សង្គមអន្តរជាតិ​
អន្តរជាតិ
អា​មេ​នី ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ ក្រោយ​ចុះ​បទ​ឈប់​បាញ់​ជាមួយ​អា​ស៊ែ​បៃ​ហ្ស​ង់​
11, Nov 2020 , 11:56 am        
រូបភាព
បាតុករអាមេនីចូលកាន់កាប់អាគាររដ្ឋសភា។ រូបភាព៖ CGTN
បាតុករអាមេនីចូលកាន់កាប់អាគាររដ្ឋសភា។ រូបភាព៖ CGTN
ដោយ:
​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​នៅ​តំបន់ Nagorno-Karabakh ដែល​ជ្រោមជ្រែង​ដោយ​រុស្ស៊ី ត្រូវបាន​ភាគី​ជម្លោះ​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​មើលឃើញ​ផ្ទុយ​ពីគ្នា​។ ពលរដ្ឋ​អា​មេ​នី មើលឃើញថា​ជាការ​បរាជ័យ ដោយ​បាតុករ​រាប់រយ​នាក់​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​លាលែង ខណៈ​អា​ស៊ែ​បៃ​ហ្ស​ង់​អះអាងថា ជា​ជ័យជំនះ និង​អបអរសាទរ​។​

 
​បាតុកម្ម​នៅ​រដ្ឋធានី Yerevan របស់​អា​មេ​នី ផ្ទុះឡើង​មួយ​រំពេច ក្រោយពេល​រដ្ឋាភិបាល​អា​មេ​នី​ប្រកាស​កិច្ចព្រមព្រៀង​ជាមួយ​ជាមួយ​អា​ស៊ែ​បៃ​ហ្ស​ង់​។ បាតុករ​អា​មេ​នី​រយ​នាក់​ជួបជុំ​បាតុកម្ម​នៅ​ពីមុខ​អាគារ​រដ្ឋាភិបាល ដើម្បី​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​ខាងលើ និង​ទាមទារ​ជួប​នាយករដ្ឋមន្ត្រី​អា​មេ​នី​លោក Nikol Pashinyan​។ 
 
​បាតុករ​ពោរពេញ​ដោយ​កំហឹង ទម្លុះ​ចូលទៅក្នុង​អាគារ​រដ្ឋសភា និង​កម្ទេច​សម្ភារ​គ្រប់បែបយ៉ាង​ដែល​មាននៅ​ទីនោះ​។ លោកនាយក​រដ្ឋមន្ត្រី Pashinyan អះអាងថា លោក​ចុះហត្ថលេខា​នេះ ដោយ​សេចក្តី​ឈឺចាប់​មិនអាច​ថ្លែង​បាន តែ​បញ្ជាក់ថា លោក​ធ្វើបែបនេះ​ក្រោយ​ការវិភាគ​យ៉ាង​ស៊ីជម្រៅ​ពី​ស្ថានការណ៍​យោធា​។ 
 
​យោងតាម​សារព័ត៌មាន The Telegraph បាតុករ​មួយរូប​ដែលជា​ទាហាន​បាន​អះអាងថា លោក​មិន​យល់ស្រប​នឹង​សេចក្តី​ស​ម្រ​ច​ចិត្ត​នេះឡើយ ហើយក៏​មិន​ចង់បាន​រដ្ឋាភិបាល​លោក Pashinyan ទៀត​ដែរ​។ ចំណែកឯ​បាតុករ មួយរូប​ទៀត​ចង់​ឲ្យ​សង្គ្រាម​នៅ​តំបន់​Nagorno-Karabakh បន្ត​ទៅមុខទៀត និង​ចង់​ឲ្យ​មេបញ្ជាការ​កងទ័ព​អា​មេ​នី​ដឹកនាំ​ប្រទេស​វិញ​ម្តង​។ 
 
​បទ​ឈប់​បាញ់​ដែល​ចុះហត្ថលេខា​ដោយ​ភាគី​ទាំងសងខាង​នេះ តម្រូវ​ឲ្យ​អា​មេ​នី​លែង​បន្ត​គ្រប់គ្រង​ទឹកដី​មួយចំនួន​ក្នុង​តំបន់ Nagorno-Karabakh ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ថា ជា​កម្មសិទ្ធិ​របស់​អា​ស៊ែ​បៃ​ហ្ស​ង់​។​
 
​ស្របពេល​ជាមួយគ្នា​ដែរ ពលរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​វិញ​សាទរ នឹង​កិច្ចព្រមព្រៀង​ខាងលើ ដោយ​ថែមទាំង​បាន​ដើរ​ដង្ហែ តាម​ដង​វិថី​ស្វាគមន៍​កិច្ចព្រមព្រៀង​នេះ​ទៀតផង​។ ពលរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​ចាត់ទុក​កិច្ចព្រមព្រៀង​ខាងលើនេះ​ជា​ជ័យជំនះ​សម្រាប់​ប្រទេស​ខ្លួន ដោយ​អាច​ដណ្តើម​មកវិញ​នូវ​ទឹកដី និង​ភូមិស្ថាន​ចំនួន​៣០០ កន្លែង​ដែល​បាត់បង់​ការគ្រប់គ្រង​តាំងតែ​ពី​ឆ្នាំ​១៩៩៤​មក​។​
 
​ទោះជា​យ៉ាងណា កិច្ចព្រមព្រៀង​ខាងលើ ត្រូវបាន​មើលឃើញ​ក្នុង​ទស្សនៈ​ខុសៗ​គ្នា​ពី​បក្សនយោបាយ​នៅ​អា​ស៊ែ​បៃ​ហ្ស​ង់​។ លោក Arif Hacili ប្រធាន​បក្សប្រឆាំង​Musavat អះអាងថា កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ដោយ​សម្ងាត់ និង​ដោយ​ពុំមាន​ការប្រឹក្សា​យោបល់​ពី​បក្សនយោបាយ តំណាងរាស្ត្រ ឬ​ពលរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​ឡើយ​។  វា​ក៏​នឹង​បំពាន​ធម្មនុញ្ញ​របស់​អា​ស៊ែ​បៃ​ហ្ស​ង់​ដែរ​ត្បិត​អី ធម្មនុញ្ញ​ប្រទេស​នេះ​ហាម​មិន​ឲ្យ​មាន​វត្តមាន​ទ័ព​បរទេស​ក្នុង​ទឹកដី​អា​ស៊ែ​បៃ​ហ្ស​ង់​ដោយ​គ្មាន​ការយល់ព្រម​ពីស​ភា​។​
 
​ជា​ចំណុច​សំខាន់​នៃ​កិច្ចព្រមព្រៀង​ខាងលើ ភាគី​ជម្លោះ​យល់ព្រម​ឲ្យ​រុស្ស៊ី​ដាក់​កងទ័ព​រក្សា​សន្តិភាព​យ៉ាងហោចណាស់​៥​ឆ្នាំ​។ បន្ថែម​ពីនេះ​កិច្ចព្រមព្រៀង​ខាងលើនេះ ក៏​អនុញ្ញាត​ផងដែរ​ឲ្យ​អា​ស៊ៃ​បៃ​ហ្ស​ង់​គ្រប់គ្រង​ទឹកដី​ដែល​ខ្លួន​ដណ្តើមបាន​មកវិញ​ផងដែរ ក្រោយ​ការប្រយុទ្ធ​គ្នា​រយៈពេល​៦​សប្តាហ៍​៕
 

Tag:
 អា​មេ​នី​
  អា​ស៊ែ​បៃ​ហ្ស​ង់
© រក្សាសិទ្ធិដោយ thmeythmey.com