ជាតិ
សង្គមជាតិ
ប៉ូលិស​ខេត្តកំពត បកស្រាយ​ថា ប៉ូលិស បាញ់​ផ្ចុច​ដី ដើម្បី​បញ្ឈប់​សកម្មភាព​ជនសង្ស័យ តែ​ផ្លាត​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​
05, Nov 2020 , 3:55 pm        
រូបភាព
កម្លាំងសមត្ថកិច្ច ចុះទៅកន្លែងកើតហិង្សា (រូបពីស្នងការដ្ឋាននគរបាលខេត្តកំពត)
កម្លាំងសមត្ថកិច្ច ចុះទៅកន្លែងកើតហិង្សា (រូបពីស្នងការដ្ឋាននគរបាលខេត្តកំពត)
​ក្រោយ​មានការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ជុំវិញ​រឿង​នគរបាល​ផ្ទុះអាវុធ ពេល​ចុះទៅ​ធ្វើ​អន្តរាគមន៍​បញ្ឈប់​អំពើហិង្សា​បង្កឡើង​ដោយ​មនុស្ស​មួយក្រុម​នៅ​ខេត្តកំពត ហើយ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង ស្នងការដ្ឋាន​នគរ​បាលខេត្តកំពត ក៏​ចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន អំពី​ហេតុការណ៍​នេះ ដើម្បី​ចៀសវាង​ការយល់ច្រឡំ​។​

 
​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត រៀបរាប់ពី​ហេតុការណ៍​ថា នៅ​ម៉ោងជាង​៩​យប់ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ មនុស្ស​មួយក្រុម មាន​គ្នា​៥​នាក់ បាន​កាប់​យុវជន​ម្នាក់​ឈ្មោះ តឿ ចាន់ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត បណ្តាល​ឲ្យ​រងរបួស​ក្បាល​ធ្ងន់​។ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត លើក​មូល​ហេតុថា យុវជន​ឈ្មោះ តឿ ចាន់ អង្គុយ​ផឹក​កាហ្វេ  នៅក្បែរ​ក្រុមមនុស្ស ដែលមាន​គ្នា​៥​នាក់​នោះ ដោយ​យុវជន តឿ ចាន់ បាន​មើលមុខ​ក្នុងចំណោម​អ្នក​ទាំង​៥ ហើយ​ពួកគេ​ខឹង ក៏​តាម​កាប់​យុវជន តឿ ចាន់ ពេល​ចេញពី​ហាង​កាហ្វេ​។​
 
​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បន្តថា កម្លាំង​អធិការដ្ឋាន​នគ​បាល​ក្រុង​កំពត បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ប្រមូល​ព័ត៌មាន​និង​ពង្រាយ​កម្លាំង​តាម​ដងផ្លូវ​ស្ទាក់ចាប់​អ្នក​ទាំង​៥ ដែ​សមត្ថកិច្ច ចាត់ទុក​ជា​ជនសង្ស័យ​។ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បន្ថែមថា ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ​១​គ្រឿង​មាន​គ្នា​២​នាក់ ប៉ុន្តែ​ពួកគេ​ទាំង​២​នាក់ មិន​ព្រម​ឈប់ ហើយ​ថែមទាំង​បើក​បុក​កម្លាំង​សមត្ថកិច្ច​ទៀត បណ្តា​ឲ្យ​សមត្ថកិច្ច​២​នាក់ រងរបួស​។ 
 
​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បកស្រាយ​ក្នុង​សេចក្តីបំភ្លឺ​ព័ត៌មាន​ថា​៖«​ដោយ​ឃើញ​ស្ថានភាព​បែបនេះ កម្លាំង​សមត្ថកិច្ច​ដទៃទៀត ក៏បាន​ផ្ទុះអាវុធ​ផ្ចុច​ដី ដើម្បី​ឲ្យ​ឈប់ [​ហើយ​] បណ្តាល​ឲ្យ​ផ្លាត​គ្រាប់​ត្រូវ​ជនសង្ស័យ​១​នាក់​ស្លាប់ នៅពេលដែល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ និង​ឃាត់ខ្លួន​គូកន​បាន​១​នាក់​»​។​
 
​អ្នក​ទាំង​៥​នាក់​នោះ​គឺ ឈ្មោះ ម៉ម វិបុល អាយុ​២៩​ឆ្នាំ ឈ្មោះ ធម្ម កុម្ភៈ អាយុ​១៦​ឆ្នាំ ឈ្មោះ ម៉ាត់ សើ​គី​រី​ន អាយុ​១៧​ឆ្នាំ ឈ្មោះ សុខ ធា អាយុ​១៧​ឆ្នាំ និង ឈ្មោះ រ៉ា​ន់ អាយុ​ជាង ២០​ឆ្នាំ​។ អ្នក​ដែល​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង គឺ​ឈ្មោះ ម៉ម វិបុល ហើយ​ឈ្មោះ ធម្ម កុម្ភៈ ត្រូវ​ឃាត់​ខ្លះ ខណៈ​៣​នាក់ សមត្ថកិច្ច ពុំ​បញ្ជាក់ថា ត្រូវ​ឃាត់ខ្លួន​ដែរ​ឬ​រត់គេចខ្លួន​។ 
 
​ស្នងការដ្ឋានន​គរ​បាល​ខេត្តកំពត អះអាងថា សកម្មភាព​របស់​កម្លាំង​សមត្ថ​ម​កិច្ច​ខាងលើនេះ គឺ​ស្របតាម​មាត្រា​៣១ រហូតដល់មាត្រា​៣៧ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ យ៉ាងណា ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បញ្ជាក់ថា បាន​ឃាត់​មន្ត្រីនគរបាល​៣​នាក់ ដែល​បង្ក​ឲ្យ​ផ្ទុះអាវុធ​ដើម្បី​អនុវត្តតាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្តតាម​នីតិវិធី​។ 
 
​ជាមួយគ្នានេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​នាំយក​ថវិកា​៤​ពាន់​៥​រយ​ដុល្លារ ទៅជូន​ក្រុមគ្រួសារ​សព សម្រាប់​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ស្នងការដ្ឋាន​នគរ​ខេត្តកំពត ចាត់ទុក ការចូល​ថវិកា​៤​ពាន់​៥​រយ​ដុល្លារ​នេះ ថា​ជា​សន្តាន​ចិត្ត​ប្រកបដោយ​មនុស្សធម៌ និង​ជាការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​។ 
 
​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា នគរបាល​ទាំង​៣​នាក់​នោះ អាច​នឹងត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ​។ លោក និយាយ​មានន័យ​ដូចនឹង​សេចក្តីបំភ្លឺ​ព័ត៌មាន​ដែរ​ថា ការជូន​ថវិកា​ពាន់​៥​រយ​ដុល្លារ​ដល់​ក្រុមគ្រួសារ​សព ជាការ​ចូលរួម​រំលែក​ទុក្ខ មិនមែន​ជាការ​សូកប៉ាន់​ដូច​ការចោទប្រកាន់​លើ​បណ្តាញ​សង្គម​ឡើយ​។ 
 
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ បាន​ចោទ​ជា​សំណួរ​ថា នគរបាល​ខេត្តកំពត បាន​បាញ់​បុរស​នោះ​ស្លាប់ ហើយ​ដឹក​សព​មក​ទៅដល់​ផ្ទះ ជាមួយនឹង​ការ​សងជំងឺចិត្ត​៤​ពាន់​៥​រយ​ដុល្លារ  ដើម្បី​បញ្ជ​ប់​រឿង តើ​ច្បាប់​នៅ​កម្ពុជា មានចែង​បែបនេះ​ដែរ​ឬ​អត់​? ហើយ​នគរបាល ធ្វើ​អ៊ីចឹង​ត្រូវ​ឬ​ខុស​?  
 
​លោក ម៉ម បា​នី ជា​ឪពុក​របស់​បុរស​ឈ្មោះ ម៉ម វិបុល ដែល​បាត់​បង់ជីវិត មិន​ជឿ​ឡើយ​ថា សមត្ថកិច្ច បាញ់កាំភ្លើង​ផ្ទុ​ច​ទៅនឹង​ដី ហើយ​លោក ក៏​មិនអាច​ទទួល​យកបានដែរ​ចំពោះ​ការបកស្រាយ​បែបនេះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ លោក ម៉ម បា​នី មានប្រសាសន៍ថា​៖«​អ្នកចេះ​ច្បាប់ គេ​វិភាគ​ទៅ​ដឹង​ហើយ​...​។ បើ​បាញ់​ផ្ចុច​ទៅ​ដី ទោះបី​ត្រូវ ក៏​មិនអាច​បាត់បង់​ជីវិត​ដែរ ព្រោះ​បើ​បាញ់​ផ្ចុច​ទៅ​ដី គ្រាប់កាំភ្លើង អស់ខ្យល់​ហើយ​...»​។​
 
​លោក ម៉ម បា​នី មានប្រសាសន៍​ទៀតថា ថវិកា​៤​ពាន់​៥​រយ​ដុល្លារ ដែល​ជូនទៅ​ក្រុមគ្រួសារ​លោក គឺ​មិនទាន់​សមរម្យ​ទេ​។ លោក ចង់​ឲ្យ​មាន​ការសង​សំណង​សមរម្យ តែ​លោក ពុំបាន​បញ្ជាក់​ឡើង​ថា ក្រុមគ្រួសារ​លោក ចង់បាន​សំណង​ប៉ុន្មាន​។ លោក លើកឡើងថា​៖«​ឮ​គេ​ថា ៤​ពាន់​៥​រយ​ដុល្លារ​ហ្នឹង គ្រាន់តែ​ជាការ​ចូល​បុណ្យ​ទេ គេ​ថា នឹងមាន​ដំណោះស្រាយ​តាម​ក្រោយ​ទៀត យើង មានតែ​ចាំមើល​តាម​ហ្នឹង​សិន​»​។​
 
​ម្យ៉ាងទៀត លោក ម៉ម បានី ចង់​ឲ្យ​មានការ​ផ្តល់​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​លោក ដោយ​ចាត់ការ​តាម​នីតិវិធី​លើ​នគរបាល ដែលបាន​បង្ក​ការផ្ទុះអាវុធ​បណ្តាល​ឲ្យ​កូន​របស់លោក​ស្លាប់​។ តែ​លោក ប្រាប់ថា ក្រុមគ្រួសារ​លោក មិន​ចង់​ដាក់​បណ្តឹង [​ផ្នែក​រដ្ឋប្បវេណី​] ទៅ​តុលាការ​ឡើយ ដ្បិត​លោក យល់ថា ការ​ប្តឹងផ្តល់​តាមផ្លូវ​តុលាការ ធ្វើ​ឲ្យ​អស់​ថវិកា ខណៈ​ក្រុមគ្រួសារ​លោក មិនសូវមាន​ថវិកា​៕   
 
 

Tag:
 ហិង្សា​
  ផ្ទុះអាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com