កីឡាជាតិ
ជាតិ
ក្រោយ​ចែកផ្លូវ​ជាមួយ​កីឡាករ​ប្រេ​ស៊ី​ល​ពីររូប ព្រះខ័ន​រាជ​ស្វាយរៀង នាំចូល​អ្នកចាំទី Alex You
05, Nov 2020 , 9:59 pm        
រូបភាព
អ្នកចាំទី Alex You (ឆ្វេង)ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង, រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
អ្នកចាំទី Alex You (ឆ្វេង)ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង, រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
ដោយ:
​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានប្រកាស​ពី​ការ​នាំចូល​អ្នកចាំទី​ខ្មែរ​បារាំង Alex You ដែលជា​អតីត​អ្នកចាំទី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន និង​បឹងកេត​។ ម្ចាស់​ជើងឯក​លី​គ​កំពូល​ឆ្នាំ​២០១៩ មួយ​នេះ ក៏បាន​ប្រកាស​ពី​ការចែក​ផ្លូវ​ជាមួយ​កីឡាករ​បរទេស​ពីររូប​ផងដែរ​។

 
​ក្រោយ​បាត់​មុខ​ពី​លាន​វាលស្មៅ​មួយ​រដូវ​កាល បន្ទាប់ពី​ចែកផ្លូវ​ជាមួយ​ក្លិប​បឹងកេត​កាលពី​ឆ្នាំ​២០១៩ អ្នកចាំទី​ខ្មែរ​-​បារាំង Alex You បាន​រកឃើញ​ទ្រនំ​ថ្មី​ហើយ គឺ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​។ បើតាម​ការប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ ពុំបាន​បញ្ចាក់​ពី​សុពលភាព​នៃ​កិច្ចសន្យា​រវាង​ក្លិប និង​អ្នកចាំទី​រូបនេះ​ឡើយ​។ 
 
Alex You មាន​បទពិសោធ​ជោគជាំ​ជាមួយ​ក្លិប​អាជីព​នៅ​ប្រទេស​បារាំង ហើយ​រូបគេ​ធ្លាប់ជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៤​ឆ្នាំ​របស់​ប្រទេសមួយ​នេះ​ទៀតផង​។ អ្នកចាំទី​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​រូបនេះ បានមក​ប្រកប​អាជីព​លើកដំបូង​ជា​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៨ ក្រោយមក​ផ្ទេរ​ទៅ​ក្លិប​បឹងកេត​នៅ​ឆ្នាំ​២០១៩ ហើយ​ក៏បាន​ចែកគ្នា​វិញ​ក្រោយ​ចប់​រដូវ​កាល​។ 
 
​ក្រោយ​ចែកផ្លូវ​ជាមួយ​បឹងកេត មាន​ពាក្យ​ចចាមអារ៉ាម​ថា អ្នកចាំទី​រូបនេះ បានប្រកាស​ចូល​និវត្ត​ពី​អាជីព​ជា​កីឡាករ​។ ភ្លាមៗ​នោះ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន Alex You បាន​ចេញមក​ច្រានចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន​នេះ​។ ហើយ​អះអាងថា រូបគេ​មិនបាន​និយាយ​បែបនេះ​ឡើយ​។ រូបគេ បានចាត់ទុក​ការចុះផ្សាយ​ខុស​ការពិត ជាការ​សម្លាប់​អាជីព​របស់ខ្លួន​។   
 
​អ្នកចាំទី​វ័យ​២៦​ឆ្នាំ​រូបនេះ ត្រូវ​ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង​រារាំង​សំណាញ់​ទី​ក្នុងការ​ប្រកួត​ពាន​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ក្នុង​រដូវ​កាល​ឆ្នាំ​២០២១​។ ជាពិសេស​ការប្រកួត​វគ្គ​ជម្រុះ AFC Cup 2020 ដែល​បាន​ពន្យា​ពេល​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​សម្រាប់​ការប្រកួត AFC Cup ក្រុម​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់ Conor Nestor នៅសល់​ការប្រកួត​ចំនួន​៣ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Than Quang Ninh របស់​វៀតណាម​, Ceres-Negros របស់​ហ្វីលីពីន និង Bali United របស់​ឥណ្ឌូណេស៊ី​។ សម្រាប់​ការប្រកួត​ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រកួត Ceres-Negros ក្នុង​លទ្ធផល ៤-០, ចាញ់ Than Quang Ninh ៤-១ និង​ឈ្នះ Bali United ក្នុង​លទ្ធផល ២-១​។ 
 
​មួយថ្ងៃ​មុន​ការចុះកិច្ចសន្យា​ជាមួយ Alex You ក្លិប​ជើងឯក​លី​គ​កំពូល​ឆ្នាំ​២០១៩ មួយ​នេះ បានសម្រេច​មិន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​ប្រេ​ស៊ី​ល​ចំនួន​ពីររូប​រួមមាន Thiago Santos និង Pedro Augusto៕    
 
 
 

Tag:
 បាល់ទាត់​
  Alex You
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com