ជាតិ
សង្គមជាតិ
លោក ប្រាក់ សុខុន លើក​គុណសម្បត្តិ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ធ្លាប់មាន​លើ​កម្ពុជា​
12, Nov 2020 , 6:19 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន និង លោក Péter Szijjártó  នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីក្រសួងការបរទេស
ជំនួបរវាងលោក ប្រាក់ សុខុន និង លោក Péter Szijjártó នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីក្រសួងការបរទេស
​ស្របពេល​សារព័ត៌​មាននៅ​កម្ពុជា ចុះផ្សាយ​ជា​បន្ត​បន្ទាប់ពី​ព្រឹត្តិការណ៍​៣​វិច្ឆិកា ពាន់​ព័ន្ធ​នឹង​លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ផ្ទុក​កូ​វីដ​-១៩ ដោយ​រួមទាំង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម នាំគ្នា​ចែករំលែក​ជា​ហូរ​ហែប​ផង​នោះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​បរទេស​កម្ពុជា បាន​រំលេច​សារ​មួយ ក្នុងន័យ​លើក​ពី​ចំណុច​ល្អ​ខ្លះៗ​របស់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ធ្លាប់មាន​លើ​កម្ពុជា​។​

 
​តាមរយៈ​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន នា​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក លោក ប្រាក់ សុខុន ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​ពញ្ញាក់​ស្មារតី​មហាជន​ថា គេ មិនត្រូវ​ភ្លេច​ឡើយ ដែល​លោក Szijjártó ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេសមួយ​ជា​សមាជិក​សហភាព​អឺរ៉ុប តែង​ហ៊ាន​ចេញមុខ​ការពារ​យុត្តិធម៌​ចំពោះ​កម្ពុជា​។ ប្រមុខ​ការទូត​កម្ពុជា​រូបនេះ អះអាងថា​ដូច្នេះ​ថា​៖«​គាត់ គឺជា​អ្នក​ក្រោក​ឡើង បន្លឺសំឡេង​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។ គាត់ គឺជា​អ្នក​តវ៉ា​ប្រឆាំងនឹង​ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​ក្រោម​ក្របខ័ណ្ឌ EBA ២០​ភាគរយ​ពី​កម្ពុជា​»​។​
 
ទម្រាំ​តែ​ព្យួរ​២០​ភាគរយ​នៃ EBA សហភាព​អឺរ៉ុប បាន​ចំណាយពេល​១​ឆ្នាំ ក្នុងការ​សិក្សា ការ​ស្វែង​ភស្តុតាង និង ការពិភាក្សា​ជាមួយ​កម្ពុជា​។ ការព្យួរ​២០​ភាគរយ​នៃ EBA មានន័យថា កម្ពុជា ត្រូវ​បង់​ព័ន្ធ​លើ​មុខទំនិញ​ប្រមាណ​២០​ភាគរយ ពេល​នាំ​ចូលទៅ​អឺរ៉ុប​។ កាលពី​កម្ពុជា នៅមាន EBA ១០០​ភាគរយ កម្ពុជា អាច​នាំ​គ្រប់​មុខទំនិញ​ទៅ​អឺរ៉ុប ដោយ​មិន​បង់ពន្ធ លើកលែងតែ​អាវុធ​។ 
 
​ជាមួយគ្នានេះ លោក ប្រាក់ សុខុន យល់ថា ព្រឹត្តិការណ៍​៣​វិច្ឆិកា មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ហុង​គ្រី នៅ​កម្ពុជា​ឡើយ​។ ប្រមុខ​ការទូត​កម្ពុជា សរសេរ​ដូច្នេះ​ថា​៖«​ឧប្បត្តិហេតុ​នៃ​ការចម្លង​ជំងឺ​កូ​វីដ​-១៩​នេះ មិនអាច​ធ្វើ​ឲ្យ​ប៉ះពាល់ សាបរលាប​បំណងល្អ ថ្លៃថ្នូរ ដិត​ដាន​ដោយ​មិត្តភាព​ជ្រាលជ្រៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Szijjártó ដែល​បាន​នាំមក​នូវ​ផលចំណេញ​ដល់​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​នោះទេ​»​។​
   
​ប្រមុខ​ការទូត​កម្ពុជា បាន​ឲ្យ​ដឹងថា លោក បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រមុខ​ការទូត​ហុង​គ្រី ហើយ​ប្រមុខ​ការទូត​ហុង​គ្រី បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង និង​សុំ​ផ្ញើ​ការ​សុំទោស​របស់លោក​ចំពោះ​ការលំបាក [​របស់​កម្ពុជា​] ដែល​បង្កឡើង​ដោយ​រូបលោក​។ ក្នុង​សារ​លើ​បណ្តាញ​សង្គម ប្រមុខ​ការទូត​កម្ពុជា បាន​ជូនពរ​ប្រមុខ​ការ​ទ​ទូត​ហុង​គ្រី ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា រួមទាំង​មន្ត្រី​កម្ពុជា​៣​នាក់​ផង ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។ 
 
​លោក បានផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ថា លោក និង​ក្រុមគ្រួសារ​របស់លោក បានធ្វើ​តេស្ត​២​ដង​ហើយ ដោយ​លទ្ធផល គឺ​អវិជ្ជមាន​ពី​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។ លោក បន្តថា លោក​និង​ក្រុមគ្រួសារ មាន​សុខភាព​ល្អជា​ធម្មតា​។​
 
​លោក ប្រាក់ សុខុន ជា​រដ្ឋមន្ត្រី​ម្នាក់ ក្នុងចំណោម​រដ្ឋមន្ត្រី​កម្ពុជា​ផ្សេងទៀត ដែល​បាន​ជួប​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​។ ក្រៅពី​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ផ្សេងទៀត រួមមាន រដ្ឋមន្ត្រី​កសិកម្ម រដ្ឋមន្ត្រី​ធនធានទឹក និង រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ជាដើម ដោយ​រួមទាំង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង ដែល​បាន​ជួប​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី សុទ្ធតែ​ឆ្លងកាត់​ការធ្វើ​តេស្ត​និង​កំពុងស្ថិត​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​។  
 
​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ក្រោយ​ចេញពី​កម្ពុជា ទៅដល់​ថៃ ដើម្បី​បន្ត​បេសកម្ម​ការទូត ក៏មាន​ព័ត៌មាន​ផ្សាយ​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ថា រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ផ្ទុក​កូ​វីដ​-១៩​។​

បើតាម​ក្រសួងការបរទេស​កម្ពុជា លោក Péter Szijjártó និង​សមាជិក​គណៈប្រតិភូ​ទាំងអស់​របស់លោក បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​មាន​វិញ្ញាណ​បន​ប​ត្រ​សុខភាព ដែល​បញ្ជាក់​ពី​ការ​គ្មាន​ជំងឺ​កូ​វីដ​-១៩ មុនពេល​ចេញដំណើរ​ម​ក​កម្ពុជា​។ ដូច្នេះ គេ មិនទាន់​អាច​ដឹង​ជាក់លាក់​ឡើយ​ថា លោក Péter Szijjártó ឆ្លង​កូ​វីដ​-១៩ តាំងពី​ពេលណា និង​នៅទីណា​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​នៅ​កម្ពុជា ហើយ​ត្រូវ​រកឃើញ​ជំងឺ​កូ​វីដ​-១៩ ពេលទៅដល់​ថៃ ថា​ជា​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​»​។ ការហៅ​ព្រឹត្តិការណ៍​៣​វិច្ឆិកា ជំនួស​ឲ្យ​ការប្រើ​ពាក្យចំៗ​ពី​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី មក​កម្ពុជា​ទាំង​មិនដឹងថា​ខ្លួន​គាត់​ផ្ទុក​កូ​វីដ​-១៩ ក៏​ព្រោះតែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ហុង​គ្រី​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ មនុស្ស​ជិត​២,៥​ពាន់​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា បាន​ឆ្លងកាត់​ការធ្វើ​តេស្ត ដោយ​លទ្ធផល​បង្ហាញ ពួកគេ ពុំបាន​ឆ្លង​ជំងឺ​គូ​វីដ​-១៩​ឡើយ តែ​ពួកគេ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​។ លើកលែងតែ​មនុស្ស​៤​នាក់ ដែល​ត្រូវ​រកឃើញថា​មាន​ជំងឺ​កូ​វីដ​-១៩ គឺ​អង្គរក្ស​ខ្មែរ​ម្នាក់ ដែល​ចូលរួម​ការពារ​សុវត្ថិភាព​របស់​គណៈប្រតិភូ​ហុង​គ្រី ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា តំណាងរាស្ត្រ​ម្នាក់ មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួងកសិកម្ម និង ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា​។ 
 
​ក្រសួងសុខាភិបាល បន្ត​ស្វែងរក​មនុស្ស​ផ្សេងទៀត ដែល​សង្ស័យថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា ដើម្បី​យកទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​៕
 
 

Tag:
 COVID-19
  កម្ពុជា​-​ហុង​គ្រី​
  ប្រាក់ សុខុន​
  Péter Szijjártó
© រក្សាសិទ្ធិដោយ thmeythmey.com