ជាតិ
សង្គមជាតិ
​មហាផ្ទៃ​ឲ្យ​អភិបាល​ភ្នំពេញ និង​កណ្តាល ផ្អាក​រៀបចំ​វេទ​កាពិ​គ្រោះ​យោបល់ និង​កិច្ចប្រជុំ​២​សប្តាហ៍​
11, Nov 2020 , 9:59 pm        
រូបភាព
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​បាន​ក្រើនរំលឹក​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាល​ខេត្តកណ្តាល ផ្អាក​រៀបចំ​វេទិកា​ផ្សព្វផ្សាយ ពិគ្រោះ​យោបល់ និង​កិច្ចប្រជុំ​ដែលមាន​មនុស្ស​ច្រើន​ចូលរួម​រយៈពេល​២​សប្តាហ៍​សិន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ខណៈ​ខេត្ត​ទាំងពីរ​នេះ​កំពុងមាន​ហានិភ័យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​ខ្ពស់ ក្រោយពី​មាន​មនុស្ស​ជាង​១៤០០​នាក់​ដែល​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ និង​ប្រយោល​នឹង​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​។

 
​លិខិត​របស់​ក្រសួងមហាផ្ទៃ​ដែល​ផ្ញើជូន​អភិបាល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ក្នុងអំឡុងពេល​ថ្មីៗ​កន្លងមកនេះ ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិ​សាស្ត្រា​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការបន្ត​ចម្លង​ទៅក្នុង​សហគមន៍ មូលដ្ឋាន ដែល​ចាំបាច់​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​»​។ 
 
​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ចូលក្នុង​សហគមន៍ ក្រសួង​អប់រំ​បាន​ផ្អាក​ដំណើរការ​សាលារៀន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​រយៈពេល​២​សប្តាហ៍ ដោយ​សិស្សានុសិស្ស​បន្ត​រៀន​តាម​អន​ឡាញ​។ រួមទាំង​រោងភាពយន្ត សារមន្ទីរ​ជាតិ ខារ៉ាអូខេ​(KTV) មណ្ឌល​កម្សាន្ត ម៉ាស្សា និង​ក្លឹប​ហាត់ប្រាណ​នៅ​ទូទាំងប្រទេស​ក៏​ផ្អាក​ឲ្យ​ដំណើរការ​ផងដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១១ ខែវិច្ឆិកា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣០១​នាក់ ដោយ​ក្នុងនោះ​មាន​មនុស្ស​ចំនួន​៤​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ពី​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ពេលទៅដល់​ប្រទេស​ថៃ​។ 
 
​បច្ចុប្បន្ន​ក្រសួងសុខាភិបាល បាន​រកឃើញ និង​ធ្វើតេស្ត​ជា​លើក​ទី​២ លើ​មនុស្ស​ចំនួន​១៤៨១​នាក់ ដែល​បាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ដោយ​លទ្ធផល​បង្ហាញថា​អវិជ្ជមាន​ទាំងអស់​។ ទោះបី​អវិជ្ជមាន​ប៉ុន្តែ​ពួកគេ​នឹង​បន្ត​ធ្វើតេស្ត​ជា​លើក​ទី​៣ នៅ​ថ្ងៃទី​១៤ និង​តេស្ត​លើក​ទី​៤​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​៕ 
 

Tag:
 កិច្ចប្រជុំ​
 ​ជំងឺ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com