អន្តរជាតិ
អនាគត​អនុ​ប្រធានាធិបតី​ស្ត្រី​ដំបូង​របស់​អាមេរិក កា​ម៉ា​ឡា ហារី​ស មាន​ប្រវត្តិ​បែបណា​?
09, Nov 2020 , 9:39 pm        
រូបភាព
 សមាជិកព្រឹទ្ធសភារដ្ឋ California អ្នកស្រី កាម៉ាឡា ហារីស (Kamala Harris)
សមាជិកព្រឹទ្ធសភារដ្ឋ California អ្នកស្រី កាម៉ាឡា ហារីស (Kamala Harris)
ដោយ:
​សមាជិក​ព្រឹទ្ធសភា​រដ្ឋ California អ្នកស្រី កា​ម៉ា​ឡា ហារី​ស (Kamala Harris) នឹង​ក្លាយជា​ស្ត្រី​ដំបូង​គេ​, ជនជាតិ​ស្បែក​ខ្មៅ​ទីមួយ និង​អាមេរិក​កាត់​អាស៊ី (​ឥណ្ឌា​) ទីមួយ ដែល​ជាប់ឆ្នោត​ឡើង​ធ្វើជា​អនុ​ប្រធានាធិបតី​អាមេរិក​។ មុន​ឈានដល់​ដំណាក់កាល​នេះ តើ​អ្នកស្រី​ឆ្លងកាត់​ការអប់រំ​ដល់​កម្រិតណា និង​មាន​បទពិសោធ​ការងារ​អ្វីខ្លះ​?

 
​កើត​នៅ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​១៩៦៤ ក្នុង​ទីក្រុង Oakland រដ្ឋ California ឪពុក​របស់​អ្នកស្រី ហារី​ស ដែលជា​ជនជាតិ​ហ្សា​ម៉ា​អ៊ី​ក ជា​គ្រូបង្រៀន​នៅ​សកល​វិទ្យាល័យ​ល្បី​អាមេរិក Stanford​។ ចំណែក​ម្ដាយ​អ្នកស្រី ដែលជា​កូនស្រី​អ្នកការទូត​ឥណ្ឌា​ម្នាក់ មាន​អាជីព​ជា​អ្នកស្រាវជ្រាវ​ជំងឺមហារីក​។ អ្នកស្រី ហារី​ស មាន​ប្អូនស្រី​ម្នាក់ ឈ្មោះថា ម៉ា​យ៉ា (Maya) ដែលជា​មេធាវី និង​ជា​អ្នក​ផ្ស​ព្ធ​ផ្សាយ​គោលនយោបាយ​សាធារណៈ​។ 
 
​និយាយ​ពី​កម្រិតវប្បធម៌ ក្នុង​ឆ្នាំ​១៩៨៦ យុវតី ហារី​ស បានបញ្ចប់​បរិញ្ញាប័ត្រ​ផ្នែក​សេដ្ឋកិច្ច​និង​វិទ្យាសាស្ត្រ​នយោបាយ នៅ​សកល​វិទ្យាល័យ Howard ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ដែល​ស្គាល់​ទូទៅ​ថា​ជា​សកល​វិទ្យាល័យ​សម្រាប់​ពួក​ស្បែក​ខ្មៅ​។  ៣​ឆ្នាំ​បន្ទាប់ អ្នកស្រី​បន្ត​យក​សញ្ញាប័ត្រ​ផ្នែក​ច្បាប់​មួយទៀត​ពី​សកល​វិទ្យាល័យ California ។​
 

រូបថតអ្នកស្រី កាម៉ាឡា ហារីស កាលរៀននៅសកលវិទ្យាល័យ Howard 

​ក្រោយ​រៀន​ច្បាប់​ចប់​រួច  អ្នកស្រី ហារី​ស បាន​ចូល​ធ្វើជា​អនុប្រធាន​រដ្ឋអាជ្ញា​តំបន់​មួយ​ក្នុង​ទីក្រុង Oakland រដ្ឋ California ចាប់ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​១៩៩៨ ។ អ្នកស្រី​ល្បី​ថា​ម៉ឺងម៉ាត់​ខ្លាំង នៅពេល​កាត់ក្តី​សំណុំរឿង​រសើបៗ ដូចជា អំពើហិង្សា​ពួក​ពាល ការជួញដូរ​គ្រឿងញៀន និង​ការរំលោភបំពាន​ផ្លូវភេទ​ជាដើម​។ 
 
​ជាមួយ​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បី អ្នកស្រី​ត្រូវបាន​ដំឡើង​ឋានៈ​មួយកម្រិត​ទៀត ដោយ​ក្លាយជា​ប្រធាន​រដ្ឋអាជ្ញា​តំបន់​ក្នុង​ឆ្នាំ​២០០៤​។ ៦​ឆ្នាំក្រោយ អ្នកស្រី ហារី​ស ត្រូវបាន​បោះឆ្នោត​ឲ្យ​ឡើង​ធ្វើជា​អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ California ហើយ​ក្លាយជា​ស្ត្រី​ដំបូង ក៏ដូចជា​ជនជាតិ​អាមេរិក​កាត់​អាស៊ី​ទីមួយ ដែល​កាន់តំណែង​ខ្ពស់​បែបនេះ​។ ក្រោយ​ចូលកាន់​តំណែង​នេះ អ្នកស្រី ប្រកាស​ជំហរ​ឯករាជ្យ ហើយ​បដិសេធ​សម្ពាធ​នយោបាយ​ដែល​ព្យាយាម​ដាក់​លើ​អ្នកស្រី​។ 
 
​នៅ​ដើមឆ្នាំ​២០១៥ អ្នកស្រី ហារី​ស បានប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​ព្រឹទ្ធសភា​តំណាង​រដ្ឋ California​។ អំឡុង​ឃោសនា​រក​សំឡេងឆ្នោត អ្នកស្រី​បានទាមទារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​គោលនយោបាយ​អន្តោប្រវេសន៍​, បង្កើន​ប្រាក់​ឈ្នូ​ល​អប្បបរមា និង​កិច្ចការពារ​លើ​សិទ្ធិ​បន្ត​ពូជ ។ អ្នកស្រី ហារី​ស បានឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០១៦ ដោយ​ស្រួល​។ 
 

អ្នកស្រី ហារីស ពេលស្បថចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភាអាមេរិករដ្ឋ California មកពីបក្សប្រជាធិបតេយ្យ 

​ក្រោយ​ចូលកាន់​តំណែង​នេះ​ក្នុង​ខែមករា ឆ្នាំ​២០១៧ អ្នកស្រី បាន​ចូល​បម្រើការ​ក្នុង​គណៈកម្មាធិការ​នីតិកម្ម (Judiciary Committee) របស់​ព្រឹទ្ធសភា​អាមេរិក​។ ៥​ខែក្រោយ​ធ្វើការ​ងារ​នេះ អ្នកស្រី​បាន​ទាញ​ចំណាប់អារម្មណ៍​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក និង​ពលរដ្ឋ​អាមេរិក​ទូទៅ ក្រោយ​បើក​ការសាកសួរ​ចម្លើយ​លោក Jeff Sessions រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក ពាក់ព័ន្ធ​សំណុំរឿង​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​ពី​សំណាក់​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១៦​។ កាលនោះ​អ្នកស្រី​ថែមទាំង​បានទាមទារ​ឲ្យ​លោក Sessions ចុះ​ចេញពី​តំណែង​ទៀតផង​។ 
 
​ទោះ​អាណត្តិ​ជា​សមាជិក​ព្រឹទ្ធសភា​មាន​រយៈពេល​ខ្លី​មែន អ្នកស្រី ជា​អ្នកជំរុញ​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​សុខាភិបាល​អាមេរិក ការផ្ដល់​សញ្ជាតិ​ឲ្យ​ពួក​អន្តោប្រវេសន៍​ខុសច្បាប់  កំណែទម្រង់​ពន្ធដារ និង​ការហាមឃាត់​ការប្រើ​អាវុធ​ជាដើម​។ 
 
​មហិច្ឆតា​មាន​កាន់តែ​ធំ​ឡើង​សម្រាប់​ស្ត្រី​ស្បែក​ខ្មៅ​កាត់​ឥណ្ឌា​រូបនេះ​។ នៅ​ដើមឆ្នាំ​២០១៩ អ្នកស្រី ហារី​ស បានប្រកាស​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​តំណាង​បក្ស​ប្រជាធិបតេយ្យ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០​។ ពីដំបូង​ឡើយ អ្នកស្រី ត្រូវបាន​មើលឃើញថា​ជា​គូប្រជែង​នាំមុខ​ម្នាក់​ក្នុង​ជួរ​បក្ស​ប្រជាធិបតេយ្យ ពោលគឺ​នៅពេល​អ្នកស្រី​ប៉ះ​សម្តី​គ្នា​ជាមួយ​លោក ចូ បៃ​ឌិន អំឡុង​ការជជែក​ដេញដោល​បឋម​មួយ​។ 
 
អ្នកស្រី ហារីស ប៉ះសម្តីជាមួយលោក បៃឌិន អំឡុងការជជែកដេញដោលក្នុងជួរបក្សប្រជាធិបតេយ្យ 
 
​ថ្វីបើ​មានការ​ចាប់ផ្ដើម​ល្អ​ក្តី ក្រុម​ឃោសនា​អ្នកស្រី​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៩ ក្រោយ​ការស្ទង់មតិ​ជា​បន្តបន្ទាប់​បង្ហាញថា អ្នកស្រី​ធ្លាក់​ប្រជាប្រិយ​ភាពខ្លាំង​។ ទីបំផុត ក្នុង​ខែធ្នូ អ្នកស្រី​បានប្រកាស​ដកខ្លួន​ចេញពី​ប្រណាំងប្រជែង​កៅអី​បេក្ខជន​តំណាង​បក្ស​ប្រជាធិបតេយ្យ​។ 
 
​ទោះ​ដកខ្លួន​ក៏ពិតមែន អ្នកស្រី នៅ​បន្ត​ចេញមុខ​ចេញ​មាត់​ខ្លាំង​ទាមទារ​ធ្វើកំណែទម្រង់​យុត្តិធម៌​សង្គម បន្ទាប់ពី​ការស្លាប់​លោក George Floyd បុរស​ស្បែក​ខ្មៅ ក្រោម​ដៃ​ប៉ូលិស​ក្នុងពេល​ស៊ើបសួរ​។ ដោយ​មើលឃើញថា អយុត្តិធម៌​សង្គម​ផ្នែក​ពូជសាសន៍​និង​ពណ៌​សម្បុរ ក្លាយជា​ប្រធាន​ចម្បង​ក្នុង​សហរដ្ឋអាមេរិក ខាង​បក្ស​ប្រជាធិបតេយ្យ​ភាគច្រើន បានស្នើ​ឲ្យ​លោក បៃ​ឌិន ជ្រើសរើស​ស្ត្រី​ស្បែក​ខ្មៅ ធ្វើជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់លោក​។ 
 
​ដូច​ការរំពឹងទុក ក្នុង​ខែសីហា ឆ្នាំ​២០២០ លោក ចូ បៃ​ឌិន រើសយក​អ្នកស្រី ហារី​ស​។ ទោះ​សន្លឹកឆ្នោត​ក្នុង​បោះឆ្នោត​អាមេរិក​មិនទាន់​រាប់​អស់​ក្តី លោក ចូ បៃ​ឌិន និង​អ្នកស្រី ហារី​ស មាន​សំឡេង​គ្រប់គ្រាន់​ទៅហើយ​។ បើ​គ្មានអ្វី​ប្រែប្រួល អ្នកស្រី នឹង​ក្លាយជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​ដែល​ជាប់ឆ្នោត​ក្លាយជា​អនុ​ប្រធានាធិបតី​អាមេរិក​ដែរ​។​
 
​ជា​វិភាគទាន​សម្រាប់​វិស័យ​អប់រំ អ្នកស្រី ហារី​ស បាន​សរសេរ​សៀវភៅ​៣​ចំណងជើង រួមមាន Smart on Crime បោះពុម្ព​ឆ្នាំ​២០០៩, The Truths We Hold បោះពុម្ព​ឆ្នាំ​២០១៩ និង Superheroes Are Everywhere ជា​សៀវភៅ​កូនក្មេង បោះពុម្ព​ដើមឆ្នាំ​២០១៩៕ 
 

លោក ចូ បៃឌិន និងអ្នកស្រី កាម៉ាឡា ហារីស ក្រោយប្រកាសថាឈ្នះការបោះឆ្នោតឆ្នាំ២០២០

Tag:
 សហរដ្ឋអាមេរិក​
  កា​ម៉ា​ឡា ហារី​ស​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com