COVID-19
ជាតិ
អ្នកស្រី ឱ វណ្ណឌី​ន រំលឹក​អ្នកកាសែត​ឲ្យ​ប្រុងប្រយ័ត្ន​ពេល​ប្រើ​ក្បាល​មេក្រូ​សម្ភាស​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩
13, Nov 2020 , 8:59 am        
រូបភាព
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បាន​ផ្ញើ​សារ​ជាពិសេស​មួយ​សម្រាប់​អ្នកសារព័ត៌មាន ជុំវិញ​វិធានការ​ការពារ​ពី​ការឆ្លង​កូ​វីដ​-១៩ និង​ជំងឺឆ្លង​មួយចំនួនទៀត​។ អ្វីៗ​ទាំងអស់ មិន​ខុសពី​វិធានការ​ទូទៅ​នោះឡើយ ប៉ុន្តែ​ចំណុច​ដ៏​សំខាន់​សម្រាប់​ក្រុម​អ្នកសារព័ត៌មាន គឺ​ការប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ក្បាល​មេក្រូ នៅពេល​ដាក់​ឲ្យ​បុគ្គល​ណា​ម្នាក់​និយាយ​។​

 
«​ប្រុងប្រយ័ត្ន​ការប្រើ​ក្បាល​មេក្រូ  មុនពេល​ដាក់​ក្បាល​មេក្រូ​ឱ្យ​បុគ្គល​ម្នាក់​និយាយ  ត្រូវ​សម្អាត​ជាមុន​ដោយ​ប្រើ​អាល់កុល  ឬ​ទឹក​សម្លាប់​មេរោគ  ពេល​ចប់  ត្រូវ​សម្អាត​ម្តងទៀត​»​។ នេះ​ជាការ​រំលឹក​របស់​លោកស្រី ឱ វណ្ណឌី​ន ទៅកាន់​អ្នកសារព័ត៌មាន ហើយ​លោកស្រី​ស្នើ​ឲ្យ​ចៀសវាង​ការ​ទាញ​ក្បាល​មេក្រូ ដាក់​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ឬ​ទាញ​យកទៅ​និយាយ​ខ្លួនឯង​ផ្ទាល់ ដោយ​មិនបាន​ជូត​សម្អាត​ដោយ​ប្រើ​អាល់កុល  ឬ​ទឹក​សម្លាប់​មេរោគ​។​
 
​ក្រៅពីនេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានស្នើ​ឲ្យ​អ្នកកាសែត​ពាក់​ម៉ាស​ជាប្រចាំ​រាល់ពេល​យក​ព័ត៌មាន ឧស្សាហ៍​លាងដៃ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ក្នុង​ចម្ងាយ​យ៉ាងតិច​មួយ​ម៉ៃ​ត្រ​កន្លះ​ឡើង និង​មិនត្រូវ​ប្រជ្រៀត​គ្នា​នៅក្នុង​ស្ថានភាព​យក​ព័ត៌មាន​ដែល​ចង្អៀត​កកកុញ  ទោះជា​នៅ​កន្លែង​ណាក៏ដោយ​។ 
 
​លោកស្រី ឱ វណ្ណឌី​ន ដែលជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ផងដែរ​នោះ បាន​សរសេរ​បន្ថែមថា​៖ «​បុគ្គល​ដែលមាន​បញ្ហា​សុខភាព  ឬ​មិនសូវ​ស្រួលខ្លួន  ត្រូវ​សម្រាក​នៅ​ផ្ទៈ អាចធ្វើ​ការ​ពី​ផ្ទៈ​បាន  ប្រសិនបើ​នៅ​អាចធ្វើ​ការ​បាន មិនត្រូវ​ចេញ​ដើរ​ទៅយក​ព័ត៌មាន​នោៈ​ឡើយ  ហើយ​ស្វែងរក​ការ​ពិ​គ្រោៈ​ពិនិត្យ​ព្យាបាល នៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​លោកអ្នក ឬ​ហៅ​ទៅ​លេខ ១១៥»​។​
 
​សម្រាប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ហុង​គ្រី អ្នកសារព័ត៌មាន​ខ្មែរ​ជាច្រើន ស្ថិតក្នុង​ចំណោម​អ្នក​ប៉ះពាល់​ផ្ទាល់ និង​មិនផ្ទាល់ ហើយក៏​ត្រូវ​បានដាក់​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក ដើម្បី​តេស្តរ​កកូ​វីដ​-១៩ ជា​បន្តបន្ទាប់​ផងដែរ​។ ក្នុងចំណោម​អ្នក​ឆ្លង​៤​នាក់​ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា មិនមាន​សមាជិក​សារព័ត៌មាន​ឡើយ​។​
 
​កន្លងមក វិទ្យាស្ថាន​ក្លិប​អ្នកសារព័ត៌មាន National Press Club Journalism Institute ដែលមាន​មូលដ្ឋាន​នៅក្នុង​វ៉ាស៊ីនតោន បាន​សាកសួរ​ទៅ​មេដឹកនាំ​សារព័ត៌​មាននៅ​ប្រទេស​ចំនួន​១៧​ដែល​ឆ្លង​កូ​វីដ​-១៩ ច្រើនជាងគេ​លើ​ពិភពលោក ប៉ុន្តែ​មិន​ទទួលបាន​របាយការណ៍​លម្អិត​ឡើយ​។ 
 
​តាម​ទិន្នន័យ​មួយ​របស់ Poynter កាលពី​ខែកញ្ញា អ្នកកាសែត​យ៉ាងហោចណាស់​៣០​នាក់ បាន​ស្លាប់​ដោយសារ​កូ​វីដ​-១៩ ដោយ​ភាគច្រើន​នៅ​ឥណ្ឌា សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដែល​រាលដាល​ខ្លាំង​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com