អន្តរជាតិ
សមាជិកសភា​ហុងកុង​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​ទាំងអស់ នឹង​លាលែង ក្រោយ​គ្នា​៤​នាក់​ត្រូវ​បញ្ចប់​តំណែង​
11, Nov 2020 , 5:59 pm        
រូបភាព
សមាជិកសភាហុងកុងទាំង១៩រូប ដែលមាននិន្នាការទៅរកលទ្ធិប្រជាធិបតេយ្យ។ រូបភាព៖ AFP
សមាជិកសភាហុងកុងទាំង១៩រូប ដែលមាននិន្នាការទៅរកលទ្ធិប្រជាធិបតេយ្យ។ រូបភាព៖ AFP
​រដ្ឋាភិបាល​ហុងកុង នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា បានបញ្ចប់​សមាជិកភាព​សភា​ពី​សមាជិក ៤​រូប ដែលមាន​និន្នាការ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​។ ការបញ្ចប់​សមាជិកភាព​នេះ​ធ្វើឡើង បន្ទាប់ពី​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន បានអនុម័ត​សេចក្តីសម្រេច​មួយ​ដែល​ចែង​ពី​គុណសម្បត្តិ​របស់​សមាជិក​សភា​ហុងកុង​។ ក្រោយ​ការបញ្ចប់​សមាជិកភាព​នេះដែរ សមាជិក​ឯទៀត ក៏​ប្រកាស​លាលែង​ពី​តំណែង​ដែរ​។

 
​បន្ទាប់ពី​សេចក្តីសម្រេច​គុណសម្បត្តិ​របស់​សមាជិក​សភា​ហុងកុង ចូល​ជា​ធរមាន និង​ត្រូវ​បានបង្ហាញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua រដ្ឋាភិបាល​ក្រុង​ហុងកុង បានប្រកាស​ដកសិទ្ធិ​សមាជិកសភា​ចំនួន ៤​នាក់ ពី​កៅអី​សភា​។ ការដក​សិទ្ធិ​នេះ គឺមាន​សុពលភាព​ភ្លាមៗ​តែម្ដង​។ 
 
​សេចក្តីសម្រេច ដែល​ត្រូវ​បានអនុម័ត​ដោយ​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​នា​កិច្ចប្រជុំ​ថ្ងៃទី​១១ ខែវិច្ឆិកា បានផ្តល់​អំណាច​ឲ្យ​រដ្ឋាភិបាល​ហុងកុង ដកសិទ្ធិ​សមាជិកសភា​ទាំងឡាយណា ដែល​គាំទ្រ​ឯករាជ្យភាព​របស់​ហុងកុង​, មិន​ទទួលស្គាល់​អធិបតេយ្យភាព​របស់​ចិន និង​ស្វែងរក​ការជ្រៀតជ្រែក​ពី​បរទេស​។ ការដក​សមាជិកសភា​បែបនេះ អាចធ្វើ​ឡើង​ដោយ​មិនចាំបាច់​ឆ្លងកាត់​តុលាការ​ឡើយ​។ 
 
​បើតាម​ហេតុផល​របស់​រដ្ឋាភិបាល​ហុងកុង សមាជិកសភា​ទាំង​បួន​នាក់​នេះ បាន​គាំទ្រ​ច្បាប់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​អាមេរិក និង​គាំទ្រ​ការដាក់ទណ្ឌកម្ម​អាមេរិក​មកលើ​សមាជិក​រដ្ឋាភិបាល​ហុងកុង ទាក់ទិន​បាតុកម្ម​ថែមទៀត​។ កន្លងមក សមាជិកសភា​ត្រូវបាន​ដកសិទ្ធិ​ទាំង​៤​នាក់​នេះ ក៏​ត្រូវបាន​ហាមឃាត់​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​សភា ដែល​ត្រូវបាន​លើកយក​ទៅធ្វើ​នៅពេល​ខាងមុខ​ផងដែរ​។ បន្ទាប់ពី​ការប្រកាស​នេះ កិច្ចប្រជុំសភា​ហុងកុង​ត្រូវ​ផ្អាក​។ 
 
«​វា​នឹង​គ្មាន​អនាគត​ល្អ​ទេ​សម្រាប់​សភា​ហុងកុង​»​។ លោក Kenneth Leung សមាជិកសភា​ម្នាក់​ដែល​ត្រូវបាន​ដកសិទ្ធិ បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ការដក​សិទ្ធិ​នេះ នឹងធ្វើ​ឲ្យ​សភា​ហុងកុង​គ្មាន​ប្រសិទ្ធភាព​។ 
 
​ប៉ុន្មាន​ម៉ោង​ក្រោយ សមាជិកសភា​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​១៥​នាក់​ទៀត ក៏​ប្រកាស​លាលែង​ពី​តំណែង​។ ពួកគេ​នឹងដាក់​ពាក្យ​លាលែង​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​។ តំណាង​ក្រុម​សមាជិកសភា​ប្រជាធិបតេយ្យ លោក Wu Chi-wai និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១១ ខែវិច្ឆិកា ថា ក្រុម​របស់លោក​នឹង​លាលែង​ពី​តំណែង ព្រោះ​ដៃគូ និង​សហសេវិក ត្រូវបាន​ដកសិទ្ធិ​។ ប៉ុន្តែ​លោក Wu បញ្ជាក់ ក្រុម​របស់លោក​នឹងមិន​បោះបង់​គោលដៅ​ឡើយ​៕
 
 

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com