កីឡាជាតិ
ជាតិ
ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រដាល់​គុន​ខ្មែរ​ត្រូវបាន​លើក​ពេល រីឯ​តាម​ទូរទស្សន៍​ផ្អាក​បណ្តោះអាសន្ន
10, Nov 2020 , 8:29 am        
រូបភាព
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
ដោយ:
​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សម្រេច​លើក​ពេល​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ សហព័ន្ធ​នឹង​ប្រាប់​ពី​ពេលវេលា​ប្រកួត​សាជាថ្មី ក្រោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកពាក់ព័ន្ធ​ជាមួយ​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់​។

 
​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០២០ នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ការលើក​ពេល​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ទៅ​រៀបចំ​នៅពេល​ក្រោយ​។ តាម​គម្រោងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ គ្រោង​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​១៦-២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ​។​
 
​បើតាម​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ការលើក​ពេល​នឹងធ្វើ​រហូតដល់​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកពាក់ព័ន្ធ​ជាមួយ​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ត្រូវ​បានបញ្ចប់ និង​គ្មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​ក្នុងករណី​រកឃើញថា អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ផ្ទុក​ជំងឺ​រាតត្បាត​ជា​សកល​មួយ​នេះ ការពន្យា​ពេល​អាចមាន​រយៈពេល​កាន់តែ​យូរ​។ 
 
​មិនមែន​មានតែ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នោះទេ សូម្បី​ការប្រកួត​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍ ក៏ត្រូវ​ផ្អាក​សកម្មភាព​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក តែម ម៉ឺន ដែល​បាន​បន្ថែមថា ការសម្រេច​នេះ គឺ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដ្បិត​សហព័ន្ធ​ចង់​តម្កល់​ផលប្រយោជន៍​រួម​ជាធំ​។ 
 
​ការសម្រេច​ខាងលើ​ធ្វើឡើង​១​ថ្ងៃក្រោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ផ្អាក​ការលេង​កីឡា និង​ហាត់ប្រាណ​គ្រប់​ប្រភេទ​កីឡា ដែលមាន​លក្ខណៈ​ជួបជុំ និង​បិទ​ការចេញចូល​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ជា​បណ្តោះអាសន្ន​។ ការផ្អាក​នេះ ធ្វើឡើង​ក្រោយ​កម្ពុជា​រកឃើញ​អង្គរក្ស​ម្នាក់ ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី Peter Szijjarto មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។ 
 
​អង្គរក្ស​រូបនេះ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពេល លោក ធ្វើជា​អង្គរក្ស​ការពារ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លោក Peter ត្រូវបាន​រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ប្រទេស​ថៃ​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ជំនួប​រវាង​រដ្ឋមន្ត្រី​រូបនេះ ជាមួយ​លោក ប្រា​យុទ្ធ ចាន់​អូ​ចារ ត្រូវបាន​លុបចោល​។ 
 
​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក Peter បាន​ជួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​, លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​, លោក ប៉ាន សូរ​ស័ក្តិ រដ​មន្ត្រី​ក្រសួង​ពា​ណិ​ជ្ចក​ម្ម​, លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល រួមទាំង​មន្ត្រីជាន់ខ្ពស់​មកពី​ស្ថាប័ន​នានា ក្រុម​អង្គរក្ស និង​អ្នកសារព័ត៌មាន​ជាច្រើនរូប​ទៀត​។​
 
​គិត​ត្រឹម​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​ប្រមូលបាន​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជាង​៩០០​នាក់​ហើយ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្ត​រក​មេរោគ​នៃ​ជំងឺ​កូ​វីដ​-១៩​។ ថ្ងៃនេះ​ជា​ថ្ងៃទី​២ នៃ​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​។ ការធ្វើ​តេស្ត​លើក​ទី​៣​និង​លើក​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ និង​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០៕  
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  តែម ម៉ឺន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com