COVID-19
អន្តរជាតិ
ម៉ុង​ហ្គោ​លី បិទ​រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ ក្រោយ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ជា​សហគមន៍​លើកដំបូង​
11, Nov 2020 , 3:15 pm        
រូបភាព
បុគ្គលិកសុខាភិបាល និងប៉ូលិសម៉ុងហ្គោលី ពាក់សំលៀកបំពាក់ការងារ នៅរដ្ឋធានី អូឡង់បាទ័រ កាលពីខែឧសភា កន្លងទៅ ។ រូបភាព៖ AFP
បុគ្គលិកសុខាភិបាល និងប៉ូលិសម៉ុងហ្គោលី ពាក់សំលៀកបំពាក់ការងារ នៅរដ្ឋធានី អូឡង់បាទ័រ កាលពីខែឧសភា កន្លងទៅ ។ រូបភាព៖ AFP
ដោយ:
​ក្រសួងសុខាភិបាល​ម៉ុង​ហ្គោ​លី បាន​រកឃើញ​ករណី​ឆ្លង​ជា​សហគមន៍​លើកទីមួយ​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា​។ ជាការ​ឆ្លើយតប អាជ្ញាធរ​ម៉ុង​ហ្គោ​លី​បាន​បញ្ជា​ឲ្យ​បិទ​រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ​ដែលមាន​ករណី​ឆ្លង​ទាំងស្រុង​ចំនួន​៣​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។

 
​ក្នុង​សន្និសីទ​ព័ត៌មាន​ថ្ងៃទី​១១ ខែវិច្ឆិកា រដ្ឋមន្ត្រី​សុខាភិបាល​ម៉ុង​ហ្គោ​លី Munkhsaikhan Togtmol បញ្ជាក់ថា ស្ត្រី​ម្នាក់​ដែល​រស់នៅ​រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ បាន​ឆ្លង​ពី​ប្ដី​អ្នកស្រី ដែលជា​អ្នកបើករថយន្ត​ដឹកទំនិញ​ពី​ប្រទេស​រុស្ស៊ី​។ បុរស​រូបនេះ​បាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​២១​ថ្ងៃ​។​
 
​ជាមួយគ្នានេះ មនុស្ស​២៤​នាក់​ផ្សេងទៀត​ដែល​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អាជ្ញាធរ​ម៉ុង​ហ្គោ​លី បានដាក់​ចេញ​បញ្ជា​ឲ្យ​បិទ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ ដែលមាន​ប្រជាជន​រស់នៅ​ជាង​១,៥​លាន​នាក់​នេះ​រយៈពេល​៣​ថ្ងៃ ហើយ​សាលារៀន​ក៏ត្រូវ​បិទទ្វារ​ផងដែរ​។ ម្យ៉ាងទៀត ក្រសួងសុខាភិបាល​ម៉ុង​ហ្គោ​លី ក៏បាន​ទទូច​ឲ្យ​អ្នក​ទៅលេង​កម្មវិធី​តន្ត្រី​មួយ ដែល​ប្តី​ប្រពន្ធ​កើត​កូ​វីដ​-១៩ ទាំងពីរ​នាក់​បាន​ចូលរួម​ដែរនោះ នាំគ្នា​ទៅធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ ដូចគ្នា​។​
 
 រដ្ឋាភិបាល ម៉ុង​ហ្គោ​លី ទទួលបាន​ការកោតសរសើ​រ​សម្រាប់​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល​កូ​វីដ​របស់​ពួកគេ​។ ប្រទេស​អាស៊ី​បូព៌ា​នេះ បាន​បិទ​ព្រំដែន​ភាគខាងត្បូង​រប​ស់​ខ្លួន​ជាមួយ​ប្រទេស​ចិន ក្នុង​ចុងខែ​មករា ហើយ​បាន​ប្រញាប់​បិទ​សាលារៀន និង​ទីកន្លែង​សាធារណៈ​ដទៃទៀត​។ 
 
​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus តាមរយៈ​Twitter កាល​ពីស​ប្ដា​ហ័៍​មុន បាន​សរសើរ​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី​សម្រាប់​បង្ហាញ​ពិភពលោក​ថា ការអនុវត្ត​តាម​ការ​ណែនាំ​សុខាភិបាល ពិតជា​អាច​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-19​មែន​។​
 
​គិត​ត្រឹម​ថ្ងៃទី ១១ ខែវិច្ឆិកា ម៉ុង​ហ្គោ​លី មាន​ករណី​ឆ្លង​សរុប ៣៧៦​ករណី ខណៈ​គ្មាន​អ្នកស្លាប់​ឡើយ​៕
 
 

Tag:
 ម៉ុង​ហ្គោ​លី​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com