ជាតិ
ច​ត្តា​ឡី​ស័ក​! ជាម​ន្ត្រី មិនចាំបាច់​ឲ្យ​នាយករដ្ឋមន្ត្រី និយាយ​ណែនាំ​ច្រើនដង​ពេក​នោះទេ​
10, Nov 2020 , 4:57 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើជាអធិបតីជាមួលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាងកម្ពុជានិងចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី១២  ខែតុលា ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើជាអធិបតីជាមួលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាងកម្ពុជានិងចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
ក្នុងចំណោមអ្នក ដែលបាន​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី មានមន្ត្រី​កម្ពុជា​មួយចំនួន​តូច ហាក់​ថ្លោះធ្លោយ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក រហូតដល់​សម្តេចនាយក​រដ្ឋមន្ត្រី សុំ​អង្វរករម្តងជាពីរដង ឲ្យ​ពួកគេ អនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាម​ន្ត្រី មិនគួរ​ឲ្យ​នាយករដ្ឋមន្ត្រី និយាយ​ច្រើនដង ដោយសារតែ​រឿង​ងាយ​យល់​បែបនេះ​ឡើយ​។​

 
 
​មិនមែន​ត្រឹមតែ​ក្រសួងសុខាភិបាល​ទេ គឺ​រហូតដល់​នាយករដ្ឋមន្ត្រី បាន​ចេញមុខ​ក្រើនរម្លឹក​ទៅកាន់​មន្ត្រី​កម្ពុជា និង​អ្នក​ផ្សេងទៀត ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ជាមួយ​លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​និង​គណៈប្រតិភូ​របស់លោក ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ នៅតែមាន​ព័ត៌មាន​ថា បណ្តា​អ្នក​ទាំងនោះ មាន​មន្ត្រី​ខ្លះ អនុវត្ត​វិធានការ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​មិនបាន​ត្រឹមត្រូវ ដោយបាន​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​។​ 
 
​តាមពិតទៅ ក្រោយ​ទទួលដំណឹង​ដំបូង​ថា រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី មាន​ជំងឺ​កូ​វីដ​-១៩ គ្រប់​មន្ត្រី​កម្ពុជា​និង​គ្រប់​អ្នក​ដែលមាន​ទំនាក់ទំនង​ទាំង​ផ្ទាល់​-​ទាំង​ប្រយោល​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី គួរ​ណាស់​តែ​ចាប់ផ្តើម​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក (​ធ្វើ​ច​ត្តា​ឡី​ស័ក​) ដោយ​មិនត្រូវ​ចាក​ចេញពី​បន្ទប់​ឬ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ ទោះជា​ក្រសួងសុខាភិបាល​ឬ​ថ្នាក់ដឹកនាំ មិនទាន់​ចេញ​បទបញ្ជា​ក៏ដោយ ពីព្រោះ​វា គឺជា​រឿង​ដែល​ត្រូវធ្វើ ហើយក៏​ជា​រឿង​ដែល​គេ​ដឹង​ជាទូទៅ​ដែរ​ថា​ត្រូវតែ​ធ្វើ​។ 
 
​នៅពេល​មិនទាន់​ដឹងថា រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី មាន​ជំងឺ​កូ​វីដ​-១៩ គេ មិនអាច​បន្ទោស​មន្ត្រី​ទាំង​នោះឡើយ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​ផ្សេងៗ ហើយ​ជួប​មនុស្ស​នានា​។ ប៉ុន្តែ នៅពេល​ដឹង​រួចហើយ​ថា រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី មាន​ជំងឺ​កូ​វីដ​-១៩ ហេតុអ្វី មន្ត្រី​ខ្លះ នៅតែ​បន្ត​ចេញ​ក្រៅ ទៅ​ជួប​អ្នកនេះ​-​អ្នកនោះ ទៅ​ចូលរួម​កម្មវិធី​នេះ​-​កម្មវិធី​? ពួកគាត់ ធ្វេស​ប្រហែស​និង​មើលស្រាល​ជំងឺ​កូ​វីដ​-១៩ ឬក៏​មិន​ស្តាប់​សម្តី​នាយករដ្ឋមន្ត្រី​? 
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែង​ការសោកស្តាយ ពេល​ដឹង​ដំណឹង​ថា មន្ត្រី​ទាំងនោះ ធ្វើ​ខុស​នឹង​វិធានការ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​បាន​ប្រញាប់​ផ្ញើ​សារ​ជា​សំឡេង ទៅកាន់​ពួកគាត់ ដើម្បី​អំពាវនាវ​ឲ្យ​ពួកគាត់ ងាក​មក​អនុវត្ត​វិធានការ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​។ ក្នុង​សារ​ជា​សំឡេង​លើក​ទី​១ សម្តេច បាន​ជូនដំណឹង​ថា មាន​អង្គរក្ស​ជនជាតិខ្មែរ​ម្នាក់​ហើយ បាន​មាន​ជំងឺ​កូ​វីដ​-១៩​។ អង្គរក្ស​នោះ ត្រូវបានចាត់តាំង​ឲ្យ​ចូលរួម​ការពារ​រដ្ឋមន្ត្រី​ការបរទេស​និង​គណៈប្រតិភូ​ហុង​គ្រី ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។  
 
​រហូតមកដល់​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល ក៏​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​ភ្លាម​ថា រកឃើញ​មនុស្ស​៣​នាក់​ទៀត មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ដោយ​អ្នក​ទាំង​៣​នោះ បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​។ អ្នក​ទាំង​៣​នោះ គឺ​តំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម និង ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា​។ 
 
​មិនយូរប៉ុន្មាន គេ ក៏​បានឮ​សារ​ជា​សំឡេង​​លើក​ទី​២​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ដោយ​អំពាវនាវ​ជាថ្មីៗ ទៅ​មន្ត្រី​និង​អ្នកពាក់ព័ន្ធ ឲ្យ​គោរព​វិធានការ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ តាមរយៈ​សារ​ជា​សំឡេង​លើក​ទី​២ សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើងថា កង្វល់​ពិតប្រាកដ​របស់​សម្តេច​នាពេលនេះ គឺពាក់ព័ន្ធ​នឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ សម្តេច សង្កត់ធ្ងន់ថា ការធ្វេសប្រហែស​ក្នុងការ​ធ្វើ​ច​ត្តាឡី​ស័ក អាច​បង្ក​ឲ្យ​ជំងឺ​កូ​វីដ​-១៩ រាលដាល​ចូល​សហគមន៍ ហើយ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេសជាតិ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល រកឃើញ​មនុស្ស​ជាង​១​ពាន់​នាក់​ហើយ ដែលមាន​ទំនាក់ទំនង​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី​។ ពួកគេ​ជាង​១​ពាន់​នាក់​នោះ បាន​ឆ្លងកាត់​ការធ្វើ​តេស្ត ហើយ​លទ្ធផល​បង្ហាញថា ពួកគេ មិនមាន​ជំងឺ​កូ​វីដ​-១៩​ឡើយ ក្រៅ​តែពី​អ្នក​ទាំង​៤​ខាងលើ គឺ​អង្គរក្ស តំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម និង ឯកអគ្គរដ្ឋទូត​ហុង​គ្រី​។ ក្រសួងសុខាភិបាល នៅតែ​បន្ត​ស្វែងរក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​យកទៅ​ធ្វើតេស្ត​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ 
 
សម្តេចនាយករដ្ឋមន្រ្តី សង្កេតឃើញថា ការធ្វេសប្រហែស​របស់​មន្ត្រី​កម្ពុជា ដែល​ពាក់ព័ន្ធ​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី ដោយបាន​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន ដូចជា ព្រះសីហនុ កែប កំពត និង តាកែវ ជាដើម បានធ្វើ​មានការ​កើនឡើង​នៃ​ចំនួន​មនុស្ស ដែល​ត្រូវ​ពាក់ព័ន្ធ​ដែរ (​ដោយ​ប្រយោល​)​។ ចំពោះ​រាជធានី​ភ្នំពេញ សម្តេច មើលឃើញ​ហានិភ័យ​មួយ គឺមាន​មន្ត្រី​មួយចំនួន បាន​ទៅ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ ឬ​ពិធី​ផ្សេងៗ ដោយសារ​ពួកគេ ចាត់ទុកថា ពួកគាត់ ជា​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល​។ 
 
​ប្រមុខរដ្ឋាភិបាល ប្រាប់​មន្ត្រី​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ថា មិន​ត្រឹមតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ទេ តែ​ក៏ត្រូវ​ឲ្យ​ប្រពន្ធ​កូន ធ្វើ​ច​ត្តា​ឡី​ស័ក​ដែរ ដ្បិត​ប្រពន្ធ​កូន បាន​ប៉ះពាល់​បន្ត​ពី​ខ្លួន​ជា​ប្តី​ជា​ឪពុក (​ដោយ​ប្រយោល​)​។ សម្តេច បានទទួល​ដំណឹង​ថា មាន​ប្រពន្ធ​កូន​របស់​មន្ត្រី​ខ្លះ ទៅ​ចូលរួម​ពិធី​ផ្សេងៗ ដោយសារ​ពួកគេ យល់ថា គ្រាន់​តែមាន​ទំនាក់ទំនង​ដោយ​ប្រយោល​ក្នុង​រឿង​គណៈប្រតិភូ​ហុង​គ្រី​នេះ​។  
 
ប្រមុខរដ្ឋាភិបាល បញ្ជា​ទៅ​មន្ត្រី​មូលដ្ឋាន ឲ្យ​តាមឃ្លាំមើល​មន្ត្រី​និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ដឹងថា ពួកគេ ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​គេហដ្ឋាន បាន​ត្រឹមត្រូវ​ដែរឬទេ​។ សម្តេច ចេញ​បញ្ជា​ទៀតថា បើ​រកឃើញ​មន្ត្រី​ឬ​អ្នកណាម្នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​គេហដ្ឋាន​មិនបាន​ត្រឹមត្រូវ មន្ត្រី​មូលដ្ឋាន​ឬ​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​អញ្ជើញ​ពួកគេ ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ក្រសួងសុខាភិបាល​បានរៀបចំ ដោយ​ត្រូវដាក់​កងកម្លាំង ចាំ​ឃ្លាំមើល ដើម្បី​កុំ​ឲ្យ​ពួកគេ ចេញ​ក្រៅ​។ 
 
​មេដឹកនាំកម្ពុជា បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី នៅ​កម្ពុជា ថា​ជា​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​»​។ មេដឹកនាំរូបនេះ យល់ថា ដើម្បី​អាច​ទប់ស្កាត់​គ្រោះមហន្តរាយ ដែល​អាច​បង្កឡើង​ពី​ព្រឹត្តិការណ៍​៣​វិច្ឆិកា គឺ​ទាមទារ​ឲ្យ​មន្ត្រី​និង​អ្នកពាក់ព័ន្ធ​ទាំងអស់ គោរព​វិធានការ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យបាន​ត្រឹមត្រូវ​។   
 
​សម្តេច ហ៊ុន សែន មានប្រសាសន៍​ដូច្នេះ​ថា​៖«​ខ្ញុំ សូម​ស្នើ​ដោយ​ទទូច សូម​ឲ្យ​រម្លត់​សភាព​ការ​ណ៍នេះ​យ៉ាងយូរ​ក្នុង​រយៈពេល​៣​សប្តាហ៍​ខាងមុខ​។ ដើម្បី​រម្លត់ [​ព្រឹត្តិការណ៍​] ដែល​ហៅថា​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នេះ​បាន ទាមទារ​ឲ្យ​មានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់ បើ​មិន​ដូច្នេះ​ទេ មហន្តរាយ​នឹង​កើតមាន​ក្នុងប្រទេស​របស់​យើង​»​។ 
 
​សម្តេចប្រមុខរដ្ឋាភិបាល បាន​លើក​ករណី​ប្រទេស​មី​យ៉ាន់​ម៉ា មក​ធ្វើជា​ឧទាហរណ៍​។ សម្តេច ថ្លែងថា មី​យ៉ាន់​ម៉ា ដែល​ពីមុន​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប្រហាក់ប្រហែល​នឹង​កម្ពុជា បាន​ហក់​ឡើង​ខ្ពស់ជាង​សិង្ហ​បុរី​ទៅទៀត ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​។ សម្តេចនាយករដ្ឋមន្រ្តី ជូន​សារ​ថា ករណី​របស់​ប្រទេសជិតខាង​នេះ គឺជា​បទពិសោធ ដែល​កម្ពុជា​ត្រូវ​មើល​និង​ត្រូវ​ចងចាំ ដោយ​ត្រូវ​គ្រប់គ្រង​សភាពការណ៍​ឲ្យ​បាន ហើយ​ដើម្បី​អាច​គ្រប់គ្រង​សភាពការណ៍​បាន គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​។ សម្តេច បន្តថា បើ​ធ្វើ​ច​ត្តា​ឡី​ស័ក​មិនបាន​ត្រឹមត្រូវ កម្ពុជា នឹង​មិនអាច​គ្រប់គ្រង​សភាពការណ៍​បានឡើយ​។ 
 
​សូមបញ្ជាក់ថា នៅ​តំបន់​អាស៊ាន​បច្ចុប្បន្ន ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើនជាងគេ បន្ទាប់មក​ហ្វី​លី​ពិន មី​យ៉ាន់​ម៉ា សិង្ហ​បុរី និង​ប្រទេស​ជា​បន្ត​បន្ទាប់មកទៀត​។ ក្នុង​តំបន់​អាស៊ាន មានតែ​ថៃ​ប៉ុណ្ណោះ ដែល​បានដាក់​ប្រទេស​ក្នុង​ភាព​មាន​អាសន្ន ដោយសារ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​។ 
 
​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​បង្ហើប​ដែរ​ថា សម្តេច កំពុងតែ​គិតថា ត្រូវ​ប្រកាស​បិទ​រាជធានី​ភ្នំពេញ ឬ​បិទ​ផ្នែក​ណាមួយ​នៅក្នុង​ប្រទេស ឬក៏​បិទ​ប្រទេស​ទាំងមូល​ដែរឬទេ​។  យ៉ាងណា សម្តេច ប្រាប់ថា សម្តេច មិន​ចង់​ឈានដល់​ដំណាក់កាល​នោះទេ ព្រោះ​វា ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​មនុស្ស​ជាច្រើន​។ 
 
​ក្នុងនាម​ជាម​ន្ត្រី គួរ​ធ្វើជា​គំរូ​ដល់​ប្រជាជន ជាពិសេស​ខណៈ​ប្រទេសជាតិ កំពុង​ជួប​ហានិភ័យ​បែបនេះ​។ អ្វីដែល​សំខាន់​នោះ ក្នុងនាម​ជាម​ន្ត្រី មិនគួរ​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​ហត់​មាត់ ត្រឹមតែ​រឿង​ប៉ុណ្ណឹង​នោះទេ​។ ជាម​ន្ត្រី គួរ​គិតថា នាយករដ្ឋមន្ត្រី រវល់​និង​ហត់នឿយ​នឹង​កិច្ចការ​សំខាន់ៗ​ជាច្រើន រួមទាំង​កិច្ចការ​ប្រ​យុ​ទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ផងដែរ ដូច្នេះ មិនគួរ​ឲ្យ​លោក ត្រូវ​មក​ណែនាំ​ចំពោះ​រឿង​ងាយ​យល់​ជា​ដដែលៗ​​បែបនេះ​ឡើយ៕  
 
 
 
 
 
 
 
 
 

Tag:
 COVID-១៩
  មន្ត្រី​
  ច​ត្តា​ឡី​ស័ក
© រក្សាសិទ្ធិដោយ thmeythmey.com