អន្តរជាតិ
អង្គការសហប្រជាជាតិ​លើកឡើងថា ប្រទេស​ក្រីក្រ​ជា​កន្លែង​បោះចោល​រថយន្ត​ដែល​ប្រើ​រួច​
05, Nov 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ រថយន្ដ​ដែល​ត្រូវបាន​ប្រើប្រាស់​រួចហើយ​ត្រូវបាន​ដុតចោល នៅ​ក្រុង Kenosha រដ្ឋ Wisconsin ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ រថយន្ដ​ដែល​ត្រូវបាន​ប្រើប្រាស់​រួចហើយ​ត្រូវបាន​ដុតចោល នៅ​ក្រុង Kenosha រដ្ឋ Wisconsin ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០២០​។​
ដោយ: VOA
​កម្មវិធី​បរិស្ថាន​រប​ស់​អង្គការសហប្រជាជាតិ ដែល​ហៅ​កាត់​ថា UNEP បាន​រាយការណ៍​ថា រថយន្ត រថយន្ត​ដឹកទំនិញ និង​រថយន្តក្រុង​តូចៗ​ដែល​ប្រើ​រួច​ចំនួន​១៤​លាន​គ្រឿង ត្រូវបាន​នាំចេញ​ទៅកាន់​ពិភពលោក​នៅ​ចន្លោះ​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨​។ រថយន្ត​ចំនួន​ប្រហែល​៨០% នៃ​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម ហើយ​ជាង​ពាក់កណ្តាល​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​អាហ្វ្រិក​។​

 
​របាយការណ៍​នេះ​បង្ហាញថា រថយន្ត​មួយ​ទឹក​ចំនួន​រាប់លាន​គ្រឿង ដែល​ត្រូវបាន​នាំ​ចេញពី​អឺរ៉ុប សហរដ្ឋអាមេរិក និង​ជប៉ុន ទៅកាន់​ប្រទេស​កំពុងអភិវឌ្ឍន៍ មានគុណ​ភាព​ទាប និង​ជាការ​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​បំពុល​ខ្យល់ និង​ការប្រែប្រួល​អាកាសធាតុ​។​
 
​ទីភ្នាក់ងារ​ថាមពល​អ​ន្ត​រ​ជាតិ​បាន​រាយការណ៍​ថា រថយន្ត​ដឹកទំនិញ​ធុន​ស្រាល​ចំនួន ១,១ ពាន់​លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក​នាពេល​សព្វថ្ងៃ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​កើន​ទ្វេដង​នៅត្រឹម​ឆ្នាំ​២០៥០​។ អ្នកស្រី Inger Andersen នាយក​ប្រតិបត្តិ​អង្គការ UNEP បាន​និយាយថា ភាគច្រើន​នៃ​កំណើន​នេះ​គឺ​ដោយសារតែ​ការ​នាំចូល​រថយន្ត​ប្រើ​រួច​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍​។​
 
​អ្នកស្រី Inger Andersen បាន​និយាយថា​៖ «​ប៉ុន្តែ​ទំនោរ​បច្ចុប្បន្ន​ដែល​ទីផ្សារ​រថយន្ត​ប្រើ​រួច​កំពុង​ចរាចរណ៍​មានន័យថា ប្រទេស​កំពុងអភិវឌ្ឍន៍​ជាពិសេស​ប្រទេស​អាហ្វ្រិក នឹង​ដើរតួ​ជា​កន្លែង​បោះ ចោល​រថយន្ត​ដែល​តែង​ត្រូវបាន​គេ​ចាត់ទុកថា លែងមាន​សុវត្ថិភាព​គ្រប់គ្រាន់​ឬ​ស្អាត សម្រាប់​ប្រទេស​អភិវឌ្ឍន៍​។ នេះ​ជា​បញ្ហា​នៃ​ភាពត្រឹមត្រូវ​ការគោរព និង​សមភាព​។ ហើយ​ច្បាស់​ណាស់ នេះ​ជា​បញ្ហា​ដ៏​សំខាន់​សម្រាប់​សុខភាព​មនុស្ស និង​បរិស្ថាន​»​។​
 
​អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ថា មនុស្ស​ប្រមាណ​ជា​៧​លាន​នាក់​បាន​ស្លាប់​មុន​វ័យ​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ការបំពុល​ខ្យល់​។ អ្នកស្រី Andersen និយាយថា ការបំពុល​ខ្យល់​នឹង​បន្ត​កើនឡើង ហើយ​ការបន្ត​នាំចេញ​រថយន្ត​មួយ​ទឹក​ទៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ នឹង​រារាំង​ដល់​កិច្ចប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​
 
​អង្គការ​UNEP រកឃើញថា រថយន្ត​មួយ​ទឹក​ដែល​ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាទូទៅ​មិនមាន​សុវត្ថិភាព និង​ជា​មូលហេតុ​នៃ​ការបង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ច្រើន​។ អង្គការ WHO បានចាត់ទុក​តំបន់​អនុសា​ហា​រ៉ា​នៅ​អាហ្វ្រិក ថា​ជាទី​ក្រុង​ដែលមាន​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ អង្គការ​នេះ​រាយការណ៍​ថា ប្រទេស​អាហ្វ្រិក​មាន​អត្រា​មរណៈ​ចំនួន​២៦,៦​ក្នុងចំណោម​គ្រោះថ្នាក់​១០០.០០០​លើក បើ​ប្រៀបធៀប​ទៅ​អឺរ៉ុប​ដែលមាន​អត្រា​មរណៈ​ចំនួន​៩,៣​ក្នុងចំណោម​គ្រោះថ្នាក់​១០០.០០០​លើក​។​
 
​អ្នកស្រី Andersen និយាយថា អង្គការ UNEP មិន​អំពាវនាវ​ឱ្យមាន​ការហាមឃាត់​ទាំងស្រុង​លើ​ការនាំចេញ​រថយន្ត​មួយ​ទឹក​ទៅកាន់​ប្រទេស​កំពុងអភិវឌ្ឍន៍​នោះទេ​។ ប៉ុន្តែ​អ្នកស្រី​និយាយថា ទីផ្សារ​គួរតែមាន​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​ទាំង​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍​។ អ្នកស្រី​បន្ថែមថា ប្រទេស​អភិវឌ្ឍន៍​ត្រូវ​បញ្ឈប់​ការនាំចេញ​រថយន្ត​ដែល​មិន​គោរព​តាម​ស្តង់ដារ​សុវត្ថិភាព និង​បរិស្ថាន និង​រថយន្ត​ដែល​មិន​ត្រូវបាន​ចាត់ទុកថា អាច​បើក​បរបាន​នៅតាម​ផ្លូវ​នៅក្នុង​ប្រទេស​របស់ខ្លួន​។​
 
​អ្នកស្រី Andersen បាន​បន្ថែមទៀតថា «​រថយន្ត​ដែល​ត្រូវគេ​បោះចោល ត្រូវតែ​បោះចោល ឬ​កែច្នៃ​ឡើងវិញ និង​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេង មិនមែន​យកទៅ​ទីផ្សារ​ដែល​អាច​បង្ក​គ្រោះថ្នាក់ ប៉ះពាល់​ដល់​បរិស្ថាន និង​ចរាចរណ៍​លើផ្លូវ​ថ្នល់​នោះទេ​»​។​
 
​របាយការណ៍​នេះ​រកឃើញថា ប្រទេស​អាហ្វ្រិក​ជាច្រើន​មាន​ស្តង់ដារ​គុណភាព​ទាប ដូចជា​ប្រទេស​ម៉ា​រ៉ុ​ក អាល់​ហ្សេ​រី កូ​ឌី​វ័រ ហ្គា​ណា និង​ប្រទេស​ម៉ូ​រី​ស​ជាដើម​។ កាលពី​ខែកញ្ញា អង្គការ UNEP បាន​កត់សម្គាល់ថា សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាងលិច​នឹង​អនុវត្ត​ស្តង់ដារ​រថយន្ត និង​ប្រេងឥន្ធនៈ​ស្អាត​ជាង​មុន ចាប់ពី​ខែមករា ឆ្នាំ​២០២១​តទៅ​៕
 
​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com