COVID-19
ជាតិ
ក្រសួង ប្រាប់ឲ្យដាក់អ្នកគ្រប់គ្រង២នាក់ តាមរោងចក្រ ដើម្បីណែនាំវិធានការការពារកូវីដ
11, Nov 2020 , 1:30 pm        
រូបភាព
សកម្មភាពកម្មការិនី កំពុងធ្វើការក្នុងរោងចក្រមួយនៅភ្នំពេញ (រូបថតកាលពីថ្ងៃទី២០០៦ ដោយ AFP)
សកម្មភាពកម្មការិនី កំពុងធ្វើការក្នុងរោងចក្រមួយនៅភ្នំពេញ (រូបថតកាលពីថ្ងៃទី២០០៦ ដោយ AFP)
ភ្នំពេញ៖ ក្រសួងការងារ ដាស់តឿនឲ្យម្ចាស់រោងចក្រ សហគ្រាស បន្តចាត់វិធានការបង្ការកូវីដ-១៩ ដោយយ៉ាងហោចណាស់ដាក់មនុស្ស២នាក់ នៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន ដើម្បីឲ្យផ្សព្វផ្សាយណែនាំដល់កម្មករ ពីវិធានការការពារជំងឺកូវីដ-១៩។



ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំឲ្យម្ចាស់រោងចក្រ សហគ្រាស ពិសេសរោងចក្រក្នុងវិស័យកាត់ដេរ ត្រូវអនុវត្តតាមវិធានការបង្ការជំងឺកូវីដ-១៩ជាថ្មីម្ដងទៀត ខណៈកម្ពុជារកករណីឆ្លងកូវីដ-១៩ជាបន្តបន្ទាប់ និងមានអ្នកប្រាស្រ័យទាក់ទង ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលមានជំងឺកូវីដ-១៩។

មកដល់ពេលនេះ ក្រសួងរកឃើញមនុស្សជាង១ពាន់នាក់ហើយ ដែលបានប្រាស្រ័យទាក់ទងដោយផ្ទាល់និងប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសនិងគណៈប្រតិភូហុងគ្រី។ ក្នុងចំណោមជាង១ពាន់នាក់នោះ មាន៤នាក់ ត្រូវរកឃើញថាផ្ទុកកូវីដ-១៩។ ក្រសួងការងារបានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១០វិច្ឆិកានេះ ដោយដាស់តឿនថា ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នាដែរ ក្រសួងការងារក៏បានលើកពីវិធានការរបស់ក្រសួងសុខាភិបាលមកបញ្ជាក់ម្ដងទៀតថា ត្រូវចាត់ចែងឲ្យរដ្ឋបាលឬអ្នកគ្រប់គ្រង២នាក់ ដើម្បីផ្សព្វផ្សាយ ណែនាំ ពីវិធានការអនាម័យ។ ម្ចាស់រោងចក្រ សហគ្រាស ត្រូវតាមដាននិងកត់ត្រាជាប្រចាំ ពីការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ដើម្បីផ្ដល់ព័ត៌មានដល់អាជ្ញាធរ។

ទន្ទឹមនឹងនេះ រោងចក្រ សហគ្រាស ត្រូវរៀបចំឲ្យមានទឹកអាល់កុល ជែលលាងដៃ សាប៊ូលាងដៃ និងវាស់កម្ដៅ តាមច្រកចេញចូល ពិសេសសម្រាប់កម្មករចេញចូលក្នុងរោងចក្រ។ ករណីមានកម្មករណាម្នាក់ មានកម្ដៅលើស៣៧,៥អង្សា និងមានរោគសញ្ញាដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លីឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរនៅតំបន់មានកូវីដ-១៩ ឬប៉ះពាល់អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ត្រូវទាក់ទងរាយការណ៍ទៅក្រសួងសុខាភិបាលតាមទូរស័ព្ទលេខ ១១៥។ ក្រៅពីនេះ ត្រូវរំឮកកម្មករជាប្រចាំ ពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះ ដោយប្រើកន្សែង ក្រមា ឬកែងដៃ ហើយត្រូវលាងសម្អាតដៃជាមួយសាប៊ូឬទឹកសម្លាប់មេរោគ។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Péter Szijjártó រដ្ឋមន្រ្តីការបរទេសហុងគ្រី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្រោយចេញពីកម្ពុជា ទៅដល់ថៃ ដើម្បីបន្តបេសកម្មការទូត ក៏មានព័ត៌មានផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ថា រដ្ឋមន្រ្តីការបរទេសហុងគ្រី ផ្ទុកកូវីដ-១៩។

ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងហុងគ្រី រដ្ឋាភិបាលកម្ពុជា បានហៅដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រីនៅកម្ពុជា ហើយត្រូវរកឃើញជំងឺកូវីដ-១៩ ពេលទៅដល់ថៃ ថាជាព្រឹត្តិការណ៍ «៣វិច្ឆិកា»។ ក្រសួងសុខាភិបាល បន្តស្វែងរកមនុស្សផ្សេងទៀត ដែលប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសនិងសមាជិកគណៈប្រតិភូហុងគ្រី ដើម្បីយកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក៕

Tag:
 COVID-19
 រោងចក្រ
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com