COVID-19
ជាតិ
៩ខែនេះ អាជីវកម្មទេសចរណ៍ ជិត៣ពាន់កន្លែងបិទទ្វារ និងប៉ះពាល់បុគ្គលជាង៥ម៉ឺននាក់ ដោយសារវិបត្តិកូវីដ-១៩
× ភ្នំពេញ៖ ការរីករាលជាសាកលនៃជំងឺកូវីដ-១៩(COVID-19) បានធ្វើឱ្យអាជីវកម្មនានាក្នុងវិស័យទេសចរណ៍នៅកម្ពុជា បិទនិងព្យួរ រហូតដល់ចំនួន២,៨៣៨ទីតាំង ដែលស្មើនឹងជិត៣០ភាគរយនៃអាជីវកម្មទេសចរណ៍សរុប ក្នុងរយៈពេលត្រឹម៩ខែដើម ឆ្នាំ២០២០។ អាជីវកម្មទេសចរណ៍ដែលបិទទ្វារទាំងនេះ គឺបានធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកប្រមាណ៥ម៉ឺននាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។
លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងចំណោមអាជីវកម្មទេសចរណ៍ដែលបិទទ្វារ នៅទូទាំងប្រទេសនេះ មាន៦៥៨ទីតាំង ស្ថិតនៅក្នុងខេត្តសៀមរាប (ស្មើនឹងជាង៦០ភាគរយ) ដែលធ្វើឱ្យបុគ្គលិកក្នុងអាជីវកម្មជាង១,៦ម៉ឺននាក់ បាត់បង់ការងារ ដោយសារតែជំងឺកូវីដ-១៩។
បើតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ក្នុងរយៈពេល៩ខែឆ្នាំ២០២០កន្លងមក ក្រៅពីខេត្តសៀមរាបដែលបុគ្គលិកក្នុងអាជីវកម្មទេសចរណ៍បាត់បង់ការងារ នោះ ក៏មានខេត្តគោលដៅទេសចរណ៍៦ផ្សេងទៀតបិទអាជីវកម្មទេសចរណ៍ ផងដែរ។ ក្នុងនោះ អាជីវកម្មទេសចរណ៍ រាជធានីភ្នំពេញ បានបិទទ្វារចំនួន៧៩៤ទីតាំង ប៉ះពាល់ដល់បុគ្គលិកជាង១,៦ម៉ឺននាក់, ខេត្តព្រះសីហនុ មានអាជីវកម្មទេសចរណ៍បិទទ្វារ ១២១ទីតាំង ប៉ះពាល់បុគ្គលិកជាង១,៥០០នាក់, ខេត្តកំពត មានអាជីវកម្មទេសចរណ៍បិទទ្វារ ១១៨ទីតាំង ប៉ះពាល់បុគ្គលិកជាង១,១០០នាក់។ ខេត្តបាវិត មានអាជីវកម្មទេសចរណ៍បិទទ្វារ ៦០ទីតាំង ប៉ះពាល់បុគ្គលិកជិត១,៣០០នាក់ និងខេត្តកែប មានអាជីវកម្មទេសចរណ៍បិទទ្វារ ១២ទីតាំង ប៉ះពាល់បុគ្គលិកជិត២០០នាក់។
កន្លងមក រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានប្រកាសថា នៅក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងបាត់បង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៣,០០០លានដុល្លារ ព្រោះតែវិបត្តិកូវីដ-១៩៕
Tag:
ជាតិ
សេដ្ឋកិច្ច
ទេសចរណ៍
អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com