អន្តរជាតិ
មេដឹកនាំ​អាស៊ាន ចាប់ផ្ដើម​ជំនួប​កំពូល​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​ឥទ្ធិពល​ពួក​មហាអំណាច​
12, Nov 2020 , 3:22 pm        
រូបភាព
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នៅថ្ងៃទី ១២ ខែវិច្ឆិកា ដែលរៀបចំឡើងនៅទីក្រុង ហាណូយ។ រូបភាព៖ Reuters
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នៅថ្ងៃទី ១២ ខែវិច្ឆិកា ដែលរៀបចំឡើងនៅទីក្រុង ហាណូយ។ រូបភាព៖ Reuters
ដោយ:
​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បានចាប់ផ្ដើម​ជំនួប​កំពូល​ពហុភាគី នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​រៀបចំ​ផែនការ​សម្រាប់​ស្រោចស្រង់​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​ក្នុង​តំបន់​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​ខ្លាំង​ចន្លោះ​សហរដ្ឋអាមេរិក​និង​ចិន​មួយ​នេះ​។

 
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​៣៧​និង​កិច្ច​ពាក់ព័ន្ធ​អាស៊ាន​ឆ្នាំ​២០២០ កំពុង​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ដែល​នៅ​បន្ត​អុកលុក​ខ្លាំង​ក្នុង​តំបន់​នេះ​។ វៀតណាម ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ឆ្នាំ​២០២០ ដែល​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​ការឆ្លើយតប​និង ស្អិតល្មួត​»​។​
 
​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ ក្នុង​ទីក្រុង ហាណូយ នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក គូសបញ្ជាក់ថា មកទល់ពេលនេះ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ពុំទាន់​ធ្លាក់ចូល​នឹម​នៃ​ការប្រកួតប្រជែង​ឥទ្ធិពល​របស់​ពួក​មហាអំណាច ហើយ​បង្កបញ្ហា​ប្រឈម​ដល់​ប្រព័ន្ធ​ពហុភាគី​អន្តរជាតិ​នៅឡើយ​ទេ​។ 
 
«៧៥​ឆ្នាំ​បាន​កន្លងផុត​ទៅហើយ ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​ចប់​រលត់​។ យ៉ាងណាមិញ សន្តិសុខ​និង​សន្តិភាព​ពិភពលោក មិនទាន់​ត្រូវបាន​រក្សា​ឲ្យ​គង់វង្ស​នៅឡើយ​ទេ​»​។ លោក ហ្វុ​ក លើកឡើង​បែបនេះ មុន​បន្ថែមថា សម្រាប់​ឆ្នាំ​២០២០​នេះ អាស៊ាន​ទាំង​១០ ស្ថិតក្រោម​ការគំរាមកំហែង​ដ៏​ធំធេង ដែល​កើតចេញពី​ការមិនចុះសម្រុង​គ្នា​និង​ការប្រកួតប្រជែង​ឥទ្ធិពល​របស់​ពួក​មហាអំណាច​។ 
 
​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ប្រធានបទ​ក្តៅ​ក្នុង​របៀបវារៈ​របស់​អា​ស៊ាន​ឆ្នាំនេះ ខណៈ​ការ​ស្រោចស្រង់​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ក៏​ជា​ប្រធានបទ​ចម្បង​ផងដែរ​សម្រាប់​កិច្ចប្រជុំ​ឆ្នាំនេះ​។ តួយ៉ាង មេក​ដឹកនាំ​អាស៊ាន ក៏​រំពឹងថា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នា​ថ្ងៃទី​១៥ ខែវិច្ឆិកា​ខាងមុខ ដែល​អាច​ក្លាយជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ពិភពលោក​
 
​កិច្ចព្រមព្រៀង​នេះ ទំនងជា​ពង្រឹង​វត្តមាន​របស់​ចិន​កាន់តែ​រឹងមាំ​ថែមទៀត​ក្នុងនាម​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន ជប៉ុន និង​កូរ៉េខាងត្បូង ហើយ​កាន់តែ​ធ្វើ​ឲ្យ​ចិន​មាន​តួនាទី​កាន់តែ​សំខាន់​ថែមទៀត​ផងដែរ ក្នុងការ​រៀបចំ​ក្បួនច្បាប់​ពាណិជ្ជកម្ម​របស់​តំបន់​នេះ​។ ហើ​ត​នេះ​ក៏​កើតឡើង​ស្រប​ពេលដែល​លទ្ធផល​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​នៅ​អាមេរិក បង្កើតជា​សំណួរ​ចំពោះ​ការ​ឲ្យ​តម្លៃ​របស់​ក្រុង​វ៉ាស៊ីនតោន​មកលើ​តំបន់​នេះ​៕ 

Tag:
 ជំនួប​កំពូល​អាស៊ាន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com