អន្តរជាតិ
នាយករដ្ឋមន្ត្រី​បា​រ៉ែ​ន ដែល​កាន់តំណែង​៥០​ឆ្នាំ ចូល​ទិវង្គត​នៅ​មន្ទីរពេទ្យ​អាមេរិក
11, Nov 2020 , 4:53 pm        
រូបភាព
នាយករដ្ឋមន្ត្រីបារ៉ែន ព្រះអង្គម្ចាស់ Sheikh Khalifa bin Salman al Khalifa ។ រូបភាព៖ Reuters
នាយករដ្ឋមន្ត្រីបារ៉ែន ព្រះអង្គម្ចាស់ Sheikh Khalifa bin Salman al Khalifa ។ រូបភាព៖ Reuters
ដោយ:
​នាយករដ្ឋមន្ត្រី​បា​រ៉ែ​ន ព្រះអង្គម្ចាស់ Sheikh Khalifa bin Salman al Khalifa ចូល​ទិវង្គត​ហើយ នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា នៅ​ព្រះជន្ម ៨៤​ឆ្នាំ​។ រាជវាំង​បា​រ៉ែ​ន ប្រកាស​បែបនេះ​។ ទ្រង់ បាន​កាន់តំណែង​នេះ​អស់​ពេល​៥០​ឆ្នាំ​ហើយ​។

 
​នាយករដ្ឋមន្ត្រី​បា​រ៉ែ​ន បាន​ចូល​ទិវង្គត​ក្នុង​ថ្ងៃ​ពុធ​នេះ នៅ​មន្ទីរពេទ្យ Mayo Clinic ក្នុង​សហរដ្ឋអាមេរិក ទី​ដែល​ទ្រង់​សម្រាក​ព្យាបាល​ជំងឺ​។ ទីភ្នាក់ងារ​ព័ត៌មាន​បា​រ៉ែ​ន  បាន​រាយការណ៍​បែបនេះ​។ 
 
​ព្រះមហាក្សត្រ​បា​រ៉ែ​ន Sheikh Hamad bin Isa Al Khalifa បានប្រកាស​កម្មវិធី​កាន់ទុក្ខ​ផ្លូវការ​រយៈពេល​១​សប្ដាហ៍​ពេញ ដែល​ទង់ជាតិ​នឹងត្រូវ​បង្ហូត​ត្រឹម​ពាក់កណ្ដាល​ដង​។ ចំណែក ព្រះរាជ​ពិធីបុណ្យ នឹង​រៀបចំឡើង​កាលណា​សព​ទ្រង់​ដឹក​មកដល់​ប្រទេស​វិញ​។ 
 
​ព្រះអង្គម្ចាស់ Sheikh Khalifa bin Salman គឺជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​យូរ​បំផុត​មួយ​លើ​ពិភពលោក ដែល​ដឹកនាំ​ប្រទេស​ឈូង​សមុទ្រ​ពែ​ក​នេះ តាំងពី​ឆ្នាំ​១៩៧០​មកម្ល៉េះ  ពោលគឺ​មួយឆ្នាំ​ប៉ុណ្ណោះ​មុនពេល​បា​រ៉ែ​ន​ទទួលបាន​ឯករាជ្យ នា​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​១៩៧១​។ 
 
​ក្រោម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០២ ទ្រង់​បាន​បាត់បង់​អំណាច​ខ្លះ ខណៈដែល​ព្រះមហាក្សត្រ​បា​រ៉ែ​ន​មានអំណាច​តែងតាំង និង​បណ្ដេញ​រដ្ឋមន្ត្រី​ចេញពី​តំណែង​។ ព្រះអង្គម្ចាស់ Sheikh Khalifa bin Salman គឺជា​ព្រះ​បិតុលា​របស់​ព្រះមហាក្សត្រ​បា​រ៉ែ​ន​ដែល​គ្រងរាជ្យ​បច្ចុប្បន្ន ព្រះអង្គម្ចាស់ Sheikh Hamad bin Isa Al Khalifa៕ 

Tag:
 ​បា​រ៉ែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com