អន្តរជាតិ
លទ្ធផល​ផ្លូវការ​៖ បក្ស​លោកស្រី ស៊ូ​ជី មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​៥​ឆ្នាំ​ទៀត​
13, Nov 2020 , 5:08 pm        
រូបភាព
អ្នកគាំទ្រលើករូបថតរបស់លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ AFP
អ្នកគាំទ្រលើករូបថតរបស់លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ AFP
ដោយ:
​គណបក្សកាន់អំណាច​មី​យ៉ាន់​ម៉ា ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទទួលបាន​អាសនៈ​គ្រប់គ្រាន់​ក្នុង​រដ្ឋសភា​មី​យ៉ាន់​មា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី និង​ដឹកនាំ​ប្រទេស​៥​ឆ្នាំ​ទៀត​។ នេះ​បើ​យោងតាម​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការដែល​ប្រកាស​នៅ​ថ្ងៃទី​១៣ វិច្ឆិកា​។​

 
​លទ្ធផល​បោះឆ្នោត​សភា​មី​យ៉ាន់​មា​នា​ថ្ងៃទី​៨ វិច្ឆិកា បាន​បង្ហាញថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​(NLD)​របស់លោក​ស្រី​ស៊ូ​ជី​ទទួលបាន​អាសនៈ​ចំនួន​៣៤៦ ក្នុងចំណោម​អាសនៈ​ចំនួន​៤១២ ដែល​ត្រូវបាន​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​។ អាសនៈ​សភា​ចំនួន​៦៤​ទៀត មិនទាន់​លទ្ធផល​នៅឡើយ ប៉ុន្តែ​បក្ស NLD ទំនង​ទទួលបាន​អាសនៈ​លើសពី​៣៩៩ ក្រោយ​ការរាប់​សន្លឹកឆ្នោត​ចប់សព្វគ្រប់​។​
 
​សភា​ទាំង​២​ថ្នាក់​របស់​មី​យ៉ាម៉ា មាន​អាសនៈ​សរុប​៦៤២ ប៉ុន្តែ​២៥​ភាគរយ បម្រុង​ទុក​ឲ្យ​ក្រុម​យោធា​។ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២០ បក្សនយោបាយ​ត្រូវការ​អាសនៈ​ចាប់ពី​៣២២​ឡើងទៅ ដើម្បី​អាចបង្កើត​រដ្ឋាភិបាល​បាន​។​
 
​បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព (USDP) ដែលជា​បក្សប្រឆាំង​ដ៏​ធំជាងគេ និង​គាំទ្រ​ដោយ​យោធា បានទទួល​បានត្រឹមតែ​២៤​អាសនៈ​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​លទ្ធផល​ផ្លូវការ​ខាងលើ​។ បក្ស​USDP កាលពី​ថ្ងៃ​១១ វិច្ឆិកា បាន​ជំទាស់​ទៅនឹង​លទ្ធផល​នៃ​ការបោះឆ្នោត និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​សារជាថ្មី ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​មួយ​ដែល​សេរី យុត្តិធម៌ មិន​លម្អៀង និង​មានការ​ឃោសនា​ដោយ​ស្មើភាព​គ្នា​។​
 
​ផ្ទុយទៅវិញ អ្នកសង្កេតការណ៍​បោះឆ្នោតជាតិ និង​អន្តរជាតិ​អះអាងថា ភាពមិនប្រក្រតី​អំឡុងពេល​បោះឆ្នោត​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ ចំណែកឯ​ក្រុម​យោធា ក៏​អះអាង​ផងដែរ​ថា ការបោះឆ្នោត​នេះ​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​បើ​ធៀប​ទៅនឹង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៥ បក្ស​របស់លោក​ស្រី​ស៊ូ​ជី​ទទួលបាន​សំឡេងគាំទ្រ​ច្រើន ដែល​កាលនោះ​បក្ស NLD ឈ្នះ​អាសនៈ​៣៩០​។ បើទោះបីជា​បក្ស​លោកស្រី​អាចបង្កើត​រដ្ឋាភិបាល​ក៏ពិតមែន តែ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ធ្វើការ​ជាមួយ​ក្រុម​យោធា​ដែល​កាន់កាប់​យោធា គ្រប់គ្រង សន្តិសុខ និង​កិច្ចការ​ព្រំដែន​។​
 
​បន្ថែម​ពីនេះ ក្នុងប្រទេស​ដែល​សម្បូរ​ទៅដោយ​ក្រុម​ជនជាតិ​ជាច្រើន បក្ស NLD ក៏បាន​អំពាវនាវ​ដល់​បក្សនយោបាយ​តូចៗ​ចំនួន​៤៨​ផ្សេងទៀត ឲ្យ​ចូលរួម​ក្នុង​ការកសាង​សង្គម​មី​យ៉ាន់​ម៉ា​ដែលមាន​លក្ខណៈ​ប្រជាធិបតេយ្យ​។ លោក Myo Nyunt អ្នកនាំពាក្យ​បក្ស NLD អះអាងថា នឹងធ្វើ​ការ​ជាមួយ​បក្ស​ទាំងនោះ​លើ​កិច្ចការ​ជនជាតិភាគតិច និង​បញ្ចប់​សង្គ្រាមស៊ីវិល​។ លោក​បន្តថា បក្ស​កាន់អំណាច​នឹង​បន្ត​បើកទ្វារ​ទទួលយក​បក្ស​នយោបាយ​ជនជាតិភាគតិច​តូចៗ ដែលមាន​គោលបំណង​នយោបាយ​ដូចគ្នា​៕
 

Tag:
 មី​យ៉ាន់​ម៉ា​
  NLD
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com