ្ធផល​។ នេះ​យោងតាម​កាសែត The New York Times​។​
 
​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា រដ្ឋ Arizona និង​Colorado ដែលមាន​អាសនៈ​១​រៀងខ្លួន​ធ្លាក់​ទៅក្នុង​ការ​គ្រប់​គ្រង់​របស់​បក្ស​ប្រជាធិបតេយ្យ​វិញ​។ រដ្ឋ​ទាំង​២​ខាងលើ កាលពី​អាណត្តិ​មុន​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ​។ ដូចគ្នានេះដែរ រដ្ឋ Alabama បាន​ទៅ​បក្ស​សាធារណរដ្ឋ​វិញ​។ សម្រេច​សម្រួច លទ្ធផល​បណ្តោះអាសន្ន បង្ហាញថា​បក្ស​ប្រជាធិបតេយ្យ​កើនឡើង​១​អាសនៈ​។​
 
​ចំណែក​អាសនៈ​ចំនួន​៤ នៅ​រដ្ឋ Alaska (​មួយ​អាសនៈ​), Georgia (​ពីរ​អាសនៈ​), North Carolina (​មួយ​អាសនៈ​), និង Alaska(​មួយ​អាសនៈ​) ពុំទាន់​បញ្ចប់​ការរាប់​សន្លឹកឆ្នោត​ឡើយ ដោយ​ការរាប់​សន្លឹកឆ្នោត​ដែល​ផ្ញើរ​តាម​ប្រៃសនីយ៍ ចាប់ផ្តើម​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​៣ វិច្ឆិកា​បញ្ចប់​ទាំងស្រុង​៕

Tag:
 ព្រឹទ្ធសភា​
  សភា​តំណាង​
  បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com