COVID-19
អន្តរជាតិ
កោះវ៉ានូអាទូ មានកូវីដ-១៩ ករណីដំបូង
11, Nov 2020 , 10:05 am        
រូបភាព
កុមារនៅ​កោះវ៉ានូអាទូ អាន​ផ្ទាំងណែនាំពីវិធានការការពារកូវីដ-១៩។ រូបថត UNICEF
កុមារនៅ​កោះវ៉ានូអាទូ អាន​ផ្ទាំងណែនាំពីវិធានការការពារកូវីដ-១៩។ រូបថត UNICEF
ដោយ: ថ្មីៗ
កោះវ៉ានូអាទូ (Vanuatu) ដែលស្ថិតនៅទ្វីបអូសេអានី បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅដែនដីរបស់ខ្លួន។ បើតាមការបញ្ជាក់របស់លោក Len Tarivonda ប្រធាននាយកដ្ឋានសុខភាពសាធារណៈវ៉ានូអាទូ អ្នកជំងឺដែលជាបុរសនោះ បានតេស្តឃើញវិជ្ជមាននាអំឡុងចត្តាឡីស័កថ្ងៃទី៥ ដោយគាត់មានប្រវត្តិធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់ក្រុងស៊ីដនី និង Auckland។



យោងតាមទិន្នន័យដែលបង្ហាញដោយ Worldometers ប្រជុំកោះម៉ាហ្សាល ត្រូវបានចាត់ទុកជា ប្រទេស/តំបន់ទី២១៧លើពិភពលោកដែលមានករណី COVID-19។ ប្រជាជាតិ និងទឹកដីតូចៗផ្សេងទៀត ដែលប្រកាសថា មិនទាន់មានករណីឆ្លង COVID-19 មានដូចជា គិរីបាទី, ម៉ាយក្រូណេស៊ី, ណូរុ, ប៉ាឡាវ, សាម័រ, តុងហ្គា និងទូវាលូ។

មកដល់ពេលនេះ អ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោកមានជាង៥១.៨លាននាក់ ដោយស្លាប់ជាង១.២៧លាននាក់ និងសះស្បើយជាង៣៦លាននាក់។ សហរដ្ឋអាមេរិក រងគ្រោះខ្លាំងជាងគេ ដែលមានអ្នកឆ្លងជាង១០លាននាក់ និងស្លាប់ជិត២៥ម៉ឺននាក់៕





© រក្សាសិទ្ធិដោយ thmeythmey.com