COVID-19
អន្តរជាតិ
ករណី​ធ្វើអត្តឃាត​នៅ​ជប៉ុន​ហក់​ឡើង ព្រោះ​បញ្ហា​សេដ្ឋកិច្ច​បង្កដោយ​កូ​វីដ​-១៩
11, Nov 2020 , 7:29 pm        
រូបភាព
ប្រភពរូប៖ Reuters
ប្រភពរូប៖ Reuters
ដោយ:
​ករណី​ធ្វើអត្តឃាត​នៅ​ជប៉ុន កើនឡើង​ក្នុង​ខែតុលា ហើយ​ក្លាយជា​តួលេខ​ខ្ពស់បំផុត​ក្នុងពេល​ជាង​៥​ឆ្នាំ​ចុងក្រោយ​។ ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន បង្ហាញ​បែបនេះ​នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ដែលជា​ការបន្ត​កើន​៤​ខែ​ផ្ទួនៗ​គ្នា​តែម្ដង​។ សម្រាប់​និន្នាការ​នេះ ក្រុម​សកម្មជន​នៅ​ជប៉ុន បាន​ទម្លាក់កំហុស​លើ​ផលប៉ះពាល់​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​លើ ស្ត្រី តែម្ដង​ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​។​

 
​យោងតាម​ទិន្នន័យបឋម​របស់​ប៉ូលិស​ជប៉ុន ករណី​ធ្វើអត្តឃាត​សរុប​ក្នុង​តុលា​មាន​ចំនួន ២១៥៣​ករណី ដែល​កើនឡើង​ជាង​៣០០​ករណី បើ​ធៀប​នឹង​ខែកញ្ញា ហើយក៏​ជា​តួលេខ​ខ្ពស់បំផុត​ប្រចាំខែ ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៥​មក​។ 
 
​ក្នុងចំណោម​ករណី​អ្នកធ្វើ​អត្តឃាត​ក្នុង​ខែតុលា មនុស្ស​ស្រី​មាន​៨៥១​នាក់ ដែល​ហក់​ឡើង​ជាង​៨២​ភាគរយ បើ​ធៀប​នឹង​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​។ ចំណែក​អត្រា​អ្នកធ្វើ​អត្តឃាត​បុរស កើន ២១,៣​ភាគរយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​នៅមុន​ខែកក្កដា​ឆ្នាំ​២០២០ នេះ ករណី​ធ្វើអត្តឃាត​នៅ​ជប៉ុន​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ តែ​ក្រោយមក​ដោយសារ​ផលប៉ះពាល់​បង្កឡើង​ដោយ​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចំនួន​អ្នក​សម្លាប់ខ្លួន​ចាប់ផ្ដើម​ស្ទុះ​ឡើងជា​ថ្មី​។ ក្រុម​សកម្មជន​ជប៉ុន ដែល​ធ្វើការ​លើ​បញ្ហា​នេះ អះអាង​បែបនេះ​។ 
 
​ស្ត្រី​ជប៉ុន ដែល​ភាគច្រើន​មានការ​ងារ​មិន​អចិន្ត្រៃយ៍​ក្នុង​ឧស្សាហកម្ម​សេវាកម្ម ឬ​លក់រាយ ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​បាត់បង់​ការងា​រ​ធ្វើ អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​នេះ ដ្បិត​រដ្ឋាភិបាល​ដាក់ចេញ​ចំណាត់​ការបិទ​ប្រទេស​ទប់ស្កាត់​ការផ្ទុះ​រាលដាល​។ 
 
​ជា​យូរ​មកហើយ​ក្នុងសង្គម​ជប៉ុន ការធ្វើអត្តឃាត ត្រូវបាន​មើលឃើញថា​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​បញ្ចៀស​ភាពអាម៉ាស់​ ឬ​ការបាត់បង់​កិត្តិយស​។ ម្យ៉ាង ការស្វែងរក​ការប្រឹក្សា​ផ្លូវចិត្ត មិនត្រូវ​បាន​ឲ្យ​តម្លៃ​គ្រប់គ្រាន់​ឡើយ ដូច្នេះ​ទើប​ជប៉ុន​មាន​អត្រា​ធ្វើអត្តឃាត​ខ្ពស់បំផុត​ក្នុងចំណោម​ក្រុម​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ជៀន​លឿន G-7 ។ 
 
​ក៏ប៉ុន្តែ​នៅពេល​ការធ្វើអត្តឃាត​កើន​ដល់​ចំណុចកំពូល ក្នុង​ឆ្នាំ​២០០៣ ដែលមាន​រហូតដល់ ៣៤ ៤២៧​ករណី​នោះ ក្រុម​អ្នកតាក់តែង​គោលនយោបាយ​ជប៉ុន បាន​ភ្ញាក់ខ្លួន ហើយ​បាន​បង្កើត​កម្មវិធី​បង្កា​រ​ការធ្វើអត្តឃាត​មួយ ក្នុង​ឆ្នាំ​២០០៧​។  
 
​តាមរយៈ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​កាត់បន្ថយ​ម៉ោង​ការងារ​ថែម និង​បង្កើត​ភាពងាយស្រួល​ក្នុង​ការទទួល​ការ​ការប្រឹក្សា​ផ្នែក​ផ្លូវចិត្ត គួបផ្សំ​នឹង​ដៃគូ​ពាក់ព័ន្ធ​ក្នុងការ​កំណត់​អត្តសញ្ញាណ​ក្រុម​អ្នក​ងាយ​រងគ្រោះ ករណី​ធ្វើអត្តឃាត​នៅ​ជប៉ុន ថយ​ចុះមក​ត្រឹម ២​ម៉ឺន​ករណី​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៩៕ 

Tag:
 ជប៉ុន​
  កូ​វីដ​-១៩
  អត្តឃាត
© រក្សាសិទ្ធិដោយ thmeythmey.com