អន្តរជាតិ
មិន​ត្រឹម​មិនទាន់​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត លោក ត្រាំ ក៏​រាំងខ្ទប់​ការផ្ទេរអំណាច​ដែរ​
10, Nov 2020 , 10:59 pm        
រូបភាព
លោកប្រធានាធិបតីត្រាំ ក្នុងសុន្ទរកថាក្រោយការបោះឆ្នោត។ រូបភាព៖ AFP
លោកប្រធានាធិបតីត្រាំ ក្នុងសុន្ទរកថាក្រោយការបោះឆ្នោត។ រូបភាព៖ AFP
ដោយ:
​ការ​ផ្ទេរតំណែង​ប្រធានាធិបតី​អាមេរិក កំពុង​ជួប​បញ្ហា​រង្គោះរង្គើ ក្រោយពេល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​ស៊ើបអង្កេត​លើ​ការបន្លំ​សន្លឹកឆ្នោត បណ្តេញ​រដ្ឋមន្ត្រី​ការពារជាតិ​ចេញពី​តំណែង និង​ជាពិសេស​រារាំង​មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​សហការ​ជាមួយ​ក្រុមការងារ​រប​ស់​ប្រធានាធិបតី​ជាប់ឆ្នោត លោក ចូ បៃ​ឌិន ។​

 
​ដោយ​មិន​ព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត លោក ដូ​ណា​ល់ ត្រាំ បានអនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌ លោក​William Barr បើក​ការស៊ើបអង្កេត​លើ​ការសង្ស័យ​បន្លំ​សន្លឹកឆ្នោត ទាំង​មិនមែន​ភស្តុតាង​រឹងមាំ​ផង​។ បន្ថែម​ពីនេះ មេដឹកនាំ​ព្រឹទ្ធសភា​បក្ស​សាធារណៈរដ្ឋ លោក​Mitch McConnell ថែមទាំង​ចេញ​ការពារ​លោក​ត្រាំ ដោយ​អះអាងថា លោក​ប្រធានាធិបតី​ត្រាំ​មាន​សិទ្ធិ​១០០​ភាគរយ ក្នុងការ​ពិនិត្យ​ទៅលើ​ការសង្ស័យ​នៃ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​លើកឡើង​ពី​ជម្រើស​ផ្លូវច្បាប់​ដែលមាន​។ 
 
​ស្របពេល​ជាមួយគ្នានេះ លោក​បានចាប់ផ្តើម​ដក​តំណែង​មនុស្ស​ក្នុង​រដ្ឋបាល​លោក ដែល​លោក​គិតថា​មិនមាន​ភក្តីភាព​ទៅនឹង​រូបលោក​។ ជាក់ស្តែង​លោក​បាន​ដក លោក Mark Esper ចេញពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​។ បើតាម AFP បុគ្គល​សំខាន់ៗ​មួយចំនួន​ដូចជា​លោក Christopher Wray នាយក FBI លោក Gina Haspel ប្រធាន​CIA និង​លោក​វេជ្ជបណ្ឌិត Anthony Fauci ដែលជា​អ្នកជំនាញ​ជំងឺឆ្លង និង​ទទួលបន្ទុក​ក្រុមការងារ​COVID-19 ក៏​ប្រឈមមុខ​ការបណ្ដេញចេញ​។​
 
​លើសពីនោះ សេវា​រដ្ឋបាល​ទូទៅ (GAS) ដែល​ទទួលបន្ទុក​លើ​កិច្ចការ​ផ្ទេរអំណាច​ឲ្យ​អ្នក​ជាប់ឆ្នោត​ថ្មី បាន​ផ្អាក​ការចាប់ផ្តើម​ផ្ទេរតំណែង​ផ្លូវការ​។ ការណ៍​នេះ បាន​រារាំង​មិន​ឲ្យ​ក្រុមការងារ​លោក បៃ​ឌិន អាចទាក់ទង​នឹង​ភ្នាក់ងារ​រដ្ឋាភិបាល​សហ​ព័ន្ធ​បាន​។ អ្នកនាំពាក្យ​អង្គភាព​ខាងលើ អះអាងថា ការផ្ទេរ​តំណែង​នឹងត្រូវ​ផ្អាក​រហូតដល់​ពេល​លោក ត្រាំ ព្រម​ចុះចាញ់ ឬ​ប្រតិភូ​បោះឆ្នោត​ជួបគ្នា​នៅ​ខែក្រោយ​។​
 
​ខណៈ​រដ្ឋបាល​លោក ត្រាំ មិនមាន​ឆន្ទៈ​សហការ​ជាមួយ​ក្រុមការងារ​ប្រធានាធិបតី​ជាប់ឆ្នោត ក៏មាន​អង្គភាព​ដទៃទៀត​ដែល​កំពុង​ត្រៀមខ្លួន​បំពេញការងារ​ឲ្យ​លោក បៃ​ឌិន ផងដែរ​។ ជាក់ស្តែង ទីភ្នាក់ងារ​សម្ងាត់ និង​អាជ្ញាធរ​អាកាសចរណ៍​អាមេរិក បាន​ពង្រីក​ការការពារ​ទៅលើ​គេហដ្ឋាន​លោក​បៃ​ឌិន​នៅ​រដ្ឋ​Delaware រហូតដល់​ថ្ងៃ​ស្បថ​កាន់តំណែង​។ បន្ថែម​ពីនេះ សុវត្ថិភាព​របស់លោក បៃ​ឌិន ក៏ត្រូវ​ពង្រឹង​ថែមទៀត​ក្រោម​ការការពារ​របស់​ភ្នាក់ងារ​សន្តិសុខ​ប្រធានាធិបតី​ដែរ​។​
 
​ដោយ​លោក​ត្រាំ​មិន​ព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ក្រុមការងារ​របស់លោក​បៃ​ឌិន​វិញ បានលើកឡើង​ពី​លទ្ធភាព​ក្នុងការ​ប្តឹង​សេវា​រដ្ឋបាល​ទូទៅ​(GAS) ឲ្យ​ទទួលស្គាល់​លោក បៃ​ឌិន ជា​ប្រធានាធិបតី​ជាប់ឆ្នោត ដើម្បី​អាច​បើកផ្លូវ​ឲ្យ​ក្រុមការងារ​អាចបំពេញ​ការងា​របា​ន​។​
 
​ក្រុមការងារ​លោក​បៃ​ឌិន ត្រូវការ​ការទទួលស្គាល់​នេះ ដើម្បី​អាច​បើក​ប្រាក់ខែ ធ្វើការ​ប្រឹក្សា និង​ដំណើរ​សំខាន់ៗ​ផ្សេងទៀត​ក៏ដូចជា​ការទទួលបាន​ព័ត៌មាន​សម្ងាត់​ផងដែរ​។ បន្ថែម​ពីនេះ​ទៅទៀត ក្រុមការងារ​ត្រូវការ​ក្រសួងការបរទេស​អាមេរិក​ក្នុងការ​សម្របសម្រួល​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​បរទេស​៕
 
 
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com