ជាតិ
លោកបណ្ឌិត កា ម៉ាធុល ៖ រដ្ឋបាលលោក ចូ បៃឌិន នឹងចាប់យកអាស៊ានជាថ្មី (ភាគ២) លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
× ភ្នំពេញ៖ ក្នុងអាណត្តិជាប្រធានាធិបតីអាមេរិកទី៤៦ លោក ចូ បៃឌិន នឹងអាចស្ដារឥទ្ធិពលអាមេរិកឡើងវិញ តាមរយៈ«គោលនយោបាយពហុភាគីនិយមបែបកៀងគរ»។ លោក ចូ បៃឌិន ក៏នឹងងាកមកចាប់អាស៊ានជាថ្មីផងដែរ។ នេះជាការមើលឃើញរបស់លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។
ផ្ទុយពីលោក ដូណាល់ ត្រាំ ដែលអនុវត្តគោលនយោបាយឯកតោភាគីនិយម ជាមួយអាស៊ាននោះ លោក បៃឌិន នឹងប្រើប្រាស់នយោបាយពហុភាគីនិយម ។ តាមរយៈគោលនយោបាយនេះ លោក បៃឌិន នឹងងាកមកចាប់យកអាស៊ានជាថ្មី ។ ត្រង់ចំណុចនេះលោក កា ម៉ាធុល ចង់ពន្យល់ថា លោក បៃឌិន ទំនងជាឱ្យតម្លៃលើអាស៊ាន ជាងរដ្ឋបាលលោក ត្រាំ ។ បានន័យថា សំឡេងរួមរបស់អាស៊ាន នឹងអាចឱ្យអាមេរិកយកទៅគិតគូពិចារណាគ្រប់ពេល។
សូមលោក-អ្នកនាង ស្តាប់កិច្ចសម្ភាសលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ៖
បើតាមលោក កា ម៉ាធុល ការងាកមកចាប់អាស៊ានជាថ្មីរបស់រដ្ឋបាលលោក បៃឌិន នេះ នឹងធ្វើឱ្យតំបន់មួយនេះ ប្រឈមមុខកាន់តែខ្លាំង ក្រោមរូបភាពប្រទាញប្រទង់ឥទ្ធិពលភូមិសាស្ត្រនយោបាយ រវាងអាមេរិក និងចិន។
កម្ដៅភូមិសាស្ត្រនយោបាយ ដែលបង្កឡើងដោយពួកមហាអំណាចនេះ នឹងធ្វើឱ្យអាស៊ានប្រឈមមុខនឹងការបែកបាក់គ្នាផងដែរ ខណៈដែលប្រទេសជាសមាជិកអាស៊ានបច្ចុប្បន្ន មានទាំងនិន្នាការទៅរកអាមេរិក និងចិន។ នេះជាការយល់ឃើញរបស់លោក ម៉ាធុល ដែលបានបន្ថែមថា អាស៊ាន នឹងមិនបែកបាក់គ្នាទេ ដរាបណាមេដឹកនាំទាំងអស់ រក្សាគោលជំហររឹងមាំ និងគិតពីប្រយោជន៍រួមរបស់អាស៊ាន។
ងាកមកនិយាយពីកម្ពុជា នៅក្នុងបរិបទប្រទាញប្រទង់ឥទ្ធិពលនយោបាយនេះវិញ អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារូបនេះ យល់ឃើញថា ដ្បិតកម្ពុជា ត្រូវបានគេមើលឃើញងាកទៅរកចិនមែន ប៉ុន្តែមិនប្រាកដថាកម្ពុជា មិនអាចធ្វើការជាមួយអាមេរិកនោះទេ។ ក្នុងន័យនេះ លោក កា ម៉ាធុល បានមើលឃើញថា កម្ពុជាមានគោលនយោបាយបរទេសមួយច្បាស់លាស់ សម្រាប់ទាញប្រយោជន៍មកកម្ពុជា ជាពិសេសការសម្របខ្លួន តាមកាលៈទេសៈអន្តរជាតិ៕
Tag:
កា ម៉ាធុល
ចូ បៃឌិន
ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com