COVID-19
អន្តរជាតិ
COVID-19៖ ឥណ្ឌូណេស៊ីមានជាង៤៤ម៉ឺនករណី ហ្វីលីពីនជិត៤០ម៉ឺន មីយ៉ាន់ម៉ាជាង៦ម៉ឺន
10, Nov 2020 , 9:39 am        
រូបភាព
ដោយ: រួបរួម
នៅតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី និងហ្វីលីពីន បន្តរងគ្រោះខ្លាំងដោយសារកូវីដ-១៩ ដោយកើនខ្ទង់ពាន់ករណីជារៀងរាល់ថ្ងៃ និងមានមនុស្សស្លាប់ជាបន្តបន្ទាប់។ មីយ៉ាន់ម៉ា ករណីច្រើនជាងសិង្ហបុរី និងម៉ាឡេស៊ីវិញ រីឯថៃ និងវៀតណាមស្ថិតក្នុងខ្ទង់ពាន់ ស្របពេលកម្ពុជាឡើងដល់៣០០នាក់។



ឥណ្ឌូណេស៊ី មានជាង៤៤ម៉ឺនករណី ដែលជាចំនួនច្រើនជាងគេលំដាប់ទីបួននៅក្នុងទ្វីបអាស៊ី បន្ទាប់ពីឥណ្ឌា អ៊ីរ៉ង់ និងអ៊ីរ៉ាក់។ ប្រទេសដែលធំជាងគេនៅអាស៊ីអាគេ្នយ៍នេះ មានអ្នកស្លាប់ជាង១៤០០០នាក់ និងសះស្បើយជាង៣៧ម៉ឺននាក់។

ហ្វីលីពីន មានចំនួនជិតដល់៤០ម៉ឺនករណី ក្នុងនោះស្លាប់ជាង៧៦០០នាក់ និងសះស្បើយជាង៣៦ម៉ឺននាក់។ មីយ៉ាន់ម៉ា ស្ថិតនៅលំដាប់ទី៣ នៅអាស៊ីអាគ្នេយ៍ ដោយមានជិត៦២០០០ករណី (ស្លាប់ជាង១៤០០, សះស្បើយជាង៤៦០០០)។

សិង្ហបុរី មានជិត៥៩០០០ករណី (ស្លាប់២៨, សះស្បើយជាតិ៥៨០០០), ម៉ាឡេស៊ី មានជាង៤១០០០ករណី (ស្លាប់២៩៤, សះស្បើយជិត៣ម៉ឺន)។ ថៃ មាន៣៨៤០ករណី (ស្លាប់៦០, សះស្បើយជាង៣៦០០) និងវៀតណាម មាន១២១៥ករណី (ស្លាប់៣៥, សះស្បើយជាង១ពាន់)។

ករណីឆ្លង៣នាក់ទៀតក្រោយដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថា «ព្រឹត្តិការណ៍៣វិច្ឆិកា» នាំឲ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាឡើងដល់៣០០នាក់ ដែលក្នុងនោះ២៨៨នាក់ បានព្យាបាលសះស្បើយ។

ព្រុយណេ រក្សាតួលេខ១៤៨ករណី ដោយស្លាប់៣ ហើយនៅសល់តែម្នាក់ដែលកំពុងសម្រាកព្យាបាល ដូចទីម័រខាងកើត និងឡាវ។ ទីម័រមាន៣០ករណី រីឯឡាវ មាន២៤ករណី។

គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នេះដែរ ករណីឆ្លងសរុបលើពិភពលោក ឡើងដល់ជាង៥១.២៣លានករណី (ស្លាប់ជាង១.២៦លាននាក់ និងសះស្បើយជាង៣៦លាននាក់)។ សហរដ្ឋអាមេរិក មានជាង១០លានករណី ឥណ្ឌាជាង៨.៥លានករណី, ប្រេស៊ីលជាង៥.៦លានករណី ខណៈបារាំង រុស្ស៊ី អេស្ប៉ាញ អាហ្សង់ទីន ចក្រភពអង់គ្លេស និងកូឡុំប៊ី សុទ្ធតែមានជាង១លានករណីរៀងៗខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com