COVID-19
អន្តរជាតិ
មន្ត្រីទូតម្នាក់របស់ហុងគ្រីនៅបាងកក តេស្តវិជ្ជមាន COVID-19
10, Nov 2020 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរសុខាភិបាលថៃ បានប្រកាសនៅថ្ងៃអង្គារនេះ ពីករណីវិជ្ជមាន COVID-19 របស់មន្ត្រីទូតហុងគ្រីម្នាក់ ប្រចាំនៅទីក្រុងបាងកក។ យោងតាមការផ្សាយរបស់ AP ករណីនេះ ត្រូវបានគេសន្និដ្ឋានថា មានទំនាក់ទំនងជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅប្រទេសថៃ នាថ្ងៃទី៤ ខែវិច្ឆិកា។



អ្នកការទូតដែលតេស្តវិជ្ជមាននោះ មានអាយុ៥៣ឆ្នាំ ដែលត្រូវបានជឿជាក់ថា មានទំនាក់ទំនងផ្ទាល់ជាមួយលោក Szijjarto។ រដ្ឋមន្ត្រីការបរទេសហុងគ្រី បានទៅដល់បាងកក កាលពីថ្ងៃទី៤ ខែវិច្ឆិកា ហើយមានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ពោលគឺមួយថ្ងៃក្រោយដំណើរទស្សនកិច្ចនៅកម្ពុជា។

លោក Szijjarto បានបង្ខំចិត្តលុបចោលជំនួបជាមួយមេដឹកនាំថៃ ហើយត្រូវបញ្ជូនតាមយន្តហោះពិសេសទៅប្រទេសកំណើតខ្លួន។ រីឯនៅកម្ពុជាឯណេះវិញ មនុស្ស៤នាក់ តេស្តឃើញវិជ្ជមាន ក្រោយមានទំនាក់ទំនងជាមួយរដ្ឋមន្ត្រីរូបនេះ ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចហៅថា «ព្រឹត្តិការណ៍៣វិច្ឆិកា» ដោយជៀសវាងការលើកនិយាយពីហុងគ្រី ដើម្បីកុំឲ្យមានបញ្ហាការទូតនាពេលអនាគត។

ករណីដំបូង គឺកើតលើអង្គរក្សដែលការពារប្រតិភូ ហើយបីនាក់បន្ថែមទៀតដែលបានតេស្តឃើញកាលពីថ្ងៃទី៩ ខែវិច្ឆិកា មានលោក សួស យ៉ារ៉ា សមាជិកសភា រួមជាមួយអគ្គនាយករងម្នាក់របស់ក្រសួងកសិកម្ម និងលោកឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម៕


© រក្សាសិទ្ធិដោយ thmeythmey.com