កីឡាជាតិ
ជាតិ
ក្រោយ​ជួយ​បឹងកេត​លើក​ពាន​លី​គ​កំពូល លោក គឹម ភក្តី ត្រូវបានតែងតាំង​ជា​គ្រូ​បង្គោល​
05, Nov 2020 , 5:02 pm        
រូបភាព
លោក គឹម ភក្តី ត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកក្រុមបឹងកេត
លោក គឹម ភក្តី ត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកក្រុមបឹងកេត
ដោយ:
លោក គឹម ភក្តី ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូ​បង្គោល​ក្លិប​បាល់ទាត់​បឹងកេត ក្រោយ​កាន់​តួនាទី​ជា​បង្វឹក​បណ្តោះអាសន្ន​ជិត​មួយ​រដូវ​កាល​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្លិប​បឹងកេត នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។

 
​ក្រោយ​ជួយ​ដឹកនាំ​ក្លិប​បឹងកេត គ្រង​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០២០ ជាមួយ​កំណត់ត្រា​មិន​ស្គាល់​ចាញ់ លោក គឹម ភក្តី ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្លិប​បឹងកេត​ជា​ផ្លូវការ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។ គ្រូបង្វឹក​ឆ្នើម​ប្រចាំខែ​កក្កដា និង​សីហា ក្នុង​លី​គ​កំពូល​រូបនេះ មាន​ភារកិច្ច​ដ៏​ធំ​មួយ គឺ​ត្រូវ​ដឹកនាំ​ក្រុម​បឹងកេត​ប្រជែង​ដណ្តើមពាន​ក្នុងការ​ប្រកួត AFC Cup 2021 ដែល​គ្រោង​ចាប់ផ្តើម​នៅ​អំឡុង​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​។ 
 


​លោក បែ មករា អគ្គលេខាធិការ​ក្លិប​បាល់ទាត់​បឹងកេត​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការតែងតាំង​លោក គឹម ភក្តី ជា​គ្រូបង្វឹក​ផ្លូវការ​ថា ដោយសារ​គ្រូបង្វឹក​រូបនេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​រៀបចំ​ក្រុម និង​មាន​ចក្ខុវិស័យ​ស្រប​ជាមួយ​ក្លិប ដែល​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ធនធាន​។ 
 
​លោក​បាន​រៀបរាប់​បន្ថែមថា​៖«​យើង​ពិត​ជាមាន​មោទកភាព​ចំពោះ​អ្វី ដែល​លោកគ្រូ ភក្តី បានធ្វើ​កន្លងមក​ជាមួយ​ក្លិប ពិតណាស់​គាត់​បាន​ដឹកនាំ​បឹងកេត​ឱ្យ​ឈ្នះ​ពាន​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០២០ និង​ជា​លើក​ទី​៤​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រោម​ការដឹកនាំ​របស់​គាត់ យើង​បានបញ្ចប់​រដូវ​កាល​ដោយ​មិន​ស្គាល់​បរាជ័យ​ទាល់តែសោះ​»​។ 
 
​លោក គឹម ភក្តី ម្ចាស់​ពាន​គ្រូបង្វឹក​ល្អ​ជាងគេ​ប្រចាំ​លី​គ​កំពូល​រដូវ​កាល​ឆ្នាំ​២០២០ ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្លិប​បឹងកេត​បណ្តោះអាសន្ន ជំនួស​លោក Apisit Im Amphai កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​។ មុន​មកកាន់​តំណែង​ជា​គ្រូបង្វឹក លោក ភក្តី កាន់​តួនាទី​ជា​នាយក​បច្ចេកទេស​រប​ស់​ក្លិប​បឹងកេត​៕  


​លោក គឹម ភក្តី (កណ្តាល)ពេលឡើងទទួលពានរង្វាន់គ្រូបង្វឹកល្អជាងគេប្រចាំលីគកំពូលឆ្នាំ២០២០

Tag:
 បាល់ទាត់​
  គីម ភក្តី​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com