ជាតិ
រយៈពេល ៩​ខែ កម្ពុជា​រក​ចំណូល​ពី​សហគមន៍​ទេសចរណ៍​បាន​ជាង ២៥​លាន​ដុល្លារ​
07, Nov 2020 , 3:29 pm        
រូបភាព
ដោយ:
​ការផ្ដល់​សេវាកម្ម​ទេស​ចរណ៍ ក្នុង​តំបន់ការពារធម្មជាតិ​មិន​ត្រឹមតែ​ជួយ​ការពារ​ធនធានធម្មជាតិ ថែមទាំង​ជា​ផ្នែក​មួយ រកចំណូលបាន​រាប់លាន​ដុល្លារ​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​។ ការផ្ដល់​សេវាកម្ម​ទេស​ចរណ៍ ក្នុង​តំបន់ការពារធម្មជាតិ ១២​កន្លែង ក្នុង​រយៈពេល​៩​ខែ​នេះ ប៉ាន់​ស្មានថា​បាន​ចាក់​បញ្ចូល​ថវិកា​ជាង ២៥​លាន​ដុល្លារ ដល់​សេដ្ឋកិច្ច​មូលដ្ឋាន​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​


​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០២០ ទេសចរ​ជាង ៥៣,៦​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​នៅតាម​សហគមន៍​ទេសចរណ៍ធម្មជាតិ​ចំនួន​២២ ដោយ​ក្នុងនោះ​មាន​ទេសចរ​ជាតិ​ជិត ៥៣​ម៉ឺន​នាក់ និង​ទេសចរ​អន្តរជាតិ​ជាង ៧​ពាន់​នាក់​។ ការផ្តល់​សេវាកម្ម​ទេស​ចរណ៍​ក្នុង​សហគមន៍​ទេសចរណ៍ធម្មជាតិ ដល់​ទេសចរ​ក្នុង​ចំនួន​នេះ បា​នរក​ថវិកា​ចំនួន ២៥.២១​លាន​ដុល្លារ ចាក់​ចូលក្នុង​សេដ្ឋកិច្ច​មូលដ្ឋាន​។ នេះ​ជាការ​លើកឡើង​របស់លោក នេត្រ ភក្ត្រា នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ 
  

រូបភាពដោយលោក ឈន សុផាត

​លោក នេត្រ ភក្ត្រា បាន​បន្តថា ដើម្បី​អភិរក្ស ក៏ដូចជា​អភិវឌ្ឍ​តំបន់ការពារធម្មជាតិ គឺ​តម្រូវ​ឲ្យ​មាន​ការជួយ​ដល់​ប្រជាជន​ក្នុង​តំបន់ការពារធម្មជាតិ​ឲ្យ​មាន​ជីវភាព​ប្រសើរឡើង ដោយមាន​ការបង្កើត​មុខរបរ​ថ្មី ជម្រើស​នៃ​ការរក​ប្រាក់ចំណូល ក្រៅពី​ការពឹង​ផ្អែកលើ​ទិន្នផល​របស់​ព្រៃឈើ​។ លើសពីនេះ តម្រូវ​ឲ្យ​មានការ​អប់រំ ណែនាំ​ប្រជា​សហគមន៍​ឲ្យ​បាន​យល់ដឹង​ពី​គុណសម្បត្តិ​នៃ​ធនធានធម្មជាតិ ជៀសវាង ការកាប់បំផ្លាញ​ព្រៃឈើ ដោយ​ខុសច្បាប់​។​
 
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានបញ្ជាក់​ដូច្នេះ​ថា​៖ « រាជរដ្ឋាភិបាល​កម្ពុជា​មាន គោលនយោបាយ​ប្រែក្លាយ​ទីតាំង​មួយចំនួន​ក្នុង​តំបន់ការពារធម្មជាតិ​ខ្លះ ដែលមាន​សក្តានុពល​ទេសចរណ៍​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដើម្បី​បង្កើន​សេដ្ឋកិច្ច​សម្រាប់​សហគម​ន៍​មូលដ្ឋាន ចូលរួម​អភិវឌ្ឍ និង​ធ្វើឱ្យមាន​កំណើន សេដ្ឋកិច្ចជាតិ ហើយ​ចូលរួម​ពង្រឹង​ប្រសិទ្ធភាព​អភិរក្ស​ធនធានធម្មជាតិ​និង ជីវៈចម្រុះ » ។​
 
​សហគមន៍​ទេសចរណ៍ធម្មជាតិ បច្ចុប្បន្ន​មាន​ចំនួន ២២ គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ៣៥ ០០៣ ហិកតា​ក្នុង​តំបន់ការពារធម្មជាតិ​ចំនួន ១២ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៨ រួមមាន រតនគិរី កំពង់​ស្ពឹ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កំពត កំពង់ឆ្នាំង​។  នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក នេត្រ ភក្ត្រា​៕ 


 រូបភាពដោយលោក ឈន សុផាត

Tag:
 សហគមន៍​ទេសចរណ៍​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com