COVID-19
ជាតិ
រក្សា​គម្លាត​សុវត្ថិភាព និង​កាត់បន្ថយ​ការជួបជុំ ដើម្បី​បង្ការ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍
12, Nov 2020 , 7:59 am        
រូបភាព
គម្លាតសុវត្ថភាព
គម្លាតសុវត្ថភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​សាធារណជន​ទាំងអស់ រក្សា​គម្លាត​សុវត្ថិភាព និង​កាត់បន្ថយ​ការជួបជុំ ដើម្បី​បង្ការ​ការឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ ក្នុង​សហគមន៍​។ ក្រសួង​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងអស់ អនុវត្ត​វិធានការ​អនាម័យ​ស្អាត លាងដៃ ពាក់​ម៉ាស់ ក្នុងការ​រស់នៅ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​។


​ក្រសួងសុខាភិបាល បានបញ្ជាក់​ក្នុង​សេចក្ដីណែនាំ​ចុះ​ថ្ងៃទី​១០​វិច្ឆិកា​ថា សាធារណជន​ទាំងអស់​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​ម្នាក់​ទៅ​ម្នាក់ ខណៈដែល​អង្គុយ​និង​ឈរ យ៉ាងតិច​១,៥​ម៉ែត្រ​ឡើងទៅ​។ បុគ្គល​ទាំងអស់​ត្រូវ​ជៀសវាង​ការ​ឱប ថើប ចាប់ដៃ ដោយ​ជំនួស​មក​អនុវត្ត​ជាការ​សំពះ លើកដៃ​ជាស​ញ្ញា​ឬ​ងក់ក្បាល​វិញ​។ ចំណែក​ការប្រជុំ បណ្ដុះបណ្ដាល និង​សិក្ខាសាលា ត្រូវ​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ​។ ប៉ុន្តែ​បើ​ករណី​ចាំបាច់​ត្រូវ​រៀបចំ​ឲ្យ​មាន​កន្លែង​ធំ​ទូលាយ រក្សា​គម្លាត​១,៥​ម៉ែត្រ ពាក់​ម៉ាស់ រួម​ទាំ​អ​វាស់​កម្ដៅ​ផងដែរ​។ 
 
​រីឯ ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម គឺ​ត្រូវ​កាត់បន្ថយ​ការជួប​ជុំគ្នា​ក្នុងសង្គម​ដែលមាន​មនុស្ស​ច្រើន ដូចជា កម្មវិធី​អាពាហ៍ពិពាហ៍ បុណ្យជាតិ សាសនា ការប្រគុំ​តន្ត្រី​ជាដើម​។ ជាមួយគ្នា​ដែរ ត្រូវ​ជៀសវាង​ការហាត់​ប្រាណ​ជា​ក្រុម​នៅតាម​ក្លឹប និង​ការប្រមូល​ផ្ដុំគ្នា​នៅ​កន្លែង​បិទ​ជិត​។ ក្រៅពីនេះ អ្នក​ដែលមាន​ហានិភ័យ​នៃ​ការចម្លង​ជំងឺ ដូចជា​ចាស់ជរា អ្នកមាន​ជំងឺ​ប្រចាំកាយ ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​តូចៗ​ជាដើម មិនត្រូវ​ចូលរួម​ការជួបជុំ​ឡើយ ប្រសិនបើ​មិនចាំបាច់​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​។​
 
​គិត​ត្រឹម​ថ្ងៃទី​១១​វិច្ឆិកា កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣០១​នាក់​។ ក្នុងនោះ​មាន ២៨៨​នាក់ បានជា​សះស្បើយ និង​១៣​នាក់​ទៀត កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

Tag:
 គម្លាត​សុវត្ថិភាព​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com