អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃ​ឌិន ខិត​កាន់តែ​កៀក​ជ័យជម្នះ តែ​លោក ត្រាំ ប្រកាស​បន្ត​ប្រយុទ្ធ​ដល់ទី​បំផុត​
07, Nov 2020 , 9:46 am        
រូបភាព
បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ឌិន កំពុង​ខិត​កាន់តែ​កៀក​ទៅរក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដោយ​កំពុង​នាំមុខ​គូប្រជែង ដូ​ណា​ល់ ត្រាំ ទាំង​ចំនួន​ប្រតិភូ​តំណាង​អ្នកបោះឆ្នោត ទាំង​ចំនួន​សន្លឹកឆ្នោត​ដែល​កំពុង​រាប់​នៅ​រដ្ឋ​សំខាន់ៗ​។ លោក ត្រាំ ដែល​កំពុង​ចាញ់​ប្រៀប បានប្រកាស​បន្ត​ប្រយុទ្ធ​ដល់ទី​បំផុត និង​ចាប់ផ្ដើម​នីតិវិធី​ច្បាប់​ទៅកាន់​តុលាការ​កំពូល​ដើម្បី​ជំទាស់​លទ្ធផល​ការបោះឆ្នោត​។​

 
​គិត​ត្រឹម​ថ្ងៃទី​៧ ខែវិច្ឆិកា (​ម៉ោង​នៅ​កម្ពុជា​) លោក ចូ បៃ​ឌិន មាន​ចំនួន​ប្រតិភូ​ចំនួន​២៦៤​នាក់ ដែល​នៅសល់តែ​៦​នាក់​ទៀត នឹង​គ្រប់​ចំនួន​២៧០​នាក់​ដែល​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​ប្រធានាធិបតី​អាមេរិក​។ នេះ​បើតាម​លទ្ធផល​ដែល​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AP ។ ចំ​ណែ​លោក ដូ​ណា​ល់ ត្រាំ ដែល​ត្រូវ​ការការពារ​តំណែង​ប្រធានាធិបតី​របស់ខ្លួន កំពុង​ចាញ់​ប្រៀប ដោយមាន​ប្រតិភូ​ចំនួន​២១៤​នាក់ ហើយ​កំពុង​ត្រូវ​លោក បៃ​ឌិន នាំមុខ​នៅ​រដ្ឋ​ដែល​សន្លឹកឆ្នោត កំពុង​ត្រូវបាន​រាប់​។​
 
​បច្ចុប្បន្ន លោក បៃ​ឌិន នាំមុខ​នៅ​រដ្ឋ Pennsylvania (២០​ប្រតិភូ​), Georgia (១៦​ប្រតិភូ​) និង Nevada (៦​ប្រតិភូ​) ហើយ​សំឡេង​របស់លោក ក៏​បន្ត​កើនឡើង ក្រោយ​សន្លឹកឆ្នោត​ដែល​បោះ​តាម​ប្រៃសណីយ៍ និង​បោះ​មុន​កំណត់ ត្រូវបាន​រាប់​ជា​បន្តបន្ទាប់​។ លោក ត្រាំ នាំមុខ​នៅ​រដ្ឋ North Carolina (១៥​ប្រតិភូ​) និង Alaska (៣​ប្រតិភូ​) តែ​សំឡេងឆ្នោត​របស់លោក បៃ​ឌិន កំពុង​កើន​ឡើងទៅ​កៀក​ផងដែរ​។​
 
​លើកលែង​រដ្ឋ Alaska ចេញ ចំនួន​សន្លឹកឆ្នោត​នៅ​រដ្ឋ​ផ្សេងទៀត ត្រូវបាន​រាប់​សឹង​អស់​ទៅហើយ​។ បើ​និន្នាការ​នេះ​បន្ត​ទៅមុខ លោក បៃ​ឌិន ប្រាកដ​ឈ្នះ​ចំនួន​ប្រតិភូ​លើស​២៧០ ហើយ​ក្លាយជា​ប្រធានាធិបតី​ជាប់ឆ្នោត​មិន​ខាន​។​
 
​ខណៈ​កំពុង​តាម​ពីក្រោយ​គូប្រកួត លោក ត្រាំ មិន​សុខចិត្ត​ឡើយ ហើយ​ប្រកាស​បន្ត​ប្រយុទ្ធ​តាមផ្លូវ​ច្បាប់​នឹង​អ្វីដែល​លោក​ចាត់ទុកជា​ការលួចបន្លំ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​សេត​វិមាន​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា លោក ត្រាំ បញ្ជាក់ថា​៖ «​យើង​នឹង​បន្តដំណើរ​ការ​នេះ (​ការបោះឆ្នោត​) តាម​នីតិវិធី​ច្បាប់​ទាំងអស់​ដើម្បី​ធានាថា ប្រជាជន​អាមេរិក​មាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​របស់​យើង​។ ខ្ញុំ​មិន​បោះបង់​ការប្រយុទ្ធ​ដើម្បី​អ្នក និង​ជាតិ​យើង​ឡើយ​។​»
 
​នៅលើ Twitter ឯណោះ លោក ត្រាំ បាន​ប្រាប់​ឲ្យ​លោក បៃ​ឌិន កុំ​ទាន់​ប្រកាស​ជ័យជម្នះ​។ លោក​សរសេរថា​៖ «​ចូ បៃ​ឌិន មិនគួរ​ទាមទារ​ឲ្យ​ខុសឆ្គង​ការិយាល័យ​ប្រធានាធិបតី​ឡើយ​។ ខ្ញុំ​ក៏​អាច​ប្រកាស​ដូចនេះ​ដែរ​។ ដំណើរការ​ច្បាប់​កំពុង​ចាប់ផ្ដើម​ហើយ​៕»
 
 
 
 
 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  បោះឆ្នោត​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com