កីឡាអន្តរជាតិ
អន្តរជាតិ
ស្កុ​តឡែ​ន បាន​កៅអី​ទៅ Euro 2020 លើកដំបូង​ក្នុងពេល​២៤​ឆ្នាំ ឯ​ម៉ា​សេ​ដ្វា​ន​បង្ហាញមុខ​លើក​ទី​១
13, Nov 2020 , 11:04 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស្កុ​តឡែ​ន​បាន​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2020 ជា​លើកដំបូង​ក្នុង​រយៈពេល ២៤ ឆ្នាំ តាមរយៈ​ការ​ឈ្នះ​ស៊ែ​ប៊ី​ដោយ​ការ​ស៊ុត​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ៥-៤ ក្នុងការ​ប្រកួត​វគ្គ play-off​។ ម៉ា​សេ​ដ្វា​ន​ខាងជើង ក៏​ទទួលបាន​កៅអី​ទៅកាន់​ព្រឹត្តិការណ៍​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប​នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផងដែរ ក្រោយ​ឈ្នះ​ហ្ស​ក​ហ្ស៊ី ១-០​។​



​ក្រោយ​ការប្រកួត​បញ្ចប់​៩០​នាទី​ក្នុង​លទ្ធផល ១-១ រវាង​ម្ចាស់ផ្ទះ​ស៊ែ​ប៊ី​និង​ស្កុ​តឡែ​ន​ក្នុងការ​ប្រកួត play-off លើកចុងក្រោយ​ពូ​ល C នៅ​រាត្រី​ថ្ងៃទី​១២ ខែវិច្ឆិកា ក្រុម​ទាំងពីរ​តម្រូវ​ឲ្យ​ទាត់​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​។ ស្កុ​តឡែ​ន​បានទទួល​ជ័យជម្នះ​លើ​ការ​ទាត់​នេះ ស្របពេល​អ្នកចាំទី David Marshall ក្លាយជា​វីរបុរស​ដោយ​សង្គ្រោះ​ពី​ការ​ស៊ុត​លើក​ទី​៥​របស់​ខ្សែប្រយុទ្ធ​ស៊ែ​ប៊ី Aleksandar Mitrovic ដោយ​បញ្ចប់​ទៅក្នុង​លទ្ធផល ៥-៤​។​
 
​នេះ​ជាការ​បង្ហាញខ្លួន​លើកដំបូង​របស់​ស្កុ​តឡែ​ន​សម្រាប់​ពាន​ប្រចាំ​ទ្វីបអឺរ៉ុប​នៅ​ឆ្នាំ​២០២០ ខណៈ​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Steve Clarke បង្ហាញមុខ​លើកចុងក្រោយ​នៅ​ឆ្នាំ​១៩៩៦​។​
  


​ស្កុ​តឡែ​ន នឹងត្រូវ​ប៉ះ​អង់គ្លេស ក្រូ​អាស៊ី និង​ឆែក ក្នុង​ពូ​ល D ក្នុងការ​ប្រកួត Euro 2020 ដែល​ត្រូវ​ពន្យារពេល​ទៅ​ឆ្នាំ​២០២១​។​
 
​ចំណែក​ក្រុម​ជម្រើសជាតិ​ម៉ា​សេ​ដ្វា​ន​ខាងជើង តាមរយៈ​ជ័យជម្នះ ១-០ លើ​ក្រុម​ហ្ស​ក​ហ្ស៊ី​ក្នុង​ប្រកួត​ចុងក្រោយ​ពូ​ល D ក៏​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​អឺរ៉ុប​នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផងដែរ​។ ក្រុម​ដែលមាន​ចំណាត់ថ្នាក់​ទី​៦៥​ពិភពលោក នឹងត្រូវ​ចូលរួម​ក្នុង​ពូ​ល C ដោយ​ជួប​ហូ​ឡង់ អ៊ុយ​ក្រែ​ន និង​អូទ្រីស​។​
 
​សម្រាប់​ក្រុម​ជម្រើសជាតិ​ចំនួន​ពីរ​ទៀត​ដែល​ដែល​ឈ្នះ​ក្នុង​ការប្រកួត play-off រួមមាន ហុង​គ្រី និង​ស្លូ​វ៉ា​គី​។ ហុង​គ្រី​បាន​យកឈ្នះ​អៀរ​ឡង់​ក្នុង​លទ្ធផល ២-១ ក្នុងការ​ប្រកួត​ចុងក្រោយ​ពូ​ល A ឯ ស្លូ​វ៉ា​គី ឈ្នះ​អៀរ​ឡង់​ខាងជើង ២-១ ពូ​ល B​។ 
 
​ហុង​គ្រី ត្រូវ​តតាំង​ជាមួយ ម្ចាស់​ការពារ​ជើងឯក​ព័រ​ទុយ​ហ្គា​ល់ បារាំង និង​អាល្លឺម៉ង់ ក្នុង​ពូ​ល F​។ ស្លូ​វ៉ា​គី​ស្ថិតក្នុង​ពូ​ល E ជួប​អេ​ស្ប៉ា​ញ ស៊ុយអែត និង​ប៉ូឡូញ​។ ការប្រកួត Euro 2020 នឹង​ចាប់ផ្តើម​ការប្រកួត​នៅ​ថ្ងៃទី​១១ ខែមិថុនា ដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១៕

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com