COVID-19
អន្តរជាតិ
ក្រុមហ៊ុន Pfizer ថា វ៉ាក់សាំង COVID-19 របស់ខ្លួន មាន​ប្រសិទ្ធភាព​លើស​៩០​ភាគរយ
10, Nov 2020 , 2:27 pm        
រូបភាព
ក្រុមហ៊ុនផលិតឱសថ Pfizer។ រូបភាព៖AFP
ក្រុមហ៊ុនផលិតឱសថ Pfizer។ រូបភាព៖AFP
ដោយ:
​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 របស់​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer និង BioNTech ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​ឯករាជ្យ​វាយតម្លៃថា មាន​ប្រសិទ្ធភាព​លើស​៩០​ភាគរយ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាងថា ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​គឺ​ខ្ពស់ជាង​ការរំពឹងទុក​ក្នុងការ​បង្ការ​ជំងឺ​។​

 
​ក្រុមហ៊ុន Pfizer និង BioNTech  បាន​តេស្ត​វ៉ាក់សាំង COVID-19 របស់ខ្លួន​លើ​មនុស្ស​ចំនួន​៤​ម៉ឺន​៤​ពាន់​នាក់​នៅ​ដំណាក់កាល​ទី​បី​។ មនុស្ស​ក្រុមទី​១​ទទួលបាន​វ៉ាក់សាំង​ពិតប្រាកដ និង​ក្រុមទី​២​ទទួលបាន​វ៉ាក់សាំង​បញ្ឆោត​(placebo)​។ ក្រោយ​ការធ្វើ​តេស្ត មនុស្ស​ចំនួន​៩៤​នាក់​ប៉ុណ្ណោះ​ដែល​ឆ្លង​ជំងឺ COVID-19​។ 
 
​បើតាម​ទិន្ន័យ ចំនួន​អ្នក​ឆ្លង​ជំងឺ​COVID-19 ភាគច្រើន​នៅក្នុង​ការធ្វើ​តេស្ត​នេះ ជា​អ្នកទទួលបាន​វ៉ាក់សាំង​បញ្ឆោត​។ ដោយ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​៩០​ភាគរយ ក្រុមហ៊ុន​Pfizer សន្និដ្ឋានថា មាន​អ្នកទទួល​វ៉ាក់សាំង​ក្នុង​ចំនួន​តិចតួច​បំផុត​ឆ្លង​ជំងឺ​COVID-19​។​
 
​លោក​វេជ្ជបណ្ឌិត Gregory Poland អ្នកស្រាវជ្រាវ​ផ្នែក​វីរុស និង​វ៉ាក់សាំង​អះអាងថា លទ្ធផល​ខាងលើ​ជា​រឿង​គួរ​ឲ្យ​លើកទឹកចិត្ត ប៉ុន្តែ​វា​ជា​លទ្ធផល​ដំបូង​តែប៉ុណ្ណោះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​មែនទែនទៅ ការសិក្សា​ចង់ដឹងថា តើ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​មុននឹង​មនុស្ស​ចំនួន​១៦៤​នាក់​ចាប់ផ្តើម​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​COVID-19 ។ ទិន្ន័យ​របស់​ក្រុមហ៊ុន​បង្ហាញថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​លើសពី​៩០​ភាគរយ​នេះ នៅពេល​មាន​មនុស្ស​ឆ្លង​ត្រឹមតែ​៩៤​នាក់​ប៉ុណ្ណោះ​។ Pfizer បញ្ជាក់ថា​នឹង​បន្ត​ការធ្វើ​តេស្ត​វ៉ាក់សាំង​រហូត​មាន​ករណី​ឆ្លង​១៦៤​នាក់ ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​។​
 
​បើទោះបីជា​វ៉ាក់សាំង​ខាងលើ​បង្ហាញ​ប្រសិទ្ធភាព​ខ្ពស់​ក្តី ភាពមិនច្បាស់លាស់​ជាច្រើន​នៅតែ​ត្រូវ​សិក្សា​ដូចជា​តើ​វ៉ាក់សាំង​អាច​ការពារ​អាកា​រៈ​ធ្ងន់ធ្ងរ ឬទេ តើ​វ៉ាក់សាំង​អាច​បង្ការ​ការឆ្លង​បានយូរ​ប៉ុណ្ណា និង​វ៉ាក់សាំង​អាចមាន​ប្រសិទ្ធភាព​លើ​មនុ​ស្សវ័យ​ចំណាស់​ដល់​កម្រិតណា​? ត្រង់ចំណុច​នេះ លោក Eleanor Riley សាស្ត្រាចារ្យ​ផ្នែក​ភាពស៊ាំ និង​ជំងឺឆ្លង​នៃ​សាកលវិទ្យាល័យ Edinburgh អះអាងថា បើសិន​ចង់បាន​វ៉ាក់សាំង​ដែល​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​ការស្លាប់ ក៏ដូចជា​ចង់​ឲ្យ​ប្រជាជន​មួយ​ភាគ​ធំ​ត្រឡប់មក​ជីវភាព​ធម្មតា​វិញ វ៉ាក់សាំង​ត្រូវតែមាន​ប្រសិទ្ធភាព​ទៅលើ​មនុស្ស​វ័យ​ចំណាស់​។​
 
​ក្រៅតែពី​នេះ អ្នកវិទ្យាសាស្ត្រ​ក៏​លើ​ជា​សំណួរ​ផងដែរ ថា តើ​វ៉ាក់សាំង​របស់ Pfizer អាច​បង្ការ​បាន​ទាំងស្រុង​នូវ​ការឆ្លង​ជំងឺ​COVID-19 ឬ​គ្រាន់តែ​កាត់បន្ថយ​អាកា​រៈ​ធ្ងន់ធ្ងរ​សម្រាប់​អ្នកជំងឺ​នៅពេល​ឆ្លង​COVID-19 ?
 
​ទាក់ទង​រឿងនេះ Pfizer ក៏​បង្ហាញ​បំណង​ផងដែរ​ក្នុង​ការទទួល​ការយល់ព្រម​ក្នុ​ការប្រើប្រាស់​វ៉ាក់សាំង​នេះ​សម្រាប់​មនុស្ស​អាយុ​ពី​១៦ ទៅ​៨៥​ឆ្នាំ​។ ប៉ុន្តែ​ការចែក​ចាយ​វ៉ាក់សាំង​ត្រូវ​ស្ថិតក្រោម​ការសម្រេចចិត្ត​ពី​អាជ្ញាធរ​ឱសថ និង​ស្បៀងអាហារ (FDA) និង CDC របស់​អាមេរិក ត្បិត​អី​ការផលិត​វ៉ាក់សាំង​មាន​ចំនួន​តិចតួច​។​
 
​អាជ្ញាធរ​ឱសថ និង​ស្បៀងអាហារ កំណត់ថា វ៉ាក់សាំង​អាច​ប្រើប្រាស់​ក្នុង​ស្ថានការណ៍​អាសន្ន​បាន ដរាបណា មាន​ប្រសិទ្ធភាព​លើសពី​៥០​ភាគរយ​។ បើទោះបីជា​ទិន្ន័យ​ស្តីពី​ប្រសិទ្ធភាព​មិនទាន់មាន​គ្រប់​ជ្រុងជ្រោយ​ក្តី វ៉ាក់សាំង​របស់​Pfizer និង BioNTech ទំនងជា​អាច​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់ បើសិនជា​វា​ដំណើការ​ដូច​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​បញ្ចប់​ការធ្វើ​តេស្ត​សព្វគ្រប់​៕

© រក្សាសិទ្ធិដោយ thmeythmey.com