ជាតិ
សង្គមជាតិ
ទីតាំង​មណ្ឌល​កម្សាន្ត​ជាង​៣០០​កន្លែង​នៅ​ភ្នំពេញ បាន​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​
11, Nov 2020 , 11:59 pm        
រូបភាព
រូបតំណាង៖ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ)
រូបតំណាង៖ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ)
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១១​វិច្ឆិកា​នេះ ទីតាំង​ខារ៉ាអូខេ បៀរហ្គាឌិន ម៉ាស្សា និង​ស្ប៉ា ប្រមាណ​ជាង​៣០០​កន្លែង​នៅ​រាជធានី​ភ្នំពេញ បាន​ផ្អាក​អាជីវកម្ម​របស់ខ្លួន​តា​ម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ក្រសួងទេសចរណ៍​។ នេះ​បើតាម​លិខិត​ស្ថិតិ​បិទ​អាជីវកម្ម​មណ្ឌល​កម្សាន្ត​របស់​មន្ទីរ​ទេសចរណ៍ ដែល​ចុះ​លោក ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​។


​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់ថា ទីតាំង​កម្សាន្ត​ដែល​ផ្អាក​អាជីវកម្ម​ជាង​៣០០​កន្លែង​នោះ​មាន ខារ៉ាអូខេ​១០៩​កន្លែង​ទីតាំង​, ឌី​ស្កូ​តែ​ក​៣៩​ទីតាំង​, បៀរ​ហ្កា​ឌិន​២១​ទីតាំង​, អជីវ​កម្ម​ម៉ាស្សា​១៨៥​ទីតាំង និង​ស្ប៉ា​៨​ទីតាំង​។ ជាមួយគ្នា​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ បន្ត​បិទ​និង​ឃ្លាំមើល​ទីតាំង​ដែល​នៅ​សេសសល់​បន្តទៀត​។ 
 
​សូមបញ្ជាក់ថា ក្រសួងសុខាភិបាល​ក៏​សម្រេច​ប្រកាស​ឲ្យ​បិទ​ទីតាំង​កម្សាន្ត​ជាថ្មី​ម្ដងទៀត ដោយសារ​ការឆ្លង​រីក​រាលដាល​កូ​វីដ​-១៩ រួមទាំង​អ្នក​ប្រាស្រ័យ​ទាក់ទង​កើន​រហូត​ជាង​១០០០​នាក់ ចាប់តាំងពី​ថ្ងៃទី​៣​វិ​ច្ឆិ​មក​។ បច្ចុប្បន្ន​ទីតាំង​កម្សាន្ត​ខារ៉ាអូខេ កន្លែង​ហាត់ប្រាណ សាលារៀន​ជាដើម ត្រូវ​ក្រសួងសុខាភិបាល​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រកាស​បិទ​ការជួបជុំ​និង​បណ្ដុះបណ្ដាល​ជា​បន្តបន្ទាប់​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១១​វិច្ឆិកា កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣០១​នាក់​។ ក្នុងនោះ​មាន ២៨៨​នាក់ បានជា​សះស្បើយ និង​១៣​នាក់​ទៀត កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕
 

Tag:
 សង្គម​
  ទីតាំង​កម្សាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com