សង្គមអន្តរជាតិ​
អន្តរជាតិ
គ្រូបង្វឹក​ស៊ុយអែត​បដិសេធ Ibrahimovic ត្រឡប់​ចូល​ជម្រើសជាតិ​វិញ
06, Nov 2020 , 8:59 pm        
រូបភាព
ពាក្យ​ចចាមអារ៉ាម​ក្នុងការ​វិលត្រឡប់​រប​ស់ Zlatan Ibrahimovic ទៅកាន់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស៊ុយអែត​វិញ​ត្រូវបាន​គ្រូបង្វឹក​លោក Janne Andersson បដិសេធ​។​
Ibrahimovic ខ្សែប្រយុទ្ធ​ក្រុម AC Milan បាន​បង្ហើប​ប្រាប់​កាលពីដើម​សប្តាហ៍​នេះ​ថា ខ្លួន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុងការ​ត្រឡប់​ពី​ការចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ដែលមាន​រយៈពេល​ជាង​៤​ឆ្នាំ​កន្លងមកនេះ​។​



​មួយថ្ងៃ​បន្ទាប់ពី​រក​គ្រាប់​បាល់​ទី​៨ ដោយ​ជួយ AC Milan ឈ្នះ Udinese ២-១ ក្នុង​ក្របខណ្ឌ Serie A ខ្សែប្រយុទ្ធ​វ័យ​៣៩​ឆ្នាំ​រូបនេះ ក៏បាន​បង្ហោះ​រូប​ដែល​រូបគេ​ពាក់អាវ​របស់​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់ខ្លួន​។​
 
Ibrahimovic បានដាក់​ចំណងជើង​រូបភាព​នោះ​ថា «​ខាន​ឃើញ​យូរហើយ​»​។ ការ​បង្ហោះ​រូបភាព​ដោយ​ភ្ជាប់ពាក្យ​បែបនេះ ហាក់ដូចជា​បង្ហាញថា អតីត​កីឡាករ Manchester United, Barcelona, PSG រូបនេះ​នឹកនា និង​ចង់​ត្រឡប់​ទៅកាន់​ក្រុម​ជម្រើសជាតិ​វិញ​។​
 
https://www.facebook.com/ZlatanIbrahimovic/posts/3726444414041599
 
​យ៉ាងណាក៏ដោយ នៅក្នុង​ការប្រកាស​សមា​សភាព​សមាជិក​ក្រុម​ស៊ុយអែត​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ដើម្បី​ត្រៀម​ប្រកួត​ពាន National League គ្រូបង្វឹក​លោក Andersson បានបញ្ជាក់​ច្បាស់​ថា ទ្វារ​ត្រូវបាន​បិទ​ហើយ​សម្រាប់​ការវិលត្រឡប់​របស់​អតីត​ប្រធាន​ក្រុម​រូបនេះ​។​
 
​លោក Andersson បាន​ប្រាប់​កាសែត​ស៊ុយអែត Aftonbladet ថា​៖ «​មាន​អ្នកខ្លះ បាន​និយាយថា​មាន​អ្វី​នៅ​ពីក្រោយ​ការ​បង្ហោះ​រូបថត​នោះ​។ ប៉ុន្តែ​ខ្ញុំ​មិន​យល់​ពី​អត្ថន័យ​របស់​វា​ទេ​។ ខ្ញុំ​មិន​ចង់​បន្ថែម​កម្លាំង​ច្រើនពេក​ទេ​។ រយៈពេល​៤​ឆ្នាំកន្លះ​ចាប់តាំងពី​គាត់​បាន​និយាយថា​គាត់​បញ្ចប់​អាជីព​ឲ្យ​ក្រុម​ជម្រើសជាតិ ហើយ​ខ្ញុំ​គោរព​គាត់​បំផុត​ដូចជា​កីឡាករ​ដទៃទៀត​ដែល​បាន​សម្រេចចិត្ត​ដូចគ្នា​»​។​
 
​ស៊ុយអែត នឹងត្រូវ​ទទួល​ក្រុម​ក្រូ​អាស៊ី​ក្នុង​ការប្រកួត National League នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា មុន​ធ្វើដំណើរ​ទៅ​ប៉ះ​បារាំង​នៅ​៣​ថ្ងៃ​បន្ទាប់​៕

Tag:
 Zlatan Ibrahimovic
  Janne Andersson
© រក្សាសិទ្ធិដោយ thmeythmey.com