ជាតិ
សង្គមជាតិ
សិស្ស និង​មន្ត្រី​អង្គភាព​១៩​កន្លែង មាន​ប្រាស្រ័យ​ទាក់ទង​នឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​
11, Nov 2020 , 8:29 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា​
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា​
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១០ ខែវិច្ឆិកា ក្រសួង​អប់រំ​បាន​រកឃើញ​សិស្ស​នៅ​សាលារៀន​ឯកជន និង​ឯកជន និង​មន្ត្រី​អង្គភាព ១៩​កន្លែង មាន​ប្រាស្រ័យ​ទាក់ទង​នឹង​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​។ នេះ​បើតាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ដែល​បានបញ្ជាក់​មក​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​។

 
​លោក រស់ សុ​វាចា បាន​បញ្ជាក់ថា គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០ និង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន​៦ ដែលមាន​សិស្សានុសិស្ស រួមទាំង​ឪពុកម្ដាយ​មួយចំនួន បាន​ប្រាស្រ័យ​ទាក់ទង​នឹង​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​នោះ ត្រូវបាន​ក្រសួង​អប់រំ​ផ្អាក​ឲ្យ​សិក្សា​ចំនួន​២​សប្តាហ៍ ដោយ​បន្ត​រៀន​តាម​អន​ឡាញ​វិញ​។ 
 
​ចំពោះ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ចំនួន​២ ត្រូវបាន​ផ្អាក​ដំណើរការ និង​ណែនាំ​ឲ្យ​អនុវត្តតាម​វិធានការ​ក្រសួងសុខាភិបាល​។ មន្ទីរអប់រំ​ខេត្ត​ទាំងពីរ​នេះ មាន​បុគ្គលិក​ចំនួន​២៣​នាក់ បានទទួល​ទាន​អាហារ ជាមួយនឹង​បុគ្គល​ដែល​បាន​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​។ សម្រាប់​មន្ទីរអប់រំ​ខេត្ត​មួយទៀត មាន​សមា​ជិ​ខ្លះ បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​។ 
 
​ចំណែក​ក្លឹប​ហាត់​កីឡា​កា​រ៉ា​តេ​ចំនួន​១​កន្លែង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែលមាន​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​លោក​រដ្ឋមន្ត្រី​ហុង​គ្រី ក៏ត្រូវ​បាន​ក្រសួង​ផ្អាក​ឲ្យ​ដំណើរការ​មួយរយៈ​ផងដែរ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​លោក រស់ សុ​វាចា ។​
 
​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩​រាតត្បាត ក្រសួង​អប់រំ បាន​បិទ​ដំណើរការ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​បណ្តោះអាសន្ន និង​បិទ​សាលារៀន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​រយៈពេល​២​សប្តាហ៍ ដោយ​ពួកគេ​ត្រូវ​បន្ត​រៀន​តាម​អន​ឡាញ​វិញ​។​
 
​ក្រសួង​អប់រំ​បាន​ណែនាំ​ឲ្យ សិស្សានុសិស្ស និង​ឪពុកម្តាយ ឬ​អាណាព្យាបាល​សិស្ស​ដែល​បាន​ប្រាស្រ័យ​ទាក់​ទឹង​នឹង​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។ ក្រសួង​អប់រំ​ក៏​ណែនាំ​ឲ្យ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី បន្ត​រាយការណ៍​មក​ក្រសួង​អប់រំ​ផងដែរ (​លេខ​ទូរ​សព្ទ ០១២ ៣៣៥ ៩៩៩)​។ 
 
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣០១​នាក់​ហើយ ដោយ​ក្នុងនោះ​មាន​ចំនួន​៤​នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ពី​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី គឺមាន​អង្គរក្ស​ខ្មែរ​ម្នាក់​ដែល​ការពារ​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ លោក ស ចិ​ត្រា អគ្គលេខាធិការ​ក្រសួងកសិកម្ម និង​លោក​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​។ ចំណែក​អ្នក​ដែល​ពាក់ព័ន្ធ​សរុប​ទាំងអស់​ចំនួន​១៤៨១​នាក់ ក៏បាន​ធ្វើតេស្ត​ជា​លើក​ទី​២ ដោយ​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់​។ 
 
​តែ​យ៉ាងណា​អ្នកពាក់ព័ន្ធ​ទាំងអស់នោះ​ក៏ត្រូវ​បន្ត​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​បន្ត​ធ្វើតេស្ត​ជា​លើក​ទី​៣ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា និង​តេស្ត​លើក​ទី​៤ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​៕ 
 
 
 
 

Tag:
 ​សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com