កីឡាជាតិ
ជាតិ
អង្គ​រថា​យ​ហ្គឺ​រតែង​តាំង​អតីត​ខ្សែបម្រើ​ជម្រើសជាតិ​ជប៉ុន Naotake Hanyu ជាទី​ប្រឹក្សា​
11, Nov 2020 , 10:59 pm        
រូបភាព
លោក Naotake Hanyu អតីតកីឡាករជម្រើសជាតិជប៉ុន ត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សាក្លិបអង្គរថាយហ្គឺរ
លោក Naotake Hanyu អតីតកីឡាករជម្រើសជាតិជប៉ុន ត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សាក្លិបអង្គរថាយហ្គឺរ
ដោយ:
​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឹ​រ​បានតែងតាំង​លោក Naotake Hanyu អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន ឲ្យ​ធ្វើជា​ទីប្រឹក្សា​របស់ខ្លួន​។ ស្ថិតក្នុង​វ័យ​៤០​ឆ្នាំ អតីត​ខ្សែបម្រើ​រូបនេះ ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​ជប៉ុន​បាន​ចំនួន​១៧​លើក​។​

 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ដែល​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៧​ក្នុង​លី​គ​កំពូល​រដូវ​កាល​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានប្រកាស​ពី​ការតែងតាំង​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន Naotake Hanyu ឲ្យ​ធ្វើជា​ទីប្រឹក្សា​ចាប់ពី​ខែវិច្ឆិកា​នេះ​។ ប៉ុន្តែ​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ មិនបាន​បញ្ជាក់​លម្អិត​ពី​ពេលវេលា​នៃ​ការធ្វើជា​ទីប្រឹក្សា​នេះឡើយ​។ 
 
​លោក Naotake Hanyu បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​នៅ​អាយុ​១៦​ឆ្នាំ ពេល​រូបគេ​រៀន​នៅ​វិទ្យាល័យ Yachiyo High School​។ រូបគេ​លេង​តំណាង​ឲ្យ​វិទ្យាល័យ​នេះ ចន្លោះ​ពី​ឆ្នាំ​១៩៩៥-១៩៩៧​។ ក្រោយ​ប្រឡង​ជាប់​ថ្នាក់​វិទ្យាល័យ​បុរស​កម្ពស់​១.៦៧​ម៉ែត្រ​រូបនេះ បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ University of Tsukuba ហើយ​បាន​លេង​បាល់​តំណាង​ឲ្យ​សាកលវិទ្យាល័យ​នេះ​ចន្លោះ​ពី​ឆ្នាំ​១៩៩៨-២០០១​។ 
 
​ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ Thukuba នៅ​ឆ្នាំ​២០០២ កីឡាករ Naotake Hanyu បាន​ចុះ​កិច្ច​លេង​ឲ្យ​ក្លិប​អាជីព​ក្នុងស្រុក​មួយ​មាន​ឈ្មោះថា JEF United Ichihara​។ ពេលនោះ Hanyu ត្រូវបាន​គ្រូបង្វឹក​ជ្រើសរើស​ជា​កីឡាករ​១១​នាក់​ដំបូង​ក្នុងជំនួប​បើក​រដូវ​កាល​ជាមួយ​ក្រុម Kyoto Purple Sanga នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០០២​។ 
 
​សម្រាប់​ការចូល​រួមជាមួយ​ក្លិប​អាជីព​លើកដំបូង កីឡាករ​កើត​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​១៩៧៩ រូបនេះ បានបង្ហាញ​ខ្លួន​ជាមួយ​ក្រុម​បាន​ចំនួន​២២​លើក និង​រកបាន​ពីរ​គ្រាប់​ក្នុង​រដូវ​កាល​ដំបូង​។ ក្នុងអំឡុងពេល​រួមរស់​ជាមួយ​ក្លិប JEF United Ichihara ពី​ឆ្នាំ​២០០២-២០០៧ ខ្សែបម្រើ​រូបនេះ​បានរួម​ចំណែក​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ជើងឯក J.League Cup ពីរ​រដូវ​កាល​ជាប់​គ្នា គឺ​នៅ​ឆ្នាំ​២០០៥ និង ២០០៦​។ 
 
​ក្រោយ​ជួយ​ឲ្យ​ក្រុម​លើក​ពាន Hanyu ត្រូវបាន​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ជប៉ុន កោះហៅ​ឲ្យ​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ចន្លោះ​ពី​ឆ្នាំ​២០០៦-២០០៨​។ ខ្សែបម្រើ​រូបនេះ បានបង្ហា្ញ​ញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​បាន​ចំនួន​១៧​លើក តែ​ពុំ​រកបាន​គ្រាប់​បាល់​នោះទេ​។ 
 
​ចន្លោះ​ពី​ឆ្នាំ​២០០៨-២០១៦ រូបគេ បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Tokyo FC ហើយ​បាន​ជួយ​ឲ្យ​ក្រុម​នេះ​លើក​ពាន​បាន​១ លើក​ក្នុង​ការប្រកួត J.League Cup នៅ​ឆ្នាំ​២០០៩​។ ក្លិប​នេះ​ត្រូវបាន​ធ្លាក់​មកលេង​ក្របខណ្ឌ J2 League ក្រោយ​ធ្វើ​មិន​បានល្អ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១០​។ នៅ​ឆ្នាំ​២០១១ Tokyo FC បានឈ្នះ​ជើងឯក J2 League និង​ពានរង្វាន់ Emperor’s Cup​។ នៅ​ឆ្នាំ​២០១៣ កីឡាករ Naotake Hanyu បាន​ទៅ​ចូលរួម​ជាមួយ​ក្លិប Ventforet Kofu ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​។ 
 
​នៅ​ឆ្នាំ​២០១៧ Hanyu បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លិប JEF United Chiba ជា​ក្លិប​ដំបូង ដែល​រូបគេ​បាន​ចាកចេញ​កាលពី​១០​ឆ្នាំមុន​។ បន្ទាប់មក រូបគេ ក៏បាន​ប្រកាស​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់ ក្រោយ​ចប់​រដូវ​កាលនោះ​តែម្តង​៕ 
 
 

Tag:
 បាល់ទាត់​
  អង្គ​រថា​យ​ហ្គឺ​រ​
  Naotake Hanyu
© រក្សាសិទ្ធិដោយ thmeythmey.com