ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ​អំពាវនាវ​ឲ្យ​គ្រឹះស្ថានសិក្សា​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា រាយការណ៍​ទៅ​ក្រសួង​
11, Nov 2020 , 3:43 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
​ភ្នំពេញ​៖​ក្រសួង​អប់រំ​បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​ដែល​បាន​ពាក់ព័ន្ធ​នឹង​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ដោយ​មិនទាន់​ផ្តល់ព័ត៌មាន​ដល់​ក្រសួង បន្ត​រាយការណ៍​មក​ក្រសួង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩​រាតត្បាត​ចូលក្នុង​សាលា បើសិនជា​បុគ្គល​អ្នកពាក់ព័ន្ធ​ណា​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ពី​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ពិតមែន​។ 

 
 
​គិត​ត្រឹម​ថ្ងៃទី​១១ ខែវិច្ឆិកា ក្រសួង​អប់រំ បាន​រកឃើញថា​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០ និង​សាលា​រដ្ឋ​៦ មន្ទីរអប់រំ​ខេត្ត​២ និង​កន្លែង​ហាត់​កីឡា​កា​រ៉ា​តេ​ដូ​នៅ​ពហុ​ដ្ឋា​ន​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​។ 
 
លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ណែនាំ​ឲ្យ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា និង​បុគ្គលិក​អប់រំ​ដែលមាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយនឹង​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​កន្លងមក ឲ្យ​រាយការណ៍​ទៅ​អាជ្ញាធរខេត្ត​។ 
 
«​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​ស្នើសុំ​យោបល់​ពី​អាជ្ញាធរខេត្ត និង​វាយតម្លៃ​លើ​លទ្ធភាព​ផ្អាក​ការសិក្សា​រយៈពេល​១៤​ថ្ងៃ និង​ត្រូវ​រាយការណ៍​មក​ក្រសួង​»​។ នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រី​អប់រំ​បាន ដោយ​ផ្អាក​ការសិក្សា​តាម​ថ្នាក់រៀន​ចំនួន​១៤​ថ្ងៃ​សម្រាប់​គ្រឹះស្ថានសិក្សា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ក្រសួង​តម្រូវ​ឲ្យ​ពួកគេ​ត្រូវ​បន្ត​សិក្សា​តាម​អន​ឡាញ​វិញ​។ 
 
​ក្រសួង​អប់រំ​ណែនាំ​ឲ្យ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទាំងនោះ ត្រូវ​បូកសរុប​របាយការណ៍​ស្តីពី​ចំនួន​បុគ្គលិក​អប់រំ  ឬ​សិស្សានុសិស្ស​ដែល​សង្ស័យថា​បាន​ចូលរួម​ប្រជុំ ឬ​ប្រាស្រ័យ​ទាក់ទង​នឹង​គណៈប្រតិភូ​ហុង​គ្រី​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ ក្រសួងសុខាភិបាល​បាន​រកឃើញ និង​ធ្វើតេស្ត​លើក​ទី​២​ចំពោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​សរុប​ចំនួន​១៤៨១​នាក់ ក្នុងនោះ​មាន ៤​នាក់​វិជ្ជមាន​។ អ្នក​ទាំងនោះ មានដូចជា​អង្គរក្ស​ខ្មែរ​ម្នាក់​ដែល​ការពារ​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម និង​លោក​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​។ អ្នក​ឆ្លង​ទាំង​៤​នាក់​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហើយ​អ្នក​អវិជ្ជមាន​ក៏ត្រូវ​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​តេស្ត​លើក​ទី​៣ និង​ទី​៤​ផងដែរ​៕ 

Tag:
 សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com