COVID-19
អន្តរជាតិ
អ្នកឆ្លងកូវីដ-១៩ ឡើងដល់ជាង៤៩លាន ខណៈអាមេរិកមានករណីថ្មីជាង១១ម៉ឺនកាលពីម្សិលមិញ
06, Nov 2020 , 9:46 am        
រូបភាព
ដោយ: រួបរួម
តួលេខអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក ឡើងដល់ជាង៤៩លាននាក់ហើយ ដោយគិតត្រឹមព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា នេះ ដែលក្នុងនោះអ្នកស្លាប់ឡើងដល់ឃាង១.២៣លាននាក់ និងសះស្បើយ ជិត៣៥លាននាក់។ សហរដ្ឋអាមេរិក ដែលកំពុងចម្រូងចម្រាសរឿងរាប់សន្លឹកឆ្នោតជ្រើសរើសប្រធានាធិបតី កើនករណីថ្មីដល់ទៅជាង១១ម៉ឺននាក់ និងស្លាប់ជាង១០០០នាក់ កាលពីម្សិលមិញ។



ករណីថ្មីជាង១១ម៉ឺនបន្ថែមទៀត នាំឲ្យសហរដ្ឋអាមេរិក មានអ្នកឆ្លងសរុបជិត១០លាននាក់ហើយ ដែលក្នុងស្លាប់ជាង២៤ម៉ឺននាក់។ ឥណ្ឌាស្ថិតនៅលំដាប់លេខ២ដែលមាន៨.៤១លានករណី (ស្លាប់ជាង១២ម៉ឺននាក់) បន្ទាប់មកប្រេស៊ីល មានជាង៥.៦១លានករណី (ស្លាប់ជាង១៦ម៉ឺននាក់)។

រុស្ស៊ី បារាំង អេស្ប៉ាញ អាហ្សង់ទីន ចក្រភពអង់គ្លេស និងកូឡុំប៊ី ដែលក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងលើសពី១លាននក់ ហើយមានអ្នកស្លាប់រាប់រយនាក់ជារៀងរាល់ថ្ងៃ។ ម៉ិកស៊ិក និងប៉េរូ មានជាង៩០ម៉ឺនករណីរៀងៗខ្លួន អ៊ីតាលី មានជាង៨០ម៉ឺនករណី អាហ្វ្រិកខាងត្បូង មានជាង៧០ម៉ឺនករណី។ អ៊ីរ៉ង់ និងអាល្លឺម៉ង់ ជាង៦០ម៉ឺនករណីរៀងៗខ្លួន រីឯស៊ីលី មានជាង៥០ម៉ឺនករណី។

បន្ទាប់ពីឥណ្ឌា អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ឥណ្ឌូណេស៊ី ជាប្រទេសដែលរងគ្រោះដោយសារកូវីដ-១៩ ខ្លាំងជាងគេនៅអាស៊ី។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយ កើនដល់ជាង៤២ម៉ឺនករណី ក្នុងនោះស្លាប់ជាង១៤០០០នាក់ ដោយនាំមុខហ្វីលីពីន (ជិត៣៩ម៉ឺនករណី)។ មីយ៉ាន់ម៉ា មានតួលេខជិតស្មើសិង្ហបុរី ក្នុងរង្វង់៥៨០០០ករណី។

ម៉ាឡេស៊ី មានករណីថ្មីជាង១០០០ទៀត ដែលធ្វើឲ្យចំនួនសរុបឡើងដល់ជាង៣៦០០០ករណី រីឯថៃមាន៣៨១០ករណី វៀតណាម១២០៧ករណី កម្ពុជា២៩២ករណី ព្រុយណេ ១៤៨ករណី ទីម័រខាងកើត៣០ករណី និងឡាវ២៤ករណី។ នៅអាស៊ីអាគ្នេយ៍ ករណីជាច្រើនត្រូវបានព្យាបាលសះស្បើយ ហើយកម្ពុជា ទីម័រខាងកើត និងឡាវ មិនមានករណីស្លាប់នោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com