COVID-19
អន្តរជាតិ
មេបក្ស​ប្រឆាំង​មី​យ៉ាន់​ម៉ា​អះអាងថា ដំណើរការ​បោះឆ្នោត​មាន​បញ្ហា​
11, Nov 2020 , 10:58 am        
រូបភាព
ប្រជាជនមីយ៉ា់ន់ម៉ាឈរតម្រង់ជួរបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ Reuters
ប្រជាជនមីយ៉ា់ន់ម៉ាឈរតម្រង់ជួរបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ Reuters
​ប្រមុខ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា លោក U Than Htay នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា បាន​អះអាងថា ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ មាន​បញ្ហា​ចម្រូងចម្រាស​មួយចំនួន តែ​មិនបាន​បង្ហាញ​ភស្តុតាង​ជាក់លាក់​ណាមួយ​ឡើយ​។ លោក​ទទូច​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន ជួយផ្តល់​ភស្តុតាង​បង្ហាញ​ពី​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​លើក​នេះ​។ 

 
​តាមរយៈ​តួលេខ​រាប់​សន្លឹកឆ្នោត​បឋម បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ បានទទួល​អាសនៈ​សភា​សហព័ន្ធ​ចំនួន​៣៩៧ ដែល​លើសពី​ចំនួន​អាចបង្កើត​រដ្ឋាភិបាល​បាន ៣២២​កៅអី​ទៅទៀត​។ ចំណែក​បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព (USDP) ដែលជា​បក្សប្រឆាំង​ដ៏​ធំជាងគេ និង​គាំទ្រ​ដោយ​យោធា បានទទួល​អាសនៈ​នៅក្នុង​សភា​ត្រឹមតែ​២០​ប៉ុណ្ណោះ តិចជាង​កាលពី​បោះឆ្នោត​ឆ្នាំ​២០១៥ ដែលមាន​ចំនួន​៤១​កៅអី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក The Irrawaddy ។ 
 
​ទាក់ទិន​នឹង​ការបោះឆ្នោត​នេះ ប្រធាន​បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព លោក U Than Htay បាន​អះអាងថា មាន​បញ្ហា​មួយចំនួន​នៅក្នុង​អំឡុងពេល​បោះឆ្នោត​។ «​ការប្រកាស​បេក្ខជន​ជាប់ឆ្នោត​នៅតែ​បន្ត ខណៈ​មាន​បញ្ហា​ចម្រូងចម្រាស​ជាច្រើន​នៅក្នុង​ដំណើរការ​»​។ ប្រធាន​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា បានលើកឡើង​បែបនេះ​។ 
 
​ថ្លែង​នៅក្នុង​វីដេអូ​មួយ ដែល​ត្រូវបាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម Facebook លោក​U Than Htay បាន​បន្តថា ដោយសារ​តែមាន​បញ្ហា​អសកម្ម​ទាំងនេះ បក្ស​របស់លោក នឹងដាក់​ពាក្យបណ្តឹង​ដោយ​ផ្អែក​ទៅ​ច្បាប់ ដើម្បី​ឲ្យ​លទ្ធផល​មាន​ភាព​សុក្រឹត និង​ស្របច្បាប់​។ យ៉ាងណាក៏ដោយ មេដឹកនាំ​ប្រឆាំង​រូបនេះ មិនបាន​បង្ហាញ​ភស្តុតាង​ជុំវិញ​ភាព​អសកម្ម​ទាំង​នោះទេ និង​ស្នើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​ដាក់​ភស្តុតាង​នៃ​បញ្ហា​ចម្រូងចម្រាស​ទាំងនោះ​មក​ឲ្យ​បក្ស​។ 
 
​តាមច្បាប់​មី​យ៉ាន់​ម៉ា រាល់​បណ្តឹង​ទាក់ទិន​នឹង​ការបោះឆ្នោត​ទាំងអស់ ត្រូវ​សម្រេច​ដោយ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហព័ន្ធ​មី​យ៉ាន់​ម៉ា​។ 
 
​កន្លងមក បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព ក៏​ធ្លាប់​រិះគន់​លើ​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហព័ន្ធ​មី​យ៉ាន់​ម៉ា (UEC) ជុំវិញ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ការបង្កើត​គណៈកម្មកា​របោះ​ឆ្នោត​តំបន់ និង​បញ្ហា​ផ្សេងទៀត​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ដោយសារ​មី​យ៉ាន់​ម៉ា​កំពុងស្ថិត​ក្នុង​វិបត្តិ COVID-19 បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ក៏បាន​ស្នើ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មី​យ៉ាន់​ម៉ា លើក​ពេល​បោះឆ្នោត​ផងដែរ​។ ប៉ុន្តែ​សំណើ​នេះ​បរាជ័យ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ព្រឹក​ម៉ោង​៨ ថ្ងៃទី​១១ ខែវិច្ឆិកា លទ្ធផល​ផ្លូវការ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ បាន​កាន់កាប់​កៅអី​សភា​ជាន់​ទាប​២៤២ កៅអី​សភា​ជាន់ខ្ពស់​បាន​ចំនួន​១១៩ និង​កៅអី​សភា​នៅ​រដ្ឋ និង​តំបន់​បាន​ចំនួន ៤០៧​ហើយ​៕

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com