ជាតិ
សង្គមជាតិ
COVID-១៩៖ រដ្ឋាភិបាល​សម្រេច​បិទ​KTV ក្លឹប​កម្សាន្ត រោងភាពយន្ត និង​សារមន្ទីរ​វិញ ក្រោយ​បើក​ដំណើរការ​៤​ខែ​
08, Nov 2020 , 5:12 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​សម្រេច​ការបិទ KTV ក្លឹប​កម្សាន្ត រោងភាពយន្ត និង​សារមន្ទីរ នៅ​ទូទាំងប្រទេស ដើម្បី​ការពារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​លិខិត​របស់​ក្រសួងសុខាភិបាល នា​ថ្ងៃទី​៨ ​វិច្ឆិកា​។

 
​ការសម្រេច​ការបិទ KTV ក្លឹប​កម្សាន្ត រោងភាពយន្ត និង​សារមន្ទីរ នៅ​ទូទាំងប្រទេស សាជាថ្មី​នេះ គឺ​ក្រោយ​រដ្ឋាភិបាល​បាន​បើក​ឱ្យ​ដំណើរការ​ដោយ​គោរព​តាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល អស់​រយៈពេល​ជាង​៤​ខែ​កន្លងមក​។ 
 
​តាមរយៈ​លិខិត​ខាងលើ​ដែល​ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ប្រាប់​ដល់​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​, ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​គណៈ​អភិបាល​រាជធានី​-​ខេត្ត ការបិទ KTV ក្លឹប​កម្សាន្ត រោងភាពយន្ត និង​សារមន្ទីរ គឺ​អនុវត្ត​ចាប់ពី​ថ្ងៃទី​៨​វិច្ឆិកា ឆ្នាំ​២០២០​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​
 
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​ស្នើឱ្យ​រដ្ឋមន្ត្រី និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ចាត់ចែង​អនុវត្ត​ទៅតាម​សមត្ថកិច្ច​របស់ខ្លួន ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

© រក្សាសិទ្ធិដោយ thmeythmey.com