ជាតិ
បទសម្ភាសន៍
វីដេអូ
អតីត​ដំរី​នៅ​អង្គរ​កំពុង​រីករាយ​នឹង​ជីវិត​បែប​ធម្មជាតិ​ក្នុងព្រៃ​ក្បែរ​ជើងភ្នំ​គូលែន​
08, Nov 2020 , 9:59 pm        
រូបភាព
​សៀមរាប​៖ តើ​លោកអ្នក​នៅចាំ​សត្វ​ដំរី​នៅ​តំបន់​អង្គរ​ដែរឬទេ​? អស់​រយៈពេល​១​ឆ្នាំ​មកហើយ ដែល​វា​បាន​ចាក​ចេញពី​តំបន់​ប្រាសាទ ដែល​ធ្លាប់តែ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ពី​ប្រាសាទ​មួយ​ទៅ​ប្រាសាទ​មួយ តែ​ឥឡូវនេះ​វា​បាន​ទៅ​រស់នៅ​ក្នុងព្រៃ​មួយកន្លែង​ក្បែរ​ជើងភ្នំ​គូលែន ជាទី​កន្លែង​ដែល​ម្ចាស់​របស់​វា​ដាក់ឱ្យចូល​និវត្តន៍​។ វា​កំពុង​រស់នៅ​ដោយ​សប្បាយរីករាយ​បែប​ធម្មជាតិ ជា​ជីវិត​ដែល​សត្វព្រៃ​គ្រប់​ប្រភេទ​តែង​ប្រាថ្នា​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ទស្សនា​វីដេអូ​នៃ​កិច្ច​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ពី​យ៉ូ​ត ដាវី​ដ​ហ្សា​យា (David-Jaya PIOT) សហ​ស្ថាបនិក​នៃ​គម្រោង Kulen Elephant Forest ដូចតទៅ​
 
 
​ក្រុម​ដំរី​អង្គរ បាន​ប្ដូរ​ឈ្មោះ​មកជា Kulen Elephant Forest បន្ទាប់ពី​អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​ឱ្យ​ស្ថាប័ន​នេះ​បញ្ចប់​អាជីវកម្ម​ប្រើ​សត្វ​ដំរី​សម្រាប់​ដឹកជញ្ជូន​ទេសចរ​នៅ​តំបន់​ប្រាសាទ​។ សត្វ​ដំរី​ញី​ចំនួន ១១​ក្បាល បាន​ផ្លាស់​ទីលំនៅ​ពី​ជម្រក​នៅ​ខាងកើត​ភ្នំ​បាខែង ទៅកាន់​ភូមិ​បុស្ស​ធំ ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ដែលមាន​ចំងាយ​ប្រមាណ​៤៥​គីឡូ​មែត្រ​ពី​ទី​រួម​ខេត្តសៀមរាប នា​ចុងឆ្នាំ​២០១៩ និង​ដំរី​ឈ្មោល​២​ក្បាល​ទៀត ទើប​បញ្ចូនទៅ​លំនៅ​ថ្មី​នា​ចុងខែ សីហា ឆ្នាំ​២០២០​។​
 
​លោក ដា​វីដ សហ​ស្ថាបនិក​នៃ​គម្រោង Kulen Elephant Forest បាន​និយាយថា គោលបំណង​សំខាន់​របស់​ស្ថាប័ន​លោក​នៅពេលនេះ គឺ​ធ្វើយ៉ាងណា​ឱ្យ​ដំរី​ទាំង​១៣​ក្បាល ចូលនិវត្តន៍​បាន​ស្រួល និង​រស់នៅ​ដោយមាន​ការថែទាំ​ល្អប្រសើរ​។ លោក​បន្ថែមថា នៅ​កន្លែង​ថ្មី​នេះ​ដំរី​អាច​ដើរហើរ​ក្នុងព្រៃ​ធម្មជាតិ​ដែលមាន​ទឹកអូរ​ហូរ​កាត់​ដ៏​ត្រកាល​ប្រមាណ​១០​ហិកតា ហើយ​ទៅ​អនាគត​សត្វ​ដំរី​អាច​ចល័ត​ទី​ក្នុង​រង្វង់​ព្រៃ​សហគមន៍​ភូមិ​បុស្ស​ធំ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​២០០​ហិកតា ដែល​គម្រោង Kulen Elephant Forest សហការ​ជាមួយ​សហគមន៍ ក៏ដូចជា​មានការ​អនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ 
 
​សហ​ស្ថាបនិក Kulen Elephant Forest ដែលជា​កូនកាត់​បារាំង (​ម្ដាយ​ជនជាតិខ្មែរ​) លោក ដា​វីដ បាន​ប្ដេជ្ញា​ថា លោក​នឹង​មើលថែ​សត្វ​ដំរី​ទាំង​១៣​ក្បាល​ដោយ​យកចិត្តទុកដាក់​បំផុត​។ ដំរី​ទាំង​១៣​ក្បាល មាន​អាយុ​ចន្លោះ​ពី​ជាង​៣០​ឆ្នាំ ទៅ​ជាង​៦០​ឆ្នាំ ហើយ​ដំរី​ដែល​អាយុ​ច្រើនជាងគេ វា​មាន​សភាព​ខ្សោយកម្លាំង និង​មាន​ជំងឺ​ច្រើន ដូចជា​បញ្ហា​ពោះវៀន​ជាដើម​។ លោក ដា​វីដ ប្រាប់ថា នៅ​កន្លែង​លោក​មាន​ដំរី​ចាស់​របៀបនេះ​តែមួយ​ក្បាល​ប៉ុណ្ណោះ​ដែល​ក្រុមការងារ​កំពុង​មើលថែទាំ​ខ្លាំង​។ យ៉ាងណា សហ​ស្ថាបនិក Kulen Elephant Forest បញ្ជាក់ថា លោក​ក៏បាន​ត្រៀម​សម្រាប់​ការមើល​ថែ​ដំរី​ដទៃទៀត ដែល​នឹង​ចាស់ៗ​នាពេលខាងមុខ​។​
 
Kulen Elephant Forest បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​បែប​ធម្មជាតិ​ថ្មី​នៅក្នុង​ខេត្តសៀមរាប ដោយ​ភ្ញៀវទេសចរ​ដើរ​ទស្សនា​សត្វ​ដំរី​នៅក្នុង​ព្រៃ មើល​ដំរី​លេង​ទឹក និង​ស៊ី​ចំណី​។ លោក ដា​វីដ ពន្យល់ថា ចំណូល​ពី​ការទិញ​កញ្ចប់​ទស្សនា​នេះ គឺ​លោក​យកមក​សម្រាប់​ការថែទាំ​និង​អភិរក្ស​សត្វ​ដំរី​ចាស់ៗ​។ ក្រៅពីនេះ Kulen Elephant Forest ក៏មាន​បំណង​រៀបចំ​កន្លែង​នេះ ជា​កន្លែង​បង្កាត់​ពូជ​សត្វ​ដំរី​ស្រុក​មួយ​ផងដែរ ដែល​បង្កើន​ចំនួន​ដំរី​ស្រុក ដែលមាន​ចំនួន​តិច​នាពេល​បច្ចុប្បន្ន​។ លើសពីនេះ ស្ថាប័ន​នេះ​ក៏បាន​គិតគូរ​ពី​ការ​គម្រោង​សង់​គ្លីនិក​ដំរី ដែលមាន​បំពាក់​ឡា​បូ​ពិនិត្យ​អរ​ម៉ូ​ន និង​ពិនិត្យ​ព្យាបាល​ជំ​ងី​ដំរី​ផងដែរ​៕
 










 
 
 

Tag:
 ដំរី​អង្គរ​
  គូលែន​
  Kulen Elephant forest
© រក្សាសិទ្ធិដោយ thmeythmey.com